អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោកហ៊ុន សែន៖ ទេសចរណ៍កម្ពុជា ដែលកំពុងរើបឡើង អាចត្រូវបំផ្លាញដោយបញ្ហាថ្មីបន្ថែម

បន្ទាប់ពីបានធូរស្រាល​បន្តិចពីវិបត្តិកូវីដ១៩ វិស័យ​ទេសចរណ៍ក្នុងប្រទេសកម្ពុជា បានជួបភាពល្អប្រសើរ ដោយអាចទាក់ទាញបាន​ទេសចរទាំងអន្តរជាតិ និងផ្ទៃក្នុងឡើងវិញជាបណ្តើរៗប៉ុន្តែ​ដោយសារវិបត្តិថ្មីចេះតែកើតមាន ដូចជា​ការឡើងថ្លៃតម្លៃប្រេងសាំងទូទាំងពិភពលោក បូក​រួមនឹងការ​អនុវត្ត​នយោបាយ សូន្យកូវីដរបស់ចិនផង បាននិងកំពុងតែធ្វើឱ្យ​វិស័យ​ទេសចរណ៍កម្ពុជា ប្រឈមនឹង​ហានិភ័យ​ទៅវិញ ស្របពេលដែលកម្ពុជាព្យាយម​ផ្សព្វផ្សាយ​ទេសចរណ៍កីឡា ពេលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ខាងមុខ។​ នេះគឺជាការលើកឡើងរបស់លោក​នាយករដ្ឋមន្ត្រីហ៊ុន​ សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍កម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ។ 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍កម្ពុជា
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលធ្វើឡើង​ក្នុងសណ្ឋាគារ នៅទីក្រុងភ្នំពេញ នាថ្ងៃព្រឹក​ថ្ងៃទី ១៤ខែកក្កដានេះ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​សម្តែងក្តីបារម្ភពីការបំផ្លាញវិស័យ​ទេសចរណ៍កម្ពុជា ដោយសារតែវិបត្តិសកល​ដែល​ផុតពីមួយចូលមួយមិនចប់នេះ។

សង្គ្រាម​រុស្ស៊ីឈ្លានពានអ៊ុយក្រែន និងការ​ដាក់ទណ្ឌកម្ម​ ធ្វើឱ្យ​មាន​ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ ហើយបើ​តម្លៃប្រេងឥន្ធនៈនៅតែ​ខ្ពស់ បូករួម​នឹងវិធានាការសូន្យកូវីដរបស់ចិនផងនោះ វានឹងធ្វើឱ្យ​តម្លៃសំបុត្រយន្តហោះកាន់តែឡើងថ្លៃគុណនឹង២ ដែលជាក់​ច្បាស់ ធ្វើឱ្យរំខានជាខ្លាំងដល់វិស័យ​ទេសចរណ៍កម្ពុជា ស្របពេល​ដែលកម្ពុជា មានគម្រោងទាញយក​ប្រយោជន៍ច្រើនពីការធ្វើជាម្ចាស់ផ្ទះ​រៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម ឆ្នាំ ២០២៣ខាងមុខ។

តាម​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ហា​របស់​ចិន គឺពិតជាធ្វើឱ្យ​ប៉ះពាល់​មិន​ត្រឹមតែកម្ពុជាទេ តែក៏ប៉ះពាល់​ដល់ប្រទេសជាច្រើនដូចគ្នា ព្រោះថា​ទេសចរមកពីចិន គឺមានច្រើនជាងគេ។ ប៉ុន្តែលោក​នាយករដ្ឋមន្ត្រី ក៏ឯកភាពជាមួយ​នឹងវិធានការ​ការពារសុខុមាលភាពរបស់ប្រជាជន​ចិន។

ប្រឈមនឹង​បញ្ហាទាំងនេះ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់​ចេញជាអនុសាសន៍ ៧ចំនុច ដើម្បីពង្រឹងវិស័យ​ទេសចរណ៍កម្ពុជា ដូចជាការ​បន្តតាមដាន និងវិភាគស្ថានភាពវិស័យទេសចរណ៍កម្ពុជា តំបន់ និងសកលលោក​។ បន្ត​អនុវត្តកម្មវិធីគាំពារអាជីវកម្ម​ទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន។ បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារ ទេសចរណ៍ជាតិ និងអន្តរជាតិ។ ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី។ បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្រោមស្មារតីនៃយុទ្ធនាការ «ទស្សនាស្រុកយើង៖ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។ ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ហើយ​ក្នុងនោះ ស្របពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ លោក​ហ៊ុន សែន បាន​ ដាក់ចេញជាយុទ្ធនាការ «ទស្សនាកម្ពុជាឆ្នាំ ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

គួរជម្រាបជូនថា កម្ពុជា ជាប្រទេសដំបូង ក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា។ កាលពីខែមីនា ឆ្នាំ២០២២ កម្ពុជា ក៏សម្រេចបើកការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ ព្រមទាំងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផល PCR តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ ដោយគ្រាន់តែបង្ហាញបណ្ណ ឬ ព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ