អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អ្នកវិភាគ៖ អាស៊ានបង្ខំចិត្តញែកផ្លូវដើរដ្បិតកត្តាផលប្រយោជន៍ក្នុងរបត់ប្រកួតប្រជែងអំណាចរវាងចិននិងអាមេរិក

រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចពិភាក្សាមួយ ដោយផ្តោតទៅលើប្រធានបទ «អាស៊ាននៅចន្លោះចិននិងសហរដ្ឋអាមេរិកក្នុងបរិបទថ្មី»។ អ្វីដែលវាគ្មិនទាំងអស់លើកឡើង គឺអាស៊ានកំពុងស្ថិតក្នុងបញ្ហាប្រទាញប្រទង់ថ្មី ក្នុងរបត់នៃការប្រកួតប្រជែងអំណាចរវាងចិននិងអាមេរិក។ 

ទង់ជាតិអាស៊ានទាំង១១
ទង់ជាតិអាស៊ានទាំង១១ © Internet
ផ្សាយពាណិជ្ជកម្ម

បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនយោបាយផ្ទៃក្នុងភូមា និងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន គឺជាចំណុចប្រទាញប្រទង់អាស៊ាន ឲ្យមានការខណ្ឌចែកគ្នាក្នុងចន្លោះនៃមហាអំណាចចិន និងអាមេរិក នាពេលបច្ចុប្បន្ន។ នេះបើតាមការកត់សម្គាល់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

បើតាមលោកបណ្ឌិត គិន ភា ការប្រកួតប្រជែងរវាងចិននិងអាមេរិកក្នុងតំបន់អាស៊ាន នឹងនាំឲ្យមានគ្រោះថ្នាក់ដល់បណ្តាប្រទេសជារដ្ឋសមាជិកអាស៊ាន ប្រសិនបើរដ្ឋទាំងនោះបែកបាក់សមគ្គីភាព។ លោកថា អាស៊ានមិនមែនហេតុផលអ្វីដែលជ្រើសយកមហាអំណាចណាមួយ រួចបោះបង់ចោលមហាអំណាចណាមួយផ្សេងនោះទេ។ នេះក៏ព្រោះតែរដ្ឋជាសមាជិកអាស៊ានទាំងអស់ សុទ្ធតែត្រូវការផលប្រយោជន៍ពីចិន និងអាមេរិក ទៅលើកត្តាសេដ្ឋកិច្ច យុទ្ធសាស្រ្ត សន្តិសុខ និងពាណិជ្ជកម្ម។

យ៉ាងណាមិញ លោកបណ្ឌិត មាស នី អ្នកវិភាគនិងតាមដានការអភិវឌ្ឍសង្គម យល់ថា អាស៊ានកំពុងចែកផ្លូវគ្នារស់រៀងខ្លួន បើទោះបីជាអាស៊ានមានគោលនយោបាយគោលជំហររួម។ អាស៊ានចែកផ្លូវគ្នារស់ ដែលលោកបណ្ឌិត មាស នី យល់ថា មកពីកត្តាប្រទេសមហាអំណាច ហើយបញ្ហានេះនឹងប្រទាញប្រទង់គ្នាជាបន្តទៀត។ ដោយឡែកសម្រាប់កម្ពុជាផ្ទាល់ លោកបណ្ឌិត មាស នី លើកឡើងថា កម្ពុជាកំពុងហាក់ផ្អៀងទៅផ្នែកខាងទៀតនៃមហាអំណាចទាំងពីរ គឺងាកទៅរកចិនកាន់ច្រើន។

តាមលោកបណ្ឌិត មាស នី ក្រៅតែពីការបែកបាក់នៃអាស៊ាននោះ លោកដាក់ជាសំណួរវិញថា តើអាស៊ានអាចរក្សាសមគ្គីភាពឬយ៉ាងណា ក្នុងកាលៈទេសៈពិភពលោកបាត់បង់សណ្តាប់ធ្នាប់។ តើអាស៊ាននិងកម្ពុជា អាចបានប្រយោជន៍ និងបាត់បង់អ្វីខ្លះ ដោយសារគោលនយោបាយការបរទេសជាមួយនឹងការប្រកួតប្រជែងរវាងចិន និងអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ