អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន ស្នើបង់ក្លាដែសវិនិយោគម៉ាស៊ីនកិនស្រូវនិងធ្វើកសិកម្មបែបកិច្ចសន្យាជាមួយកសិករខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យបង់ក្លាដែសវិនិយោគលើវិស័យស្រូវអង្ករកម្ពុជា ខណៈដែលបង់ក្លាដែសកំពុងស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម អំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងអាហារឡើងថ្លៃ។ សំណើររបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងលោកជាមួយលោក A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសនាថ្ងៃសុក្រនេះ ខណៈលោក Momen កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបពិភាក្សាមួយរវាងលោកជាមួយលោក A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបពិភាក្សាមួយរវាងលោកជាមួយលោក A.K. Abdul Momen រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស © FB/SMP
ផ្សាយពាណិជ្ជកម្ម

ក្រៅពីរាយការណ៍ជូនគ្នាទៅវិញទៅមកពីស្ថានភាពរវាងកម្ពុជានិងបង់ក្លាដែស និងការលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក(A.K. Abdul Momen) នាព្រឹកថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យលោក Abdul Momen ជួយជម្រុញឲ្យអ្នកជំនួញបង់កា្លដែសវិនិយោគផ្នែកម៉ាស៊ីនកិនស្រូវនៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាអ្នកវិនិយោគបង់ក្លាដែសអាចទិញស្រូវផ្ទាល់ពីកសិករ ហើយស្តុកទុកសម្រាប់កិននាំចេញទៅកាន់ប្រទេសបង់ក្លាដែស ឬអាចសហការជាមួយកសិករខ្មែរ ធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន។ ការស្នើឡើងពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ គឺស្របនឹងគោលបំណងរបស់លោក A.K. Abdul Momen ដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀងនៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

លោក ថេង សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជាបានស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ភាគីបង់ក្លាដែស។ លោកថា បើសំណើរនេះត្រូវបានអនុវត្តមែន នោះនឹងមានប្រយោជន៍ដល់កសិករខ្មែរ ខណៈដែលកសិករបច្ចុប្បន្នមានទីផ្សារលក់ស្រូវរបស់ខ្លួនតែជាមួយប្រទេសជិតខាង។ តាមការឲ្យដឹងពីក្រសួងកសិកម្ម ​នៅឆមាសទី១ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបាននាំអង្ករចេញសរុបជាង ៣២ម៉ឺនតោន កើនឡើង១៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានត្រឹមជាង ២៨ម៉ឺនតោនប៉ុណ្ណោះ។ ដោយឡែក ការនាំចេញអង្ករទៅចិនមានចំនួនជាង១៦ម៉ឺនតោន កើនឡើង ១៧%។

សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែសមានតិចតួចបំផុត គឺប្រមាណតែ ៦លានដុល្លារកាលពីឆ្នាំ ២០១៥ កន្លងទៅ។ ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសទាំងពីបានសន្យាកន្លងមកថានឹងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-បង់ក្លាដែសឲ្យដល់១០០លានដុល្លារនៅឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ