អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អង្គការសង្គមស៊ីវិលថា អាជ្ញាធរនៅខ្វះឆន្ទះដើម្បីបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ

សហគមន៍ជនជាតិដើមភាគតិច​កួយ​បានអះអាងថា​ បទល្មើស​ព្រៃឈើនៅ​ក្នុង​ដែន​ជម្រកសត្វ​ព្រៃព្រះរការកំពុងបន្តកើនឡើងជារៀងថ្ងៃនេះ ខណៈក្នុងរយៈពេល៣ថ្ងៃ សហគមន៍បានរកឃើញបទល្មើសព្រៃឈើចំនួន២៦០ករណី និងបន្ទះក្តារចំនួន៣៦៧សន្លឹក។ បើតាម សហគមន៍ជនជាតិដើមភាគតិចកួយ ការកើនឡើងនៃបទល្មើសព្រៃឈើនេះ សរបញ្ជាក់អំពីកម្សោយនៃសមត្ថភាពរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន។ ក៏ប៉ុន្តែលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានឆ្លើយតបថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ ​នៅមានបទល្មើសខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិ។ 

បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ
បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ © FB-San Mala
ផ្សាយពាណិជ្ជកម្ម

នៅមានភស្តុតាងមួយចំនួនទៀតដែល សហគមន៍ជនជាតិដើមភាគតិចកួយបានរកឃើញនៅពេលដែលពួកគេចុះល្បាត ក្នុងដែនជម្រកសត្វព្រៃព្រះរការ។ ភស្តុតាងទាំងអស់នោះមានដូចជា ដែកឆាប ចំនួន១២ដើម ប្រេងម៉ាស៊ូត និងសាំង។ ចំណែកឈើដែលសហគមន៍បានរកឃើញថា បានរងការកាប់បំផ្លាញមានមុខកាត់ចាប់ពី៣០សង់ទីម៉ែត្រ ដល់១៥០សង់ទីម៉ែត្រ ហើយភាគច្រើនជាប្រភេទឈើគគីរ ពពេល ផ្តៀក កកោះ និងឈើទាល ជាឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ។

ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក អ៊ុល វ៉ាន់ បានបញ្ជាក់ថា បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការពិតជាកំពុងកើនឡើងមែន បើទោះបីមានការចូលរួមពីប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិលក៏ដោយ។ លោក អ៊ុល វ៉ាន់យល់ថា នេះជាធ្វេសការសប្រហែសរបស់អាជ្ញាធរដែលបណ្តែតបណ្តោយឱ្យជនល្មើសបន្តមានសកម្មភាពនៅក្នុងដែនជម្រកសត្វព្រៃបែបនេះ។ លោកថា ប្រសិនបើអាជ្ញាធរមានភាពម៉ឺងម៉ាត់ក្នុងការចាប់ជនល្មើស នោះបទល្មើសព្រៃឈើនឹងមិនកើតមានទៀតនោះទេ។ 

ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី១៩ កក្តដា លោក សាន ម៉ាឡា សកម្មជនការពារបរិស្ថានមួយរូបបានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដែរថា ការកើនឡើងនូវបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃ បានឆ្លុះបញ្ចាំងឲ្យឃើញពីកម្សោយនូវសមត្ថភាព និងឆន្ទៈរបស់ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ។

ក្រោយការលើកឡើងពីអង្គការសង្គមស៊ីវិល និងសកម្មជនការពារបរិស្ថាន អ្នកនាំពាក្យក្រសួងបរិស្ថាន​ លោក នេត ភក្ត្រាបានឆ្លើយតបវិញ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិដែលក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងបន្តទប់ស្កាត់ និងបង្ក្រាបដោយអនុវត្តទាំងវិធានការច្បាប់ និងអនុវត្តវិធានការសេដ្ឋកិច្ចផង។

លោក នេត ភក្ត្រាបានបញ្ជាក់ទៀតថា ក្រសួងកំពុងអនុវត្តនូវវិធានការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានដើម្បីផ្តល់ជម្រើសថ្មី មុខរបរ និងផ្តល់ចំណូលជូន ប្រជាពលរដ្ឋនៅសហគមន៍ ដើម្បីកាត់បន្ថយសម្ពាធ លើធនធានធម្មជាតិ។

សម្រាប់ លោក នេត ភក្ត្រា ក្រសួងមិនមែនដើរនិយាយឱ្យពិរោះ ដើររាប់គល់ឈើចងក្រងរបាយការណ៍តាមរបៀបវារៈដែលបានកំណត់ដើម្បីប្តូរយកលុយជំនួយបន្តអាយុជីវិតអង្គការខ្លួនឱ្យបានរស់នៅឡើយ។

តែយ៉ាងណា​ សហគមន៍ជនជាតិដើមភាគតិចកួយ និងសមាគមបណ្តាញយុវជនកម្ពុជា ស្នើឱ្យអាជ្ញាធរបញ្ឈប់សកម្មរារាំងសិទ្ធិសេរីភាពរបស់ពួកគេក្នុងការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិរបស់កម្ពុជា។

សូមជម្រាបថា ដែនជម្រកសត្វព្រៃព្រះរការមានទំហំ ៩០៣៦១ហិកតា មានព្រំប្រទល់ជាប់ស្រុកចំនួនបីនៃខេត្តព្រះវិហារ ដែលរួមមានស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ