អានតួអត្ថបទ
កម្ពុជា-សង្គម

ណាហ្គាវើលដ៍រកចំណេញបាន ៥២លានដុល្លារក្នុងឆមាសទី១

NagaCorp Ltd ដែលជាប្រតិបត្តិកររបស់កាស៊ីណូណាហ្គាវើលដ៍ រកចំណេញបានជាង ៥២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ដែលមានផ្សាយនៅលើគេហទំព័របស់ផ្សារហ៊ុនហុងកុង កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា។

កាស៊ីណូណាហ្គាវើលដ៍
កាស៊ីណូណាហ្គាវើលដ៍ © GGRAsia
ផ្សាយពាណិជ្ជកម្ម

NagaCorp Ltd ជាប្រតិបត្តិករនៃកាស៊ីណូណាហ្គាវើលដ៍ ដែលជាកាស៊ីណូដ៏ធំផ្តាច់មុខមួយនៅក្រុងភ្នំពេញ ប្រទេសកម្ពុជា បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួន សម្រាប់រយៈពេល ៦ខែនៃឆ្នាំ២០២២នេះ ដែលមានទំហំជាទឹកប្រាក់ ៥២.៧លានដុល្លារ។ នេះគឺជាប្រាក់ចំណេញ ដែលធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលក្រុមហ៊ុនថាខាតចំនួន ៧៧.២លានដុល្លារ ក្នុងពេលវិបត្តិកូវីដ១៩។ នេះបើតាមឯកសាររបស់ក្រុមហ៊ុន ដែលផ្សាយនៅគេហទំព័រផ្សារហ៊ុនហុងកុង កាលពីថ្ងៃទី១៨ ខែកក្កដា។

ក្រុមហ៊ុនក៏បានប្រកាសពីគម្រោងបែងចែកភាគលាភទៅឲ្យវិនិយោគិន ក្នុងមួយហ៊ុន ០.៧៣ដុល្លារ ខណៈដែលក្រុមហ៊ុននេះ មិនបានបែកចែកភាគលាភទេ កាលពីឆ្នាំមុន។ នេះបើតាមចុះផ្សាយរបស់គេហទំព័រ GGRAsia ដែលជំនាញក្នុងវិស័យកាស៊ីណូក្នុងតំបន់អាស៊ី។

GGRAsia បានដកស្រង់ការបញ្ជាក់ពីក្រុមហ៊ុនកាស៊ីណូនេះថា អាជីវកម្មប្រចាំថ្ងៃជាមធ្យមរបស់ខ្លួនសម្រាប់ទីផ្សារល្បែងហ្គេមទូទៅ និងទីផ្សារល្បែងហ្គេមលំដាប់ខ្ពស់ ក្នុងខែមេសា និងខែមិថុនា បានស្ទុះងើបឡើងវិញ ដល់ ៨០.៣% និង៧១.៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលជាឆ្នាំដំណើរការល្អបំផុតរបស់ក្រុមហ៊ុននៅមុនពេលរីករាលដាលនៃជំងឺកូវីដ១៩។

ខណៈពេលដែលក្រុមហ៊ុនប្រកាសពីផលចំណេញក្នុងឆមាសទី១នៃឆ្នាំ២០២២ អតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ នៅតែបន្តទាមទារឲ្យមានដំណោះស្រាយវិវាទការងារ។ វិវាទការងារដែលជំរុញឲ្យមានការធ្វើកូដកម្មជាង ៦ខែមកហើយ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនកាស៊ីណូមួយនេះ បានយកលេសនៃវិបត្តិកូវីដ១៩ បញ្ឈប់កម្មករនិយោជិត និងរំលាយសហជីពប្រចាំក្រុមហ៊ុន។

លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លើកឡើថាណាហ្គាវើលដ៍ចំណេញតាំងពីដើមរហូតមក ទោះបីកូវីដមានការបិទខ្ទប់ក៏ដោយ ពោលគឺណាហ្គាវើលដ៍ មិនមានផលប៉ះពាល់ដោយសារកូវីដ១៩ រហូតដល់បាត់បង់ប្រាក់ចំណេញនោះទេ។

លោកស្រីបន្តថា វិវាទការងារបច្ចុប្បន្នគឺមិនពិបាកដោះស្រាយទេ ប៉ុន្តែវិវាទការងារ ដែលអូសបន្លាយគឺ ដោយសារតែមានការសហការពីរដ្ឋ ដែលចង់ឲ្យណាហ្គាវើលដ៍បញ្ឈប់ថ្នាក់ដឹកនាំសហជីព ដោយសារតែជំហរចុងក្រោយនេះ មានលិខិតអន្តរាគមន៍ពីក្រសួងឲ្យណាហ្គាវើលដ៍បង្កកវិភាគទានរបស់សហជីព។ លោកស្រីយល់ថា ក្រសួងមិនគួរលូកដៃជ្រៅដូចនេះទេ។

គិតត្រឹមថ្ងៃទី១៩ ខែកក្កដា មានអតីតបុគ្គលិកណាហ្គាវើលដ៍ សរុបចំនួន ២១៥រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ ចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងមាន ១៥៨រូប។ នេះបើតាមការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ