អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អ៊ុយក្រែនមិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងចូលរួម

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដានេះ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសាររព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី១៩ ខែកក្កដាម្សិលមិញ។ ក៏ប៉ុន្តែប្រទេសអ៊ុយក្រែនទំនងជាមិនត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំទេ ដោយសារអ៊ុយក្រែនមានការយឺតយូរក្នុងការដាក់ពាក្យស្នើសុំ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដានេះ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដានេះ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ © សហការី
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីថ្ងៃអង្គារ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានឲ្យដឹងថាស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានបញ្ជាក់ហើយថារដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ពីចុងខែកក្កដានេះ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ ជាការឆ្លើយតបក្រោយប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានដាក់លិខិតអញ្ជើញប្រមុខការទូតរុស្ស៊ីកាលពីពេលកន្លងទៅនេះ។

ដោយឡែក ប្រទេសអ៊ុយក្រែន នឹងមិនអនុញ្ញាតឲ្យចូលរួមជាភាគីមួយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ទេ ដោយសារអ៊ុយក្រែនបានដាក់ពាក្យស្នើសុំយឺតជាងគេ។ នេះបើតាមលោកប្រាក់ សុខុន។ លោកបញ្ជាក់ថាតាមរយៈការពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ បង្ហាញថា ប្រទេសអ៊ុយក្រែនអាចចូលរួមជាភាគីជាមួយអាស៊ានបាននៅឆ្នាំក្រោយ ដោយសារដំណើរការវិនិច្ឆ័យ និងវាយតម្លៃចំពោះការចូលរួមរបស់អ៊ុយក្រែនអាចរៀបចំ ឬធ្វើមិនទាន់។

ការដែលអ៊ុយក្រែនមិនបានចូលរួមជាភាគីមួយនៅក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជាពេលនេះ ត្រូវអ្នកវិភាគនានាមើលឃើញថា អ៊ុយក្រែនបានបាត់បង់ឱកាសក្នុងការថ្លែងទៅកាន់រដ្ឋនានានៅក្នុងតំបន់ក៏ដូចជាពិភពលោក ពីស្ថានភាពរបស់ខ្លួនដែលកំពុងរងនូវសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី។

សូមរំលឹកថា នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រទេសកម្ពុជាបានបោះឆ្នោតប្រឆាំងរុស្ស៊ីចំនួន២លើក ក្នុងចំណោមការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិចំនួន៣លើក ហើយ១លើកទៀត កម្ពុជាបោះឆ្នោតអនុបវាទទាក់ទងទៅនឹងការព្យួររុស្ស៊ី​ពីក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែលការបោះឆ្នោតកាលពីដើមខែមេសានោះ ​មាន​សម្លេង​គាំទ្រ ​៩៣សម្លេង​ ប្រឆាំង​ ២៤សម្លេង​ និង​អនុបវាទ​ ៥៨សម្លេង ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សរុប១៧៥។

សូមបញ្ជាក់ដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជានាដើមខែមេសាឆ្នាំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានចំនួន៣៩ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះកម្ពុជាផង។ សម្រាប់គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានវិញ គឺមានចំនួន២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន១២ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ