អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ភូមាមិនបញ្ជូនតំណាងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ទោះមិនមែននយោបាយក៏ដោយ

របបសឹកភូមាបានសម្រេចជាថ្មីម្តងទៀត មិនបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលនឹងប្រព្រឹត្តទៅនៅដើមខែសីហាខាងមុខនេះ នៅប្រទេសកម្ពុជា។ ការដែលភូមាសម្រេចមិនបញ្ជូនតំណាងណាទាំងអស់ទោះបីត្រឹមកម្រិតមិនមែននយោបាយក៏ដោយមកចូលរួមកិច្ចប្រជុំដ៏សំខាន់ ដែលមានកម្ពុជាជាប្រធាននេះ ធ្វើឡើងបន្ទាប់ពីអាស៊ានមិនអាចរកកុងសង់ស៊ីសបាន ដើម្បីអញ្ជើញរដ្ឋមន្ត្រីការបរទេសភូមា។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) កាលពីថ្ងៃអង្គារកន្លងទៅ។ 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន © សហការី
ផ្សាយពាណិជ្ជកម្ម

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងថា រដ្ឋមន្ត្រីការបរទេសភូមាលោក វ៉ុនណា ម៉ោងល្វីន បានបញ្ជាក់មកលោកថា ភូមាមិនអាចចាត់តាំងអ្នកតំណាងកំរិតមិនមែននយោបាយមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅទីក្រុងភ្នំពេញបានទេ។

គឺជាការឆ្លើយដដែលដូចមុនរបស់តំណាងរដ្ឋាភិបាលភូមា តបទៅនឹងការស្នើពីលោក ប្រាក់ សុខុន ដែលបង្ខំចិត្តស្នើទៅរបបសឹកមួយនេះបញ្ជូនអ្នកតំណាងត្រឹមកំរិតមិនមែននយោបាយមកចូលរួមកិច្ចប្រជុំ ដោយសារតែកាលៈទេសៈនេះមិនមានកុងសង់ស៊ីសនៅក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាហេតុធ្វើឲ្យកៅអីរបស់ភូមាត្រូវនៅទំនេរ។ នេះបើតាមលោក ប្រាក់ សុខុន ថ្លែងប្រាប់ AKP។

លោក រីម សុខវី សហស្ថាបនិក និងជាប្រធានកម្មវិធីនៃវេទិកាThinker Cambodia បានមើលឃើញថា នៅក្នុងចំណោមសមាជិកអាស៊ាននៅមានការប្រទាញប្រទង់គ្នាជុំវិញភាពស្របច្បាប់នៃរបបយោធាភូមា។ ដូច្នេះបើរបបសឹកភូមាបញ្ជូនតំណាងរបស់ខ្លួនកំរិតមិនមែននយោបាយមកចូលរួមបង្ហាញថា ភូមាខ្លួនឯងទទួលស្គាល់ថាជារបបមួយមិនស្របច្បាប់។

សូមរំលឹកថាចាប់តាំងពីមានរដ្ឋប្រហាយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ទំលាក់រដ្ឋាភិបាលស៊ីវិលដែលឈ្នះការបោះឆ្នោត និងការចាប់ឃុំឃាំងមេដឹកនាំនយោបាយដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នានាខែមេសាឆ្នាំ២០២១ នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ដោយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានដាក់ចេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន៥ចំណុច ឲ្យភូមាអនុវត្តន៍ឲ្យប្រសើរឡើង។

ក៏ប៉ុន្តែរបបសឹកមិនបានបង្ហាញភាពជឿនលឿនគួរឲ្យកត់សម្គាល់នោះទេ ចំពោះការអនុវត្តកុងសង់ស៊ីសរបស់អាស៊ានទាំង៥ចំណុចនោះ ជាហេតុធ្វើឲ្យកិច្ចប្រជុំនានាជាបន្តបន្ទាប់ចាប់តាំងពីកាលពីប្រ៊ុយណេធ្វើជាប្រធានអាស៊ាន រហូតមកដល់កម្ពុជា រួមទាំងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កាលពីខែកុម្ភៈផងដែរ។ ទោះយ៉ាងណា របបសឹកភូមា នៅតែប្រកាន់ថា ភូមានៅតែមានតួនាទី និងសិទ្ធិស្មើគ្នានៅក្នុងអាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ