អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុខ ឥសាន ចំអកឲ្យអាមេរិកដែលធ្វើច្បាប់ដាក់ទណ្ឌកម្មកម្ពុជាតែមិនដាក់ទណ្ឌកម្មវៀតណាម

ការដែលសហរដ្ឋអាមេរិក​ធ្វើ​ច្បាប់​ដើម្បី​ដាក់ទណ្ឌតែទៅលើ​មន្ត្រីជាន់ខ្ពស់មួយចំនួន​របស់កម្ពុជា​គឺជានិន្នា​ការ​នយោបាយ​ដែល​មិន​ផ្សាភ្ជាប់​ទៅ​នឹង​ការពិត។ លោក សុខ ឥសាន ថែមទាំងបានចំអកឲ្យសហរដ្ឋអាមេរិកដែលធ្វើច្បាប់ដាក់ទណ្ឌកម្មកម្ពុជាមួយករណីទៀតនេះ គឺមានស្តង់ដារពីរ ខណៈអាមេរិកមិនដាក់ទណ្ឌកម្មលើវៀតណាម​ដែល​មិនមានការគោរពសិទ្ធិមនុស្ស។ នេះគឺជាប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ខណៈដែល​សេចក្តីព្រាង​​​ច្បាប់​ស្តី​ពី​​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​សម្រាប់​កម្ពុជា បាន​ឆ្លង​ផុត​ដៃគណៈកម្មការជំនាញព្រឹទ្ធសភាអាមេរិកហើយ។ 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ដោយមិនទាន់អាចសន្និដ្ឋានថា សេចក្តីព្រាងច្បាប់ ស្តី​​ពី​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យសម្រាប់កម្ពុជា​​ ដែលហៅកាត់ថា S.3052 នេះ​អាចចេញរួច ឬអត់នោះ លោក សុខ ឥសាន យល់​ថា​ច្បាប់នេះត្រូវបានតាក់តែងឡើងនៅក្រោមហេតុផលនយោបាយ​ដែល​មិន​ផ្សារភ្ជាប់​ទៅ​នឹង​ការពិតនៅកម្ពុជា។

អ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុក ការ​ធ្វើ​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្មលើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បន្ថែម​ទៀតនេះ គឺមិន​មានស្តង់​ដាពីរ ខណៈ​ដែល​ប្រទេសវៀតណាម​ដែល​គ្មានការ​គោរព​សិទ្ធិមនុស្ស​ទាល់តែសោះ អាមេរិក​មិន​ខ្វល់​ខ្វាយ​ដាក់ទណ្ឌកម្ម​ បែរជាទៅចាប់ដៃ​រកស៊ីជាមួយគ្នា ហើយ​ដាក់​ទណ្ឌ​កម្ម​តែលើ​កម្ពុជា។

បើតាម លោក សុខ ឥសានត នេះមិនមែនជារឿងចម្លែកទេ ការដែល​អាមេរិក​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រទេស​ណាមួយនោះ គឺដោយសារតែ​ប្រទេស​មហាអំណាចមួយនេះ​ គ្មាន​ទទួលបាន​ប្រយោជន៍ពី​ប្រទេសនោះ ហើយថា​ ហេតុផល​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យគឺគ្រាន់តែលេសប៉ុណ្ណោះ។

ប្រតិកម្ម​បែបនេះ​របស់អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា គឺដោយសារតែ​ គណៈកម្មការ​​កិច្ច​ការ​បរទេស​នៃព្រឹទ្ធសភាអាមេរិក បានអនុម័ត កាលពីថ្ងៃទី១៩កក្កដា២០២២ ទៅលើសេចក្តីព្រាង​​ច្បាប់​​​ស្តី​​ពី​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យសម្រាប់កម្ពុជា​​ ដែលហៅកាត់ថា S.3052 ដែលគេរំពឹងថា នឹងត្រូវបាន​ព្រឹទ្ធ​សភាអនុម័ត​នៅពេលខាងមុខនេះ។ ច្បាប់នេះមានខ្លឹមសារដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិ​​មន្រ្តី​​ជា​ន់ខ្ពស់​រដ្ឋាភិបាលកម្ពុជាមួយចំនួន​ ព្រមទាំ​ង​អ្នក​ដែល​​​រួម​​ចំណែករំលោភសិទ្ធិមនុស្សនៅកម្ពុជា​ក្រោយ​ពីកាចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ ត្រូវបានជាប់គាំងនៅ​ក្នុង​អាណត្តិ​រដ្ឋបាល ដូ​​ណា​​ល់​​ ត្រាំ ហើយទើបមានការវិវត្តនិ៍ឡើងវិញនៅក្នុង​រដ្ឋបាល លោក ចូបៃ ឌិន កាលពីអំឡុងខែ​តុលា ឆ្នាំ​​២​​​០​​២​​១​។ ​​

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ក៏បាន​ធ្វើ​ច្បាប់​ចំនួន ២រួច​មក​​​ហើយ គឺច្បាប់ Global Magnitsky Act) និង​ច្បាប់​ ស្តី​ពី​​​ប្រជា​​ធិប​តេយ្យកម្ពុជាឆ្នាំ២០២១ ឬដែលហៅថា ​HR.4686 ហើយក៏មានមន្ត្រី​យោធាកម្ពុជាយ៉ាងតិច៤រូប​រងទណ្ឌកម្ម ដូចជា លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ចៅ ភិរុណ និងលោក ទៀ វិញ ខណៈអ្នកជំនួញ គឺ​លោក ទ្រី ភាព និង​ក្រុមហ៊ុន​របស់​លោក ព្រមទាំង​ក្រុម​ហ៊ុន​រដ្ឋ​ចិន យូឌីជី (UDG) ដែល​កំពុង​វិនិយោគ​នៅ​ខេត្ត​​​កោះកុងក៏ត្រូវបានដាក់ទណ្ឌកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ