អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អាមេរិកមិនទាន់បញ្ជាក់ផ្លូវការពីការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នៅកម្ពុជា

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលរៀបចំឡើងនៅប្រទេសកម្ពុជានៅឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ ក៏ប៉ុន្តែការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពីសំណាក់សហរដ្ឋអាមេរិក ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅអំឡុងពេលដែលលោកបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះនៅកម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ © FB/SPM
ផ្សាយពាណិជ្ជកម្ម

ការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា ត្រូវបានបញ្ជាក់ដោយលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខណៈដែលលោកជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាអំឡុងពេលលោកធ្វើទស្សនកិច្ចកាលពីពេលថ្មីៗនេះនៅកម្ពុជា។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ ក៏ប៉ុន្តែលោកថា ក្រសួងការបរទេសនៅមិនទាន់ទទួលបានការបញ្ជាក់ជាលាយលក្ខណ៍អក្សរនៅឡើយ។

ជាមួយគ្នានេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាអ្នកស្រី Stephanie Arzate បានសរសេរអ៊ីម៉ែលឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង RFI នៅថ្ងៃនេះថា សហរដ្ឋអាមេរិកនឹងបញ្ជាក់ការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកជាផ្លូវការ នៅកៀកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចូលមកដល់។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានកម្ពុជាជាប្រធាននឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ ដោយមានប្រទេសចំនួន៣៩ចូលរួម រួមនឹងកម្ពុជាផង។ រដ្ឋមន្ត្រីការរបទេសរុស្ស៊ីលោក Sergey Lavrov ត្រូវស្ថានទូតរស្ស៊ីនៅភ្នំពេញបញ្ជាក់រួចហើយថាបានចូលរួម ក៏ប៉ុន្តែប្រទេសអ៊ុយក្រែនមិនត្រូវអនុញ្ញាតឲ្យចូលរួមជាភាគីនៃកិច្ចប្រជុំនេះទេ ដោយសារអ៊ុយក្រែនបានដាក់ពាក្យចូលរួមយឺតជាងគេ។

ដោយឡែករដ្ឋមន្ត្រីការបរទេសភូមាក៏មិនត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះដែរ ដោយហេតុថាអាស៊ានមិនមានកុងសង់ស៊ីសគ្រប់គ្រាន់អាចឲ្យភូមាចូលរួម ហើយអនុញ្ញាតឲ្យត្រឹមតំណាងមិនមែននយោបាយចូលរួមដូចលើកមុន។ ក៏ប៉ុន្តែរបបសឹកភូមាមិនឲ្យមន្ត្រីរបស់ខ្លួនមកចូលរួមឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ