អានតួអត្ថបទ
កម្ពុជា-សង្គម

UN៖ កំណើនថ្លៃម្អូបអាហារបង្កហានិភ័យដល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភនៅកម្ពុជា

កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងថ្មីមួយចំពោះ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយសារថ្លៃស្បៀងអាហារក្នុងស្រុក និងក្នុងពិភពលោកកំពុងកើនឡើង យ៉ាងឆាប់រហ័ស។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ដោយបញ្ជាក់ទៀតថាកំណើនតម្លៃអាហារទំនងជានឹងបង្កឱ្យបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារកាន់តែធ្ងន់ធ្ងរឡើង។

ស្បៀងអាហារ
ស្បៀងអាហារ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្រៅពីភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចសង្គម ដែលកើតឡើងដោយសារជំងឺកូវីដ និងបាតុភូតអាកាសធាតុនានា កម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែងថ្មីមួយចំពោះ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយសារថ្លៃស្បៀងអាហារក្នុងស្រុក និងក្នុងពិភពលោកកំពុងកើនឡើង យ៉ាងឆាប់រហ័ស។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយ ដោយកម្មវិធីអាហាររូបត្ថម្ភនៃអង្គការសហប្រជាជាតិនៅកម្ពុជា(UNN)។

កម្មវិធីអាហាររូបត្ថម្ភនៃអង្គការសហប្រជាជាតិនៅកម្ពុជា រកឃើញថាការកើនឡើងនូវថ្លៃស្បៀងអាហារផលិតក្នុងស្រុក ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូន និងថ្លៃនៃធាតុចូលផ្នែកកសិកម្ម ដូចជាជី ជាដើម គឺជាក្តីកង្វល់ដ៏ធំមួយចំពោះសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសសម្រាប់ក្រុមជនងាយរងគ្រោះបំផុត។

បើទោះបីជាថ្លៃអង្ករ មិនមានការប្រែប្រួលច្រើនក្ដីរយៈពេលកន្លងមក ក៏ប៉ុន្តែសហព័ន្ធស្រូវអង្ករកម្ពុជាព្យាករណ៍ថា វាអាចនឹងកើនឡើងពី១០%ទៅ២០% ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារតែការកើនឡើងនូវថ្លៃនៃធាតុចូលសម្រាប់ផលិតអង្ករ។ នេះបើតាមUNN។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា តម្លៃអាហារសម្បូរជីវជាតិ ដែលគេនិយមទទួលទានដូចជា ស៊ុតទា និងត្រកួន បានកើនឡើងដល់ទៅ២០.៨% និង៣០.៧% ក្នុងខែឧសភា ឆ្នាំ២០២២ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃអាហារនាំចូលក៏មានការកើន ឡើងយ៉ាងខ្ពស់ផងដែរ។ តម្លៃប្រេងឆាកើនឡើង៣៩.៧% ក្នុងខែឧសភា ឆ្នាំ២០២២ ធៀបនឹងខែឧសភា ឆ្នាំ ២០២១ ហើយកំណើននេះបានកើនឡើង(១៣.៥%) តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

កំណើនតម្លៃអាហារទំនងជានឹងបង្កឱ្យបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារកាន់តែធ្ងន់ធ្ងរឡើង ខណៈពេល ដែលកម្ពុជាទើបចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ នេះបើតាមកម្មវិធីអាហាររូបត្ថម្ភនៃអង្គការសហប្រជាជាតិ ដោយសំអាងលើ ទិន្នន័យបឋមពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ដែលបង្ហាញថា ភាពក្រិសក្រិន(កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ) ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី៣២% ក្នុងឆ្នាំ២០១៤ មកត្រឹម២២% ដែលជាអត្រាវឌ្ឍន ភាពដែលលើសពីគោលដៅ។ ប៉ុន្តែកុមារអាយុក្រោម ៥ឆ្នាំចំនួន១០%នៅតែមានភាពស្គមស្គាំង (កង្វះអាហារូបត្ថម្ភស្រួចស្រាវ) ដែលអត្រានេះនៅពុំទាន់មានការផ្លាស់ប្តូរទេក្នុងទសវត្សរ៍កន្លងមក។

តាមរយៈការរកឃើញបញ្ហានេះ UNN បានស្នើនូវអនុសាសន៍មួយចំនួនសម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ សម្រាប់រយៈពេលខ្លី គឺបង្កើនការគាំទ្រហិរញ្ញវត្ថុលើផ្នែកអាហារូបត្ថម្ភ ផ្តោតលើកុមារ ពង្រឹងកម្មវិធីជំនួយសាច់ប្រាក់ និងសិក្សាស្វែងយល់ពីលទ្ធភាពទិញ ការទទួលបានរបបអាហារសុខភាព កត្តាបង្កបញ្ហា អាហាររូបត្ថម្ភ។ សកម្មភាពអាទិភាពក្នុងរយៈពេលវែង គឺបង្កើនប្រសិទ្ធភាពខ្សែច្រវ៉ាក់តម្លៃ លើកកម្ពស់កសិ-អេកូឡូស៊ីនៅក្នុងផលិតកម្មស្បៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ