អានតួអត្ថបទ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៖ រុស្ស៊ីសង្ឃឹមថានឹងមានកិច្ចសន្ទនាដោយស្មោះត្រង់ជាមួយបណ្តារដ្ឋមន្ត្រីអាស៊ាន

នៅអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ភាគីរុស្ស៊ីបានបញ្ជាក់ជំហររួចហើយ ថានឹងចូលរួមកិច្ចប្រជុំ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី។ សម្រាប់កិច្ចប្រជុំមួយនេះ រុស្ស៊ីដាក់ក្តីរំពឹងថា នឹងមានកិច្ចសន្ទនាដោយស្មោះត្រង់ជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់។ 

លោក ហ៊ុន សែន ត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២
លោក ហ៊ុន សែន ត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានបញ្ជាក់ពីវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ខាងមុខនេះ ភាគីរុស្ស៊ីបានបង្ហាញជំហររបស់ខ្លួនបន្ថែមថា ខ្លួនចង់ឃើញកិច្ចសន្ទនាដោយស្មោះត្រង់ជាមួយនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ពាក់ព័ន្ធទៅនឹងបញ្ហាភាពជាដៃគូពេញលេញ។

បើតាមការបញ្ជាក់របស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី គឺនៅថ្ងៃទី០៤ និងទី០៥ សីហាខាងមុខ លោក Sergei Lavrov នឹងចូលរួមកិច្ចប្រជុំទ្វេភាគីរវាងអាស៊ាននិងរុស្ស៊ី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។

លោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ថា​ ការសម្រេចចិត្តនៃនយោបាយការបរទេសកម្ពុជា នៅមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលកម្ពុជាធ្លាប់ថ្កោលទោសរុស្ស៊ី ដែលឈ្លានពានប្រទេសអ៊ុយក្រែន។ ការអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពេលខាងមុខនេះ អាចបញ្ជាក់ថា គោលជំហរកម្ពុជាមិនហ៊ានឆន្ទៈ ក្នុងការថ្កោលទោសរុស្ស៊ី។

បើតាមលោក ឯម សុវណ្ណរ៉ា កម្ពុជាគួរតែមានយុទ្ធសាស្រ្តក្នុងការបញ្ជាក់ជំហររបស់ខ្លួន​ ថាហេតុអ្វីទើបអញ្ជើញរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំ ដើម្បីកុំឲ្យបណ្តាប្រទេសផ្សេងៗ យល់ច្រឡំថា​ កម្ពុជាគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ លោកថា កម្ពុជាត្រូវរកវិធីសាស្រ្តល្អ ដើម្បីដោះបន្ទុកកុំឲ្យសហគមន៍អន្តរជាតិចោទប្រកាន់កម្ពុជា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងចូលរួមកិច្ចប្រជុំពេលខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានកម្ពុជាជាប្រធាននឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ ដោយមានប្រទេសចំនួន៣៩ចូលរួម រួមនឹងកម្ពុជាផង។

ភាគីរុស្ស៊ីបានបញ្ជាក់ពីការចូលរួម ខណៈដែលប្រទេសអ៊ុយក្រែនត្រូវអាក់ខាន ដោយសារការដាក់ពាក្យយឺតជាងគេ។ ភាគីភូមាឯណោះវិញ មិនចូលរួមឡើយ ព្រោះអាស៊ានអនុញ្ញាតិឲ្យត្រឹមអ្នកតំណាងមិនមែននយោបាយ។ ពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅស្រពិចស្រពិល តែអ្នកនាំពាក្យស្ថានទូតប្រចាំនៅកម្ពុជា ​ថា អាមេរិកនឹងបន្តធ្វើការជាមួយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានលើអាទិភាពរួម រួមទាំងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការស្តារឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ១៩ បញ្ហាប្រឈមបរិស្ថានតាមដងទន្លេមេគង្គ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ ហើយសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានខាងមុខ អាមេរិកនឹងបញ្ជាក់ នាពេលខិតជិតមកដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ