អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជាទទួលបានកញ្ចប់ជំនួយយោធាពីចិនច្រើនជាងគេបំផុត រហូតដល់ជាង១០០លាន ក្នុងរយៈពេល៥ឆ្នាំ

ក្នុងចន្លោះឆ្នាំ២០១៣-២០១៨ កម្ពុជាគឺជាប្រទេសឈរលេខរៀងទី១ក្នុងចំណោមបណ្តាប្រទេសដែលទទួលកញ្ចប់ជំនួយយោធាពីប្រទេសចិន។ ក្នុងពេល៥ឆ្នាំ កម្ពុជាទទួលបានជំនួយពីចិន រហូតដល់ជាង១០០លានដុល្លារអាមេរិក ទៅលើវិស័យយោធា។

សម្ភារៈយោធាចិន
សម្ភារៈយោធាចិន © FB/SPS
ផ្សាយពាណិជ្ជកម្ម

ក្នុងពេល៥ឆ្នាំ កម្ពុជាទទួលបានកញ្ចប់ជំនួយយោធាពីសាធារណរដ្ឋប្រជាមាជិតចិន គិតជាទឹកប្រាក់មានទំហំ ១១៥លានដុល្លារអាមេរិក។ តួលេខនេះ ជាជំនួយខ្ពស់បំផុតក្នុងបណ្តាប្រទេសដែលទទួលបានពី ចិន ខណៈដែលសហព័ន្ធអាហ្វ្រិក ស្ថិតនៅលំដាប់ទី២ ដែលទទួលជំនួយចំនួន១០០លានដុល្លារ។ នេះបើតាមការបង្ហាញឲ្យដឹង នៅក្នុងរបាយការណ៍ស្រាវជ្រាវចំនួន១៣៨ទំព័រ ស្តីពី កិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ របស់ស្ថាប័នស្រាវជ្រាវ Rand ដែលផ្តោតទៅលើការប្រកួតប្រជែងយុទ្ធសាស្ត្រសន្តិសុខ រវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។

របាយការណ៍បានបង្ហាញឲ្យដឹងថា កញ្ចប់ជំនួយយោធារបស់ចិន ត្រូវបានបង្វែរទៅជាឧបករណ៍យោធា សម្រាប់ផ្តល់ឲ្យបណ្តាប្រទេសដែលទទួល ក្នុងលក្ខខណ្ឌបរិច្ចាគ ដោយភ្ជាប់ជាមួយការប្តេជ្ញាចិត្ត មិនមែនជាការលក់ ឬជាប្រាក់កម្ចីលើវិស័យយោធានោះទេ។

របាយការណ៍ក្នុងឆ្នាំ២០១៦បង្ហាញថា ចិនបានសន្យាផ្ដល់ជំនួយផ្នែកយោធាដែលមានតម្លៃ១០០លានដុល្លារ ដល់កម្ពុជា។ ជំនួយនេះ ចិនផ្ដល់ឲ្យកម្ពុជាមុនពេលកម្ពុជារៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨ ហើយក្រោយពីនោះ ការផ្ដល់ជំនួយពីសំណាក់ចិនដល់កម្ពុជា ក៏បន្តមានជាហូរហែ។

ទោះយ៉ាងណា ជំនួយយោធាជាបន្ត ពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន នៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់បន្ថែមនោះទេ។ ក៏ប៉ុន្តែស្ថាប័នស្រាវជ្រាវ Rand អះអាងថា​ ចិនក៏មិនបានលុបចោលជាការផ្តល់ជំនួយយោធាដល់បណ្តាប្រទេសដែលទទួលជាបន្តទៀតដែរ។

ជាមួយគ្នានេះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មិនបានឆ្លើយតបទៅនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ អំពីកញ្ចប់ជំនួយយោធារបស់ចិនដែលផ្តល់ជូនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងហេដ្ឋារចនាសម្ព័ន្ធយោធាដែលកំពុងអភិវឌ្ឍ។ តែអ្វីដែលរដ្ឋមន្ត្រីការពារជាតិ តែងតែអះអាងកន្លងមក គឺរាល់ការអភិវឌ្ឍទាំងអស់ ដើម្បីធ្វើទំនើបកម្មវិស័យយោធាកម្ពុជា។

ជាការកត់សម្គាល់ នៅក្នុងចន្លោះនៃការប្រកួតប្រជែងយុទ្ធសាស្រ្តសន្តិសុខតំបន់ រវាងសហរដ្ឋអាមេរិក និងចិន កម្ពុជាបានក្លាយជាចំណុចប្រទាញប្រទង់ និងរងនូវការសង្ស័យជាបន្តបន្ទាប់ថា ទីក្រុងប៉េកាំងទំនងជាចង់រក្សាឥទ្ធិពលរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ការអភិវឌ្ឍកំពង់ផែរាមកម្ពុជា ត្រូវបានអាមេរិកសង្ស័យថា ជាការអភិវឌ្ឍសម្រាប់ការឈរជើងនៃកងទ័ពចិន។ ការសម្រេចផ្អាកធ្វើសមយុទ្ធយោធាជាមួយអាមេរិក តាំងពីឆ្នាំ២០១៧ ហើយបន្តពង្រឹងសមយុទ្ធនាគមាស កម្ពុជា-ចិន តាំងពីឆ្នាំ២០១៦ ក៏ជាចំណុចចម្បងមួយទៀត គួរឲ្យកត់សម្គាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ