អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សៀម ភ្លុក សុំកិច្ចអន្តរាគមន៍ពីលោក ស ខេង ដើម្បីទម្លាក់បទចោទ​ ករណីក្លែងបន្លំស្នាមមេដៃ​បង្កើតបក្ស

ស្ថាបនិកនៃអតីតគណបក្សបេះដូងជាតិ  បានស្នើសុំក្រសួងមហាផ្ទៃឱ្យជួយទម្លាក់ចោលការចោទប្រកាន់ជុំវិញករណីក្លែងបន្លំឯកសារ ឫស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ លោក សៀម ភ្លុក ស្ថាបនិកអតីតគណបក្សបេះដូងជាតិបានអះអាងក្នុងលិខិតស្នើសុំថា លោកមិនបានបោកប្រាស ឫបន្លំឯកសារ ស្នាមមេដៃប្រជាពលរដ្ឋណាមួយ ដើម្បីបង្កើតគណបក្សនយោបាយទេ ហើយការចាប់ឃុំខ្លួនក្រោមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ គឺជារឿងអយុត្តិធម៌។   

លោក​ សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ កំពុងឈរនៅក្នុងបរិវេណតុលាការកំពូល
លោក​ សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ កំពុងឈរនៅក្នុងបរិវេណតុលាការកំពូល © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតស្នើសុំពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក ស្លៀម ភ្លុក ដែលកំពុងជាប់ពន្ធនាគារបាននិយាយថា លោកមិនបានក្លែងបន្លំឯកសារ ស្នាមដៃប្រជាពលរដ្ឋ ហើយក៏មិនមានចេតនាក្លែងបន្លំឯកសារដើម្បីកុហកបោកប្រកាសក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្សបេះដូងជាតិនោះដែរ។ ចំពោះករណីមានការក្លែងបន្លំមែននោះ លោក ស្លៀម ភ្លុកចាត់ទុកថា ជាកំហុសអចេតនា ខ្ជីខ្ជាប៉ុណ្ណោះ ដោយមិនមែនជាចេតនាក្នុងការប្រព្រឹត្តិបទល្មើសនោះទេ ខណៈរឿងនេះក៏មិនបានបង្កផលប៉ះពាល់ដល់ស្ថាប័នណាមួយឡើយ។ 

លោក សៀម ភ្លុកបន្តនិយាយនៅក្នុងលិខិតស្នើសុំកិច្ចអន្តរាគមន៍ពី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៀតថា ការបដិសេធមិនចុះបញ្ជីគណបក្សបេះដូងជាតិរបស់ខ្លួន គឺជាទណ្ឌកម្មសមល្មមសម្រាប់គណបក្សបេះដូងជាតិ។ ក៏ប៉ុន្តែក្រសួងថែមទាំងចោទប្រកាន់ និងចាប់ឃុំខ្លួនលោកទៀត។ ម្ល៉ោះហើយ លោក សៀម ភ្លុកយល់ថា នេះជាទណ្ឌកម្មធ្ងន់ធ្ងរ និងអយុត្តិធម៌។

វិទ្យុបារាំងអន្តរជាតិRFIមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សៀម ភ្លុកបាននៅឡើយនៅថ្ងៃទី២៤ កក្តដា។

តែយ៉ាងណា មេធាវីរូបនេះ ធ្លាប់បានបញ្ជាក់ថា ពាក្យស្នើសុំទៅកាន់លោក ស ខេង ខាងក្រសួងមហាផ្ទៃបានទទួលរួចរាល់ហើយកាលពីថ្ងៃទី២២ ខែកក្តដា។ ក៏ប៉ុន្តែការឆ្លើយតបយ៉ាងនោះ លោកនៅមិនទាន់ទទួលបាននៅឡើយ។

ចំណែក លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ក្រសួងកំពុងពិនិត្យសំណើរបស់លោក សៀម ភ្លុក។ ប៉ុន្តែ ជាគោលការណ៍ និងនីតិវិធីច្បាប់ គឺតុលាការជាអ្នកដោះស្រាយ និងសម្រេចលើរឿងក្តីនេះ។ លោក ខៀវ សុភ័ក្ត្របន្តថា ការលើកលែងទោស ដរាបណាបុគ្គលដែលរងការចោទប្រកាន់ព្រមទទួលស្គាល់នូវកំហុស និងទោសរបស់ខ្លួន។   

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ សភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង បាន​ប្រកាស​សាល​ដីកា​ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក អាចរស់នៅក្រៅឃុំ​ឡើយ ដោយហេតុផលថា ដើម្បីទុកជន​ត្រូវចោទ​រូបនេះ បន្តនីតិវិធីនៅតុលាការទៀត។

សម្រាប់ មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណាបានគូសបញ្ជាក់ថា បើតាមផ្អែកតាមផ្លូវច្បាប់ ហើយក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សបេះដូងជាតិពិតជាប្រព្រឹត្តិអំពើខុសមែននោះជារឿងដែលគួរឱ្យសង្ស័យនោះទេ ប៉ុន្តែប្រសិនបើជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ទើបជារឿងដែលអង្គការសង្គមស៊ីវិលត្រូវតាមដានបន្ថែមទៀត។

លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ប្រសិនបើក្រសួងមហាផ្ទៃពិតជាចង់ឃើញគណបក្សនយោបាយប្រកួតប្រជែងគ្នាមែន ករណីនេះគួរតែសម្របសម្រួលនិងស្វែងរកការជជែកពិភាក្សាដើម្បីរកដោះស្រាយ។

សូមជម្រាបថា លោក សៀម ភ្លុកត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២២​ ក្រោមបទចោទ«ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ ការចោទប្រកាន់របស់តុលាការនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃពិនិត្យឃើញថា លោកបានក្លែងបន្លំស្នាមមេដៃ និងឯកសារ ដើម្បីបង្កើតគណបក្សបេះដូងជាតិ នៅក្រសួងមហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ