អានតួអត្ថបទ
កម្ពុជា-នយោបាយ

របបសឹក​ភូមាប្រហារ​ជីវិត​សកម្មជន​ជួនគ្នា​នឹង​អាស៊ាន​មិន​ឲ្យចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស

អាជ្ញាធរ​នៃ​របបសឹក​ភូមា​បានប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​៤​នាក់ ​ដែល​ត្រូវបាន​ចោទប្រកាន់​ថា ​ជាអ្នក​អនុវត្ត​"អំពើភេរវកម្ម​"។ នេះបើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​ដែលបាន​ចុះផ្សាយ​នៅថ្ងៃ​ទី​២៥ ​ខែ​កក្កដា​នេះ។ ជាការ​ប្រហារ​ជីវិត​លើកដំបូង​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយនេះ ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​។ ការប្រហារ​ជីវិត​សកម្មជន​ភូមា​ពេលនេះ ត្រូវគេ​មើលឃើញ​ថា​ជាការ​ផ្គើន​មួយ​ទៅនឹង ​សហគមន៍​អាស៊ាន ​ដែលបាន​ផាត់​ភូមា​ចេញ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី​៥៥ ​នៅដើម​ខែ​សីហាខាងមុខ​។ 

របបសឹកភូមាប្រហារជីវិតសកម្មជនជួនគ្នានឹងអាស៊ានមិនឲ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស
របបសឹកភូមាប្រហារជីវិតសកម្មជនជួនគ្នានឹងអាស៊ានមិនឲ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស © AP
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ប្រជាធិបតេយ្យ​ភូមា​៤​នាក់ ​ត្រូវ​អាជ្ញាធរ​ប្រហារ​ជីវិត​ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពី​បទអនុវត្ត​អំពើ​ភេរវកម្ម​។ នេះបើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ភូមា ​The Irrawaddy​។ ​តាមរយៈ​សាលក្រម​កាត់ទោស​ប្រហារ​ជីវិត​កាលពី​ខែមករា ​ឆ្នាំ​២០២២​បុរស​សកម្មជន​ទាំងបួននាក់​នេះ ​ត្រូវបាន​ចោទប្រកាន់​ថា​បានជួយ​កង​ជីវពល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​តទល់​នឹង​កងទ័ព​ភូមា ​ដែលបាន​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​កាលពី​ឆ្នាំ​ទៅ ​និង​បាន​ធ្វើការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​លើគូ​ប្រជែង​របស់​ខ្លួន​។

ជាការ​កត់​សម្គាល់ ​ការ​ប្រហារ​ជីវិត​សកម្មជន​ភូមា​ជាលើក​ដំបូង​នៅ​អាស៊ីអាគ្នេយ៍ ​បន្ទាប់ពី​មិនដែល​មាន​អស់​ជាច្រើន​ទសវត្សរ៍​នោះ ​ត្រូវគេ​មើលឃើញ​ថា​ទំនង​ជាការ​ផ្គើន​មួយ​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ផាត់​ភូមា​ចេញពី​កិច្ចប្រជុំ​ថ្នាក់​តំបន់​នៃ​រដ្ឋមន្ត្រី​ការបរទេស​លើកទី​៥៥ ​ដែលនឹង​ធ្វើឡើង​នៅ​កម្ពុជា​នាដើម​ខែ​សីហា​ខាងមុខ​។ របប​សិក​ភូមា នៅមិនទាន់​មានការ​ជឿនលឿន​នៅក្នុង​ការ​គោរព ​និង​អនុវត្តន៍​តាម​កិច្ចព្រមព្រៀង​ជាឯកច្ឆន​៥​ចំណុច​របស់​អាស៊ាន​នៅឡើយ​។

លោក​ ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​កត់សម្គាល់​ថា ​ការ​ប្រហារ​ជីវិត​សកម្មជន​ភូមា​ពេល​នេះ ​គឺជា​ការបង្ហាញ​ថា​អាស៊ាន ​និង​យន្តការ​អន្តរជាតិ ​នឹងមិន​មាន​ឥទ្ធិពល​អ្វី​ទៅលើ​របបសឹក​ភូមា​ទេ ​ហើយ​ការ​អនុវត្តន៍​កុងសង់ស៊ីស​របស់​អាស៊ាន​ក៏នឹង​មិនមាន​ជោគជ័យ​ដែរ​។

សូមរំលឹក​ថា លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពី​ខែ​មិថុនា​កន្លងទៅ​ បាន​ផ្ញើ​លិខិត​១​ច្បាប់​ទៅ​កាន់ ​លោក​ មីន អ៊ុងឡាំង ​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋភូមាឲ្យ​ពិចារណា​ឡើង​វិញ ​ចំពោះ​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​ក្រុម​សកម្មជន​​ប្រឆាំង។ ក៏ប៉ុន្តែ​របបសឹក​ភូមា​បាន​ប្រកាស​ថា គេ​នឹង​កាត់ទោស​ប្រហារជីវិត​មនុស្ស​៤នាក់ ដែលនៅ​ក្នុងនោះ​ម្នាក់ ជា​អតីត​សមាជិក​សភា​មកពី​គណបក្ស​ លោកស្រី ​អ៊ុងសាន ស៊ូជី គឺ ​Ko Phyo Zeya Thaw ​និង​ម្នាក់ទៀត ​គឺ​លោក Ko Jimmy ជា​អតីត​មេដឹកនាំ​ចលនានិស្សិត​ដ៏​ល្បីឈ្មោះ ​ដែលធ្លាប់​ចេញមុខ​ប្រឆាំង​របបសឹក​ភូមា​កាលពី​ឆ្នាំ​១៩៨៨។  ចំណែក​មនុស្ស​ពីរ​នាក់​ផ្សេងទៀត ត្រូវបាន​កាត់ទោសប្រហារ​ជីវិត ករណី​សម្លាប់​ស្ត្រី​ម្នាក់ ដែលជា​ចារកិច្ច​របស់​យោធា​ភូមា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ