អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ខេត្តព្រះសីហនុចាប់ដៃជាមួយក្រសួងសេដ្ឋកិច្ចរកឯកជនមកវិនិយោគលើការសាងសងអគារដែលទុកចោល

រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លៃលក​ធ្វើ​យ៉ាងណា​ឲ្យ​អគារចំនួន​១១៥០ទីតាំង​ដំណើរ​ការសាង​សង់​ឡើង​វិញ ក្រោយ​សកម្មភាព​សាងសង់​ត្រូវ​បាន​ផ្អឹប​ទុក​ចោលដោយ​សារ​កូវីដ១៩ និង​ការ​ចាកចេញ​របស់​ក្រុម​អ្នក​វិនិយោគ​ចិន​បន្ទាប់ពី​រដ្ឋាបាល​បិទហ្គេម​អនឡាញ។

ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២៦កក្កដានេះ លោក ឡុង ឌីម៉ង អភិរងខេត្តព្រះសីហនុលើកឡើងថា ដើម្បីឲ្យអគារចំនួន១.១៥០ទីតាំងដំណើរការសាងសង់ឡើងវិញ ចាំបាច់ត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជាៈ ក្រសួងពាក់ព័ន្ធដែលជាជើងដៃរបស់រដ្ឋាភិបាល អាជ្ញាធរខេត្ត វិស័យឯកជន អ្នកជំនាញផ្នែកអចលនទ្រព្យ និងវិស័យធនាគារ។

ក្នុងនាមជាអាជ្ញាធរខេត្ត លោក ឡុង ឌីម៉ង មើលឃើញថា បញ្ហានេះត្រូ​វការជាចាំបាច់ការចូលរួមពីវិស័យឯកជនដើម្បីគៀងគររកអ្នកវិនិយោគថ្មីរួមផ្សំនឹងការលើកទឹកចិត្តយ៉ាងសំខាន់ពីរដ្ឋាភិបាល។ លោកបន្ថែមថា ភាពចាំបាច់មួយទៀតនោះអាចនឹងមានការដេញចេញជាយន្តការមួយច្បាស់លាក់នៅពេលខាងមុខដើម្បីប្រមូលធាតុចូលស្វែងដំណោះស្រាយព្រោះករណីអគារខ្លះវិវាទឡើងដល់តុលាការ។  

បើតាមលោក ឡុង ឌីម៉ង ប្រសិនបើអគារជាង១ពាន់កន្លែងនេះត្រូវបានសាងសង់ឡើងវិញក្នុងពេលឆាប់វាបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យមានកំណើនខ្ពស់​។ បើពុំដូច្នោះទេ ភាពនៅទ្រឹងរបស់អគារជាង១ពាន់កន្លែង នឹងប៉ះពាល់ដល់ផែនការមេក្នុងកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចពហុបំណង។

នៅសំណុំរឿងអគារជាប់គាំងគ្មានអ្នកសាងសង់នេះដែរ កាលពីឆ្នាំទៅអភិបាលលោក គួច ចំរើន ធ្លាប់ប្រាប់ថា ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន​ ៣ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​រួមគ្នា​សម្របសម្រួល​ដោះស្រាយ​វិវាទ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​ ដើម្បី​ឱ្យ​អគារ​ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ខេត្ដ​ព្រះសីហនុ បាន​ដំណើរការ​ឡើងវិញ ដែល​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៧ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​​មាន​សំណង់​សរុប ១ ៦៦១ គម្រោង ជាមួយទុនវិនិយោគ មាន​ប្រមាណ​ជាង​ ៨ ៤០០ ​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​សំណង់​អគារ​ខ្ពស់​ចាប់ពី ៥ ជាន់ រហូតដល់ ៥៣ ជាន់ គឺមាន​ចំនួន ៦២០ គម្រោង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ