អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រធានអាស៊ាន៖ ការប្រហារជីវិតសកម្មជនបក្សប្រឆាំង៤រូប ជាទង្វើដែលមិនអាចអត់ឱនឲ្យបាន

កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្តែងការតក់ស្លុត និងសោកសៅក្រៃលែងដោយសារមេដឹកនាំយោធាភូមាបានប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន៤រូប បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកអាស៊ានឯទៀត បានស្នើសុំឲ្យរបបសឹកភូមាពិចារណាឡើងវិញលើសេចក្តីសម្រេចផ្តន្ទាទោសសកម្មជនទាំងនោះក៏ដោយ។ សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដូច្នេះ ធ្វើឡើងនៅថ្ងៃតែមួយ ក្រោយរបបសឹកភូមាប្រហាជីវិតសកម្មជនបក្សប្រឆាំងនៅថ្ងៃចន្ទម្សិលមិញ និង២សប្តាហ៍ក្រោយទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានលើកទី២ ទៅកាន់ភូមា។ 

សកម្មជនបក្សប្រឆាំងដែលត្រូវបានគេប្រហារជីវិត
សកម្មជនបក្សប្រឆាំងដែលត្រូវបានគេប្រហារជីវិត © Internet
ផ្សាយពាណិជ្ជកម្ម

ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ បានចាត់ទុកការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំង ៤រូប ពីសំណាក់មេដឹកនាំយោធាភូមាថាជាបញ្ហាដែលអាស៊ានត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃចន្ទ ប្រធានអាស៊ាន បានកត់សម្គាល់ថាការអនុវត្តទោសប្រហារជីវិត គឺធ្វើឡើងតែ១សប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើរដែលមិនអាចអត់ឱនឲ្យបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍភាពនៃការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

សេចក្តីថ្លែងការណ៍បន្តថាអាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ហើយក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមលើកបន្ទរនូវសម្លេងដ៏លើសលុបក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឲ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចឲ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) កាលពីម្សិលមិញក៏បានជំរុញផងដែរឲ្យ​ប្រេសិត​ពិសេស និង​រដ្ឋសមាជិក​អាស៊ាន ​ថ្កោលទោស​ការប្រហារជីវិត​លើសកម្មជនដែលជា​អ្នកទោសនយោបាយ​ចំនួន ៤រូប ពីសំណាក់​របបសឹក​ភូមា។

លោក កាសិត ភិរម្យ ​​សមាជិក​គណៈកម្មាធិការ​នាយក​របស់ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាអតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃនោះ ស្នើឲ្យមានការ​ពិចារណា​ឡើងវិញ ​ពី​វិធីសាស្ត្រ​ក្នុងការដោះស្រាយ​វិបត្តិ​នៅភូមា ដោយការចាប់ផ្តើមដាក់សម្ពាធ​ជាទណ្ឌកម្ម​ជាក់លាក់​ទៅលើ​របបសឹកភូមា និង​ហាមប្រាម ​មិនឲ្យក្រុមមេដឹកនាំ​របបសឹក​ភូមា​ធ្វើដំណើរ​ទៅជាន់ដី​តំបន់អាស៊ាន​ជាដើម។ លោកថាការប្រហារជីវិត ​សកម្មជននយោបាយបក្សប្រឆាំង ៤រូប គឺជាអំពើយង់ឃ្នង​នៃ​ប្រព័ន្ធយុត្តិធម៌ របស់​របបសឹកភូមា។

សូមរំលឹកថាសកម្មជនប្រជាធិបតេយ្យភូមា៤នាក់ក្នុងនោះមានអតីតតំណាងរាស្ត្រម្នាក់ផង រួមមានលោក ភ្យូ ហ្សេយ៉ា ថរ លោក ក្យរ មីនយូ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស ត្រូវបានអាជ្ញាធរប្រហារជីវិត បន្ទាប់ពីពួកគេរងនូវការចោទប្រកាន់ពីបទអនុវត្តអំពើភេរវកម្ម។ តាមរយៈសាលក្រមកាត់ទោសប្រហារជីវិតកាលពីខែមករា ឆ្នាំ២០២២ បុរសសកម្មជនទាំងបួននាក់នេះ ត្រូវបានចោទប្រកាន់ថាបានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងតទល់នឹងកងទ័ពភូមា ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១កន្លងទៅ និងបានធ្វើការបង្ក្រាបយ៉ាងបង្ហូរឈាមលើគូប្រជែងរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ