អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

កម្ពុជាអនុម័តគម្រោងវិនិយោគរបស់សិង្ហបុរីក្នុងទឹកប្រាក់១.៥៣ប៊ីលានដុល្លារក្នុងឆមាសទី១

គិតត្រឹមខែមិថុនាឆ្នាំ២០២២នេះ កម្ពុជាអនុម័តគម្រោងវិនិយោគរបស់សិង្ហបុរីចំនួន១២៧គម្រោងក្នុងទឹកប្រាក់ ១.៥៣ប៊ីលានដុល្លារ។ នៅចំពោះមុខកម្ពុជាសិង្ហបុរីអះអាងថា ខ្លួនជាប្រទេសធំលំដាប់ទី៥ដែលវិនិយោគនៅកម្ពុជានិងគ្របដណ្ដប់គ្រប់វិស័យដូចជាៈ អចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម ម្ហូបអាហារ  ការអប់រំ  និងហិរញ្ញវត្ថុ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

 

សិង្ហបុរីបានបង្ហាញសក្ដានុពលរបស់ខ្លួនយ៉ាងដូច្នេះនៅក្នុងជំនួបតាមអនឡាញរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសហព័ន្ធធុរកិច្ចសិង្ហបុរី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាស្វែងយល់ពីកម្ពុជាតាមរយៈ«ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា»។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដោយឡែកក្រោយបញ្ចប់សិក្ខាសាលានេះ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងទៅកាន់បណ្ដាធុរជនសិង្ហបុរីថា  បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទទួលការវិនិយោគពីសិង្ហបុរី។ សិង្ហបុរីអាចច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ, សេវាកម្ម និងកម្មន្តសាល។

លោកចិន្ដា សោភា ក៏បានអំពាវនាវថែមទៀតឱ្យវិនិយោគិនសិង្ហបុរីមកវិនិយោគកាន់តែច្រើននៅកម្ពុជាព្រោះការវិនិយោគរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយនេះ មានសារៈសំខាន់សម្រាប់កម្ពុជា នឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស។ 

លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅទីក្រុងភ្នំពេញមើលឃើញថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី ហើយកម្ពុជាបានងើបចេញពីជំងឺកូវីដ១៩ បន្ទាប់ពីបានសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចមុន។

លោកស្រីទូតក៏បានលម្អិតទៀតថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥របស់កម្ពុជា ដោយការវិនិយោគគ្របដណ្តប់លើវិស័យនានារួមមាន អចលនទ្រព្យ, ថាមពល, ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/អ្នកប្រើប្រាស់, ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍។

នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មដោយឡែកផ្អែកតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឲ្យឃើញថា កម្ពុជាសម្រេចបានការនាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរីក្នុងទំហំជាង៤៧លានដុល្លារអាមេរិក នៅត្រីមាសទី១ឆ្នាំ២០២២ កើនឡើង៣៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត​១១លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ចំណែកការនាំចូលទំនិញ​ពីសិង្ហបុរីមកកម្ពុជាវិញ បានធ្លាក់ពីជាង២ពា​ន់៤០០លានដុល្លារនៅត្រីមាសទី១កាលពីឆ្នាំ២០២១ មកនៅត្រឹមជាង៩៣០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះជិត៦២%។

ទំនិញដែលកម្ពុជានាំចេញទៅសិង្ហបុរីភាគច្រើនជាផលិតផលកសិកម្ម ក៏មានដែរផលិតផលវាយនភណ្ឌ ស្បែកជើង គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីលោហៈ និងរ៉ែជាដើម។ ចំណែកកម្ពុជានាំចូលទំនិញពីសិង្ហបុរី រួមមានគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិក ផលិតផលធ្វើពីក្រដាស ប្លាស្ទិក ផលិតផលខូស្មិចទិក និងសម្ភារៈបន្ទប់ទឹកជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ