អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាហាមការនាំចូលមីកញ្ចប់២ប្រភេទរបស់វៀតណាម-ថៃ និងការ៉េមរបស់បារាំង ក្រោយរកឃើញសារធាតុប៉ះពាល់ដល់សុខភាព

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់កំហិតការនាំចូលមីកញ្ចប់ចំនួនពីរប្រភេទដែលមានប្រភពផលិតចេញពីប្រទេសវៀតណាម និងថៃ ខណៈការ៉េមល្បីឈ្មោះរបស់ប្រទេសបារាំងមួយប្រភេទក៏ជាប់ក្នុងបញ្ជីហាមឃាត់ដែរ ក្រោយរកឃើញថា មាន​ផ្ទុក​សារធាតុអេទីឡែនអុកស៊ីត ដែលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

មីកញ្ចប់ម៉ាក Háo Háo ដែលជាទំនិញរបស់ប្រទេសវៀតណាម ត្រូវបានរកឃើញសារធាតុអេទីឡែនអុកស៊ីត
មីកញ្ចប់ម៉ាក Háo Háo ដែលជាទំនិញរបស់ប្រទេសវៀតណាម ត្រូវបានរកឃើញសារធាតុអេទីឡែនអុកស៊ីត © Internet
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ នឹងចាត់់វិធានការបណ្តោះអាសន្ន ចំពោះការនាំចូលទំនិញមីកញ្ចប់ម៉ាក Lucky Me! ផលិតនៅក្នុងប្រទេសថៃ, មីកញ្ចប់ម៉ាក Háo Háo​ ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក Haagen-Dazs (Vanilla)ផលិតនៅក្នុងប្រទេសបារាំង។ ក្រោមវិធានការបណ្តោះអាសន្ននេះ ទំនិញទាំងបីប្រភេទ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការវិភាគសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។

ចំណែក សម្រាប់ទំនិញដែលមកដល់ដែនគយមុនថ្ងៃទី០១ សីហា អគ្គនាយកដ្ឋានគយ ស្នើឱ្យ អ្នកនាំចូលត្រូវដកសំណាកទំនិញធ្វើការវិភាគរកសារធាតុ អេទីឡែនអុកស៊ីត នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុនពេលអនុញ្ញាតឱ្យបញ្ចេញទំនិញពីគយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យ នាយកដ្ឋានសវនកម្មគយត្រូវធ្វើការតាមដាននិងវាយតម្លៃហានិភ័យលើផលិតផលទាំងនេះជាប្រចាំ ដើម្បីលើកវិធានការអនុវត្តឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ដោយឡែក មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ផ្ញៀងផ្ទាត់ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារជាមួយនឹងទំនិញជាក់ស្តែង ដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេសពីវិធានការដែលអគ្គនាយកដ្ឋានគយបានកំណត់។

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាក់ថា បើក្នុងករណីរកឃើញថា មីកញ្ចប់ប្រភេទទាំងអស់នេះ កំពុងចរាចរណ៍នៅលើទីផ្សារម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់ដោយមិនឱ្យសល់ឡើយ។

លោក ផាន អូនបន្តថាដើម្បីជាវិធានការបង្ការ ក.ប.ប នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យ ថាតើ មីកញ្ចប់ប្រភេទដែលមានប្រភពចេញពីប្រទេសវៀតណាម និងថៃ​ កំពុងបន្តធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាដែរ ឬយ៉ាងណា។

គួរជម្រាបថា ការចាត់វិធានការបណ្តោះអាសន្នរបស់អគ្គនាយកដ្ឋានគយនាពេលនេះ ធ្វើឡើងស្របពេលដែល អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួនបានពិនិត្យរកឃើញនូវសារធាតុអេទីឡែនអុកស៊ីត នៅលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន ដែលជាផលិតផលទំនិញនាំចេញរបស់ប្រទេសវៀតណាម ថៃ​ និងបារាំង។ ខណៈអង្គការសុខភាពពិភពលោក អាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថា សារធាតុអេទីឡែនអុកស៊ីតនឹងបង្កឱ្យកើតមានជំងឺមហារីកចំពោះអ្នកប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ