អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងមកបញ្ជាក់ជំហរប្រាប់អាស៊ានក្នុងកិច្ចប្រជុំនៅទីក្រុងភ្នំពេញ

នៅពាក់កណ្តាលសប្តាហ៍ក្រោយនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ ក្នុងរយៈពេល៣ថ្ងៃ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងរៀបរាប់ប្រាប់អាស៊ាន និងជាពិសេសកម្ពុជា ជាម្ចាស់ផ្ទះ អំពីជំហររបស់អាមេរិក ទាក់ទងទៅនឹងបញ្ហាក្នុងតំបន់។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក នាព្រឹកថ្ងៃសៅរ៍ទី៣០កក្កដា ឲ្យដឹងថា លោក អង់តូនី ប្លីងគិន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ជាលើកដំបូង នៅថ្ងៃទី០៣ដល់ថ្ងៃទី០៥សីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក, កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ី-បូព៌ា, និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន។ ក្នុងកិច្ចប្រជុំ លោក ប្លីងគិន នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក នៅចំពោះមុខមជ្ឈភាពរបស់អាស៊ាន និងការអនុវត្តដោយជោគជ័យនៃទស្សនភាពអាស៊ានចំពោះឥណ្ឌូប៉ាស៊ីហ្វិក។

បញ្ហាចម្បងធំៗ ត្រូវបានក្រសួងការបរទេសអាមេរិក ព្រលយពាក្យថា លោក ប្លីងគិននឹងជជែកពីបញ្ហាកូវីដ១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធនឹងវិបត្តិអាកាសធាតុ វិបត្តិនយោបាយភូមា និងបញ្ហាដែលក្តៅនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។

លោក វណ្ណ ប៊ុនណ្ណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ យល់ថា វត្តមានរបស់លោក ប្លីងគិន ជាលើកដំបូងនៅទីក្រុងភ្នំពេញក្នុងកិច្ចប្រជុំអាស៊ាន ជាដំណើរវិវត្តន៍ថ្មីនៃទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក ក្នុងរដ្ឋកាលរបស់លោកប្រធានាធិបតី ចូ បៃឌិន។ តាមលោក វណ្ណ ប៊ុនណ្ណា នេះគឺចេតនាមួយរបស់អាមេរិក ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការអាស៊ាននិងអាមេរិក មានភាពល្អប្រសើរ។

តែនៅចំពោះមុខកិច្ចប្រជុំកំពូល ដែលមានរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចធំៗចូលរួម រួមទាំងរុស្ស៊ី និងចិន ផងនោះ លោក វណ្ណ ប៊ុនណ្ណា គិតថា កិច្ចប្រជុំជាពិសេសកិច្ចប្រជុំអាស៊ីបូព៌ាខាងមុខនេះ អាចនឹងមានការជជែកតឹងរឹង និងប្រហែលជាមិនអាចចេញបាននូវសេចក្តីថ្លែងការណ៍រួម។

ក្រៅពីកិច្ចប្រជុំជាមួយអាស៊ាន ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រដ្ឋមន្ត្រីរបស់ខ្លួនក៏នឹងមានជំនួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា។ ជំនួបដោយឡែកជាមួយកម្ពុជា លោកវណ្ណ ប៊ុនណ្ណា លើកឡើងថា អាមេរិកនឹងលើកយកបញ្ហាតំបន់ ជាពិសេសមន្ទិលទៅលើការតាំងទ័ពចិននៅមូលដ្ឋានកងទ័ពជើងរាម ដែលអាមេរិកសង្ស័យមករហូត។

សម្រាប់លោក វណ្ណ ប៊ុនណ្ណា លោកយល់ថា មានតែកិច្ចសន្ទនាដោយត្រង់ទៅត្រង់មកទេ ទើបអាចស្តារឡើងវិញនូវបញ្ហាដែលល្អក់កកររវាងកម្ពុជានិងអាមេរិក។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសបានរៀបចំពីថ្ងៃទី២៩កក្កដាដល់ថ្ងៃទី០៥សីហា។ នៅទីក្រុងភ្នំពេញឆ្នាំ២០២២ មានប្រទេសចំនួន៣៩បានបញ្ជាក់ពីការចូលរួម រួមមានទាំងអាមេរិក រុស្ស៊ី និងចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ