អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ចីប្រាក់អនឡាញធ្វើឲ្យស្ត្រីខ្លះរងគ្រោះដោយការជំរិតទារប្រាក់ក្រោមរូបភាពអាក្រាត

បណ្ដាញ​ក​ម្ចី​ប្រាក់​អន​ឡា​ញ​ ​កំពុង​ដាក់​គោលដៅ​លើ​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​តេឡេក្រាម​ ​ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​។ នេះជាការរកឃើញរបស់អង្គការលីកាដូ​នៅក្នុងយុទ្ធនាការនៅថ្ងៃនេះក្រោមឈ្មោះថា«ត្រូវ​ក្លាហាន​និយាយ​ពី​ ​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់»។ ​បើតាមអង្គការសិទ្ធិមនុស្សដដែលនេះ ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​មិនទាន់​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ​ ​ដោយ​ទុក​ឱកាស​ឱ្យ​ក្រុម​ជំរិត​ទារ​ប្រាក់​ទាំងនេះ​ ​កេងប្រវ័ញ្ច​លើ​ស្រ្តី​មួយ​ចំនួន​ដោយ​និ​ទណ្ឌ​ភាព​ ​។​

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា © FB
ផ្សាយពាណិជ្ជកម្ម

ជាករណីជាក់ស្តែង កាលពីឆ្នាំមុន​ ​អង្គការ​លី​កា​ដូ ​បាន​ផ្ដល់​សេវា​មួយ​ចំនួន​ដល់​ស្ត្រី​បី​នាក់​ ​ដែល​រង​ការបៀតបៀន​ដោយ​អ្នកផ្ដល់​ក​ម្ចី​មិន​ផ្លូវការ​​។​ ​ស្ត្រី​ម្នាក់ៗ​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀងគ្នា​ ​ដោយ​ដំបូង​ពួកគេ​ ​បាន​ខ្ចីប្រាក់​ប្រមាណ​ ​៥​០​ដុល្លារ​ពី​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឬ​ព្យាបាល​ជំងឺ​ ​ប៉ុន្តែ​ចុងក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​ហែកកេរ្ដិ៍​ ​និង​ជំរិត​ទារ​ប្រាក់​ ​បន្ទាប់ពី​បាន​ផ្ញើ​រូបភាព​ ​និង​វីដេអូ​អាក្រាត​ ​នៅ​ពេល​ពួកគេ​ព្យាយាម​គេច​ចេញពី​បំណុល​វ័ណ្ឌក​ ​។​

​បំណុលវ័ណ្ឌករ គឺដោយសារតែ​ក​ម្ចី​តូច​ៗ​តាមអនឡាញនេះ មាន​អត្រា​ការប្រាក់​ដ៏​ខ្ពស់​ ​និង​ភាព​មិន​ច្បាស់លាស់​នៃ​លក្ខខណ្ឌ​ក​ម្ចី​។​ ​បន្ទាប់មក​ ​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​ថ្មី​ ​បាន​ចាប់ផ្ដើម​ទាក់ទង​ទៅកាន់​ជនរងគ្រោះ​តាមរយៈ​កម្មវិធី​តេឡេ​ក្រាម​ ​ដើម្បី​ស្នើ​ផ្ដល់​ក​ម្ចី​ថ្មីទៀត​ ​។​ ​ក្រោយមក​ ​ក្រុម​ទាំងនេះ​ ​ក៏បាន​ចាប់ផ្ដើម​ទាក់ទង​ឥតឈប់ឈរ​ទៅ​មិត្ត​ភក្ដិ​ ​និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​មានការ​បង់​សង​ ​។​ទាំងនេះគឺជាការរៀបរាប់​នៅក្នុង​របាយការណ៏របស់លីកាដូនៅថ្ងៃទី១សីហា២០២២។

​បើតាមរបាយការណ៍នេះ នៅ​ពេល​សម្ពាធ​ឈាន​ដល់​ចំណុច​ធ្ងន់ធ្ងរ​ ​ក្រុម​ថ្មី​មួយ​ដែល​បាន​ដាក់ឈ្មោះ​ថា​ ​Loan​l​y​ ​បាន​ស្នើ​ផ្ដល់​ក​ម្ចី​ក្នុង​ទំហំ​ធំ​មួយ​ ​ឬ​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​ម្នាក់ៗ​យកទៅ​សងបំណុល​តូច​ៗ​ទាំងនោះ​ ​ប៉ុន្តែ​ជាដំបូង​ ​ទាមទារ​ឱ្យ​ស្ត្រី​ទាំងនេះ​ផ្ញើ​ឱ្យ​ពួកគេ​នូវ​រូបភាព​ ​ឬ​វីដេអូ​អាក្រាត​របស់​ខ្លួន​ ​តាមរយៈ​កម្មវិធីតេឡេ​ក្រាម​ ​ដោយ​ភ្ជាប់​ជាមួយ​ទីតាំង​ ​និង​ឯកសារ​សម្គាល់​ខ្លួន​ ​។​

​ដោយសារ​មាន​អារម្មណ៍​ថា​ ​ជាប់​ក្នុង​អន្ទាក់​ ​និង​រង​ការបៀតបៀន​ពី​អ្នកផ្ដល់​ប្រាក់​ក​ម្ចី​តូច​ៗ​ ​ស្ត្រី​ទាំងនេះ​ ​បាន​យល់ព្រម​ស្នើសុំ​ក​ម្ចី ​និង​ទាញ​យក​កម្មវិធី​ ​Loan​l​y​ ​ដែល​អាច​ឱ្យ​ក្រុមហ៊ុន​ចូ​លមើល​បញ្ជី​ទំនាក់ទំនង​នៅ​ក្នុង​ទូរសព្ទ​របស់​ជនរងគ្រោះ​បាន​។​ ​ស្ត្រី​ម្នាក់ៗ​ ​បាន​ទទួល​ប្រាក់​តែ​ប៉ុន្មាន​រយ​ដុល្លារ​ប៉ុណ្ណោះ​តាមរយៈ​សេវា​ផ្ទេរ​ប្រាក់​អ៊ី​ម៉ាន់​នី​ (​e​Money​) ​គឺ​តិច​ជាង​ចំនួន​ដែល​បាន​សន្យា​ ​ដោយ​ក្រុមហ៊ុន​Loan​l​y​ ​អះអាង​ថា​ ​ចំណែក​ផ្សេងទៀត​នៃ​ប្រាក់​ក​ម្ចី ​ត្រូវ​បាន​កាត់​ជា​ថ្លៃ​សេវា​ ​។​

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI បន្ថែមថា អង្គការនេះ​ទទួលបានការសុំជំនួយពីស្ត្រីខ្មែរ​ចំនួន៣នាក់លើករណីកម្ចីប្រាក់តាមអនឡាញនេះ ហើយទីបំផុតពួកគេ ​ធ្លាក់ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ