អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងរ៉ែថា ក្រុមហ៊ុនមកពីប្រទេសកាណាដា កំពុងសិក្សាលទ្ធភាពបូមប្រេងនៅកម្ពុជា ខណៈប្រទេស៤ផ្សេងទៀតក៏មានបំណងដូចគ្នា

អគ្គនាយកដ្ឋានប្រេងកាត នៃ​ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គិតមកទល់ពេលនេះមានក្រុមហ៊ុនមកពីបណ្តាប្រទេសចំនួន៥ហើយដែលមានបំណង និងកំពុងសិក្សាអំពីលទ្ធភាពវិនិយោគការបូមប្រេងនៅប្លុកអេរបស់កម្ពុជា។ បើតាម អគ្គនាយកដ្ឋានប្រេងកាត ក្នុងចំណោមក្រុមហ៊ុនទាំង៥ គឺក្រុមហ៊ុនមកពីប្រទេសកាណាដា កំពុងសិក្សាវាយតម្លៃនូវលទ្ធភាព និងវិនិយោគលើវិស័យបូមប្រេងនៅប្លុកអេ(អប្សរា)របស់កម្ពុជា។ 

កន្លែងបូមប្រេង
កន្លែងបូមប្រេង © Internet
ផ្សាយពាណិជ្ជកម្ម

លោក ចៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា រដ្ឋកំពុងឱ្យក្រុមហ៊ុនឈ្មោះ Enercam Resource Co. ltdដែលមានប្រភពមកពីប្រទេសកាណាដា សិក្សានូវលទ្ធភាព និងវិភាគទិន្នន័យនានា មុននឹងឈានដល់ការសម្រេចប្រូមប្រេងនៅប្លុកអេរបស់កម្ពុជា ជំនួសកន្លែងរបស់ក្រុមហ៊ុនKris Energy ដែលបានក្ស័យធន់កាលពីឆ្នាំ២០២១កន្លងទៅ។

បើតាម លោក ចៀប សួរ ក្រុមហ៊ុនមកពីប្រទេសកាណាដានេះ នៅមិនទាន់បានបញ្ចប់ការសិក្សានៅឡើយ ខណៈរដ្ឋនៅមិនទាន់ច្បាស់ថា ក្រុមហ៊ុនEnercamនេះ អាចធ្វើការបូមប្រេងនៅប្លុកអេរបស់កម្ពុជានោះដែរ។ តែយ៉ាងណា​ ការចូលខ្លួនមកសិក្សានូវលទ្ធភាពវិនិយោគលើវិស័យប្រូមប្រេងនៅកម្ពុជាដែលបានផ្អាកជិត១ឆ្នាំនេះ គឺជាក្តីសង្ឃឹមថ្មី របស់កម្ពុជា។ ក្តីសង្ឃឹមថ្មី ពីព្រោះថា ប្រទេសកម្ពុជា គឺជាទីតាំងសក្តានុពលសម្រាប់អ្នកវិនិយោគិនបរទេសសម្លឹងមើលឱកាសក្នុងការបូមប្រេងរបស់កម្ពុជា។

ដោយស្ថិតក្នុងស្ថានភាពតម្លៃប្រេងនៅលើពិភពលោកកំពុងឡើងថ្លៃផង អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះបានលើកឡើងថា អ្នកវិនិយោគិនបរទេសតែងតែចាប់អារម្មណ៍ទៅលើប្រទេសដែលមានប្រភពប្រេងល្អដូចកម្ពុជានេះឯង។

ចំណែក ជុំវិញសំណុំរឿងប្រេងឆៅជាង៣០ម៉ឺនបារ៉ែល រឺស្មើប្រមាណជិត៤៧លានលីត្រ ដែលត្រូវបាននាវាMT Strovolos លួចដឹកចេញពីដែនទឹកកម្ពុជា លោក ចៀប សួរ ក៏បានបញ្ជាក់ដែរថា ដំណឹងប្រេងនេះកំពុងវិវត្តន៍ទៅរកភាពវិជ្ជមានច្រើន ដោយអាចនឹងនាំត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។

គួរជម្រាបថា ក្រុមហ៊ុន៤ផ្សេងទៀតដែលមានបំណងចង់មកវិនិយោគការបូមប្រេងនៅកម្ពុជា ខាងអគ្គនាយកដ្ឋានប្រេងកាតមិនទាន់បញ្ជាក់ឈ្មោះក្រុមហ៊ុននីមួយៗបាននោះទេក្រៅពីក្រុមហ៊ុនមកពីប្រទេសកាណាដា។ ក៏ប៉ុន្តែក្រុមហ៊ុនទាំងអស់នោះគឺមានមកពីបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសថៃ ចិន ម៉ាឡេស៊ី និងកាហ្សាក់ស្តង់។

សូមរំឭកបន្តិចថា ប្រេងឆៅរបស់កម្ពុជាជាង៣០ម៉ឺនបារ៉ែល ត្រូវបានក្រុមហ៊ុនMT Strolovos លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីអំឡុងថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១។​ ការលួចដឹកចេញនេះ​ ភាគីក្រុមហ៊ុននាវាដឹកប្រេងបានអះអាងថា ដោយសារតែក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុកអេ រឺហៅថាប្លុកអប្សរារបស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួន ក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន់។ ក្រោយមក នាវាដឹកប្រេងនោះ ក៏ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់បាន និងរក្សាទុកប្រេងរបស់កម្ពុជា ខណៈភាគីកម្ពុជាកំពុងរៀបចំនិតិវិធីបញ្ចូនប្រេងមកកម្ពុជាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ