អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អ្នកវិភាគ៖ វត្តមានរបស់លោក Antony Blinken នៅកម្ពុជា នឹងអាចជម្រះភាពមិនយល់គ្នាមួយចំនួនរវាងកម្ពុជា-អាមេរិក

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៣ ខែសីហា ស្អែក ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៩ រួមនឹងរដ្ឋមន្ត្រីការបរទេស និងតំណាងនានារបស់ប្រទេសនានាជាច្រើនទៀតដែលកម្ពុជាបានអញ្ជើញក្នុងនាមជាម្ចាស់ផ្ទះ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញពេលនេះ ក៏នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី តែមិនមានរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងភូមាទេ។

 Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក
Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក AP - Manuel Balce Ceneta
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក Antony Blinkenនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាចាប់ពីថ្ងៃទី ០៣ដល់ទី០៥ ខែសីហា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov រួមនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសឧស្សាហកម្មជឿនលឿន និងតំណាងជាច្រើនទៀតប្រមាណជាង៣០ប្រទេស។

នៅតំបន់អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន ៩ នឹងមានវត្តមាន នៅក្នុងកិច្ចប្រជុំនេះ តែមិនមានភូមាទេ ដោយរដ្ឋាភិបាលរបបសឹកមួយនេះ ត្រូវគេផាត់ចោល ព្រោះតែមិនបានអនុវត្តជាផ្លែផ្កានូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។

ទាក់ទងទៅនឹងការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះ លោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព បានមើលឃើញថា សហរដ្ឋអាមេរិកចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាការផ្តល់តម្លៃដល់សមាជិកអាស៊ាន ដែលជាតួអង្គសំខាន់នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់។

តាមលោក វណ្ណ ប៊ុនណា ការចូលរួមរបស់លោក Blinken ពេលនេះ ក៏ជាការពង្រឹងឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន និងមានឱកាសលើកឡើងពីកង្វល់នានាជាមួយមេដឹកនាំប្រទេសមហាអំណាចផ្សេងទៀត ដូចជាបញ្ហាអ៊ុយក្រែន បញ្ហាភូមា និងការវិវត្តន៍នៃបញ្ហាតៃវ៉ាន់ជាដើម។ មួយវិញទៀតវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ជាឱកាសមួយសម្រាប់កម្ពុជាដែរ ក្នុងការនិយាយត្រង់ទៅត្រង់មកតាមរយៈជំនួបទ្វេភាគីនូវបញ្ហាមិនយល់គ្នាមួយចំនួនរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken  ក្រៅពីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាម៉េរិក លោកនឹងធ្វើដំណើរទៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដើម្បីជួបជាមួយប្រធានាធិបតី Ferdinand Romualdez Marcos និង រដ្ឋមន្ត្រីការបរទេស Enrique Manalo ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ