អានតួអត្ថបទ
កម្ពុជា-សង្គម

ទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិកនៅតៃវ៉ាន់ ទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋខ្មែរយ៉ាងខ្លាំង

ពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាតាមដានតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងតាមបណ្តាញទំនាក់ទំនងសង្គមនានាពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់កាលពីយប់ម្សិលមិញ។ អ្នកតាមដានសង្គម និងនយោបាយនានាមើលឃើញថាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកោះតៃវ៉ាន់ បានទាញការចាប់អារម្មណ៍ខ្លាំងពីមហាជនខ្មែរ ក៏ដោយសារតែពួកគេចង់បង្ហាញនូវការយល់ឃើញ និងចង់បញ្ចេញមតិជុំវិញរឿងអន្តរជាតិជាជាងបញ្ចេញមតិលើរឿងក្នុងស្រុកដែលប្រកបដោយការព្រួយបារម្ភ។

ពលរដ្ឋខ្មែរតាមដានតាមបណ្តាញទំនាក់ទំនងសង្គមនានាពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់
ពលរដ្ឋខ្មែរតាមដានតាមបណ្តាញទំនាក់ទំនងសង្គមនានាពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ © សហការី
ផ្សាយពាណិជ្ជកម្ម

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាសហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរតាមយន្តហោះយោធាទៅដល់​តៃវ៉ាន់ហើយ នៅយប់ថ្ងៃអង្គារ ២ខែសីហាម្សិលមិញ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ដ៏កម្រមួយរបស់​ប្រធានរដ្ឋសភា​អាមេរិក​ចាប់តាំង​ពី​ឆ្នាំ១៩៩៧មក។

នៅកម្ពុជាឯណេះវិញ ស្ទើរតែពេញមួយយប់ពលរដ្ឋខ្មែរបាននាំគ្នាតាមដានការវិវត្តន៍នៃការធ្វើដំណើររបស់លោកស្រី ប៉េឡូស៊ី ពីម៉ាឡេស៊ីទៅកាន់ព្រលានយន្តហោះយោធាមួយនៃទីក្រុងតៃប៉ិ ដោយខ្លះអះអាងថាស្ត្រីប្រធានសភាអាមេរិករូបនេះ នឹងមិនហ៊ានធ្វើដំណើរទៅតៃវ៉ាន់ទេ ក្រោយមានការព្រមានខ្លាំងៗពីសំណាក់ចិនដីគោក។ រីឯខ្លះទៀត សរសេរតទល់គ្នាលើហ្វេសប៊ុក ព្រមទាំងមានជំនឿថា លោកស្រី ប៉េឡូស៊ី ហ៊ានទៅទស្សនកិច្ចនៅតៃវ៉ាន់ ដោយពួកគេហ៊ានភ្នាល់គ្នាទៀតផង។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងសង្គមមួយរូប មើលឃើញថាពលរដ្ឋខ្មែរបានចាប់អារម្មណ៍បញ្ហានយោបាយជ្រាលជ្រៅ ក៏ប៉ុន្តែដោយសារមានការបារម្ភពីសុវត្ថិភាពពួកគេមិនសូវហ៊ានចាប់អារម្មណ៍នយោបាយក្នុងស្រុកទេ។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាពិសេសអ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយ។ លោកថា ដំណើរទស្សនកិច្ចនេះ អាចជាប់ទាក់ទងទៅនឹងការលើកទឹកចិត្តដល់អ្នកប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក រ៉ីម សុខវី សហស្ថាបនិក និងជាអ្នកគ្រប់គ្រងកម្មវិធីនៃវេទិការ The Thinker Cambodia មើលឃើញថាបញ្ហាតានតឹងរវាងចិន និងតៃវ៉ាន់ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក បានជះឥទ្ធិពលមកលើប្រទេសកម្ពុជាដែរ ដោយលោកយល់ថាប្រសិនបើមានជម្លោះរវាងមហាយក្សទាំងពីរ នោះទណ្ឌកម្មរបស់អាមេរិកនឹងធ្លាក់មកលើក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថាប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានធ្វើដំណើរទៅដល់តៃវ់ាន់ដោយសុវត្ថិភាពនៅយប់ថ្ងៃអង្គារ និងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃពុធនេះ ក្រោមក្រសែភ្នែកឃ្លាំមើលពីក្រុងប៉េកាំង ដែលចិនដីគោកមួយនេះកំពុងរៀបចំធ្វើសមយុទ្ធយោធាដំណាលគ្នានៅក្បែកោះតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ