អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អាស៊ានត្រៀមចិត្តពិចារណា «កិច្ចព្រមព្រៀងទាំង៥ចំណុច» ប្រសិនបើភូមាបន្តប្រហារជីវិតអ្នកទោស

អាស៊ាននឹងត្រៀមចិត្តពិចារណាឡើងវិញ ទៅលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលជាការឯកភាពជាមួយរបបសឹកភូមា កាលពីខែមេសាឆ្នាំ២០២១។ ពីទីក្រុងភ្នំពេញ ប្រធានអាស៊ានប្តូរវេន បញ្ជាក់ថា សមាជិកអាស៊ានទាំងអស់ នឹងបង្ខំចិត្តគិតគូរឡើងវិញ ប្រសិនបើរបបសឹកភូមា បន្តប្រហារជីវិតអ្នកទោស ដែលជាសកម្មជនប្រឆាំង។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

សភាពការណ៍ភូមានៅពេលនេះកំពុងប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចទៅទៀត ក្រោយតែរបបសឹកបានអនុវត្តការប្រហារជីវិតលើសកម្មជនប្រឆាំង៤រូប។ នេះគឺការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ក្នុងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃពុធនេះ ពីទីក្រុងភ្នំពេញ។

នៅចំពោះមុខស្ថានការណ៍ច្រាក់ស្រេះភូមា ប្រធានប្តូរវេនអាស៊ាន បានសង្កត់ពាក្យរបស់ខ្លួនថា អាស៊ាននឹងត្រូវគិតគូរឡើងវិញអំពីតួនាទីរបស់ខ្លួន ជុំវិញកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ក្នុងករណីដែលរបបសឹកភូមាបន្តប្រហារជីវិតលើសកម្មជនប្រឆាំង។

ក្នុងសុន្ទរកថាចំនួន៧ទំព័រ ប្រធានអាស៊ានប្តូរវេន លោក ហ៊ុន សែន បានរៀបរាប់ពីបញ្ហាស្មុគស្មាញភូមា ថា​ អាស៊ានបានចាយពេលវេលា និងថាមពលរបស់ខ្លួនយ៉ាងច្រើន ដើម្បីជួយភូមារកដំណោះស្រាយនយោបាយ។ ហើយបើទោះជារងការរិះគន់យ៉ាងណា លោក ហ៊ុន សែន អះអាងថា អាស៊ាននឹងបន្តការងារនេះ ដោយធានាមិនឲ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ។

បើតាមលោក ហ៊ុន សែន ការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុច ដែលឯកភាពគ្នាជាមួយរបបសឹកកាលពីខែមេសាឆ្នាំកន្លងទៅ មិនទាន់មានភាពជឿនលឿនតាមបំណងដែលអាស៊ានប៉ង ក៏ប៉ុន្តែហោចណាស់ ការខិតខំក៏សម្រេចបានផ្នែកខ្លះទៅលើការងារផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋភូមា។

ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈ របបសឹកភូមាបានយល់ព្រមទៅលើកិច្ចព្រមព្រៀងចំនួន៥ចំណុចជាមួយនឹងអាស៊ាន។ កិច្ចព្រមព្រៀងទាំង៥ចំណុច គឺផ្តោតទៅលើការបញ្ឈប់អំពើហិង្សា ការសន្ទនាជាមួយភាគីទាំងអស់ដោយន័យស្ថាបនា ការសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាន ការផ្តល់ជំនួយមនុស្សធម៌ និងការសម្រួលដល់ប្រសិតពិសេសឲ្យបានជួបជាមួយភាគីនយោបាយទាំងអស់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ