អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន៖ សិង្ហបុរីចង់បន្ថយសម្ព័ន្ធភាពជាមួយភូមា បើស្ថានការណ៍គ្មានការវិវត្តជាវិជ្ជមាន

កិច្ច​ប្រជុំ​រដ្ឋ​មន្ដ្រី​ការបរទេស​អាស៊ាន កាល​ពី​រសៀល​ម្សិលមិញ ដ្បិត​តែ​មាន​របៀប​វារៈ​ជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​វិបត្តិ​នៅ​ភូមា គឺ​ជា​បញ្ហា​ក្ដៅ​គគុក​ដែល​រដ្ឋមន្ដ្រីការ​បរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ខ្លាំង​បំផុត​។ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ បញ្ជាក់​ថា អាស៊ាន​អាច​នឹង​ពិនិត្យ​ឡើង​វិញ​ លើ​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច ​ដែល​​បាន​ឯកភាព​ជាមួយភូមា បន្ទាប់​ពី​ស្ថានការណ៍​នៅ​ភូមា​វិវត្ត​កាន់​តែធ្ងន់ធ្ងរ​ជាង​មុន​។ ចំណែក​សិង្ហបុរី​វិញ ក្រោយ​កិច្្ច​ប្រជុំ​កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ជំហរ​ដាច់​ណាត់ ចង់​កាត់​បន្ថយ​សម្ព័ន្ធភាព​ជាមួយ​ភូមា​តែ​ម្ដង បើ​វិបត្តិ​នៅ​ភូមា គ្មាន​ការ​វិវត្ត​ជា​វិជ្ជមាន​ទេ​នោះ​។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​វិបត្តិ​នយោបាយ​នៅ​ភូមា ក្លាយ​ជា​ប្រធានបទ​ធំ គ្រប​ដណ្ដប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ដ្រី​ការ​បរទេស​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​សប្ដាហ៍​នេះ​។ ដ្បិត​តែ​អាស៊ាន​មាន​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​រវាង​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃ​ទី​០៣​សីហា​ម្សិលមិញ ប្រមុខ​ការទូត​អាស៊ាន​បាន​បង្ខំ​ចិត្ត​លើក​យក​វិបត្តិ​នៅ​ភូមា​មក​ជជែក​ពិភាក្សា ហើយ​កិច្ច​ពិភាក្សា​នោះ​ទៀត​សោត ក៏​មាន​ទម្ងន់​ធ្ងន់​ដូច​ប្រឹថពី​។

នៅ​ក្រោយ​កិច្ច​ប្រជុំ សិង្ហបុរី​បាន​លើក​ឡើង​ថា ការ​ទាក់ទង​ចរចា​ជាមួយ​ភូមា គ្មាន​តម្លៃ​អ្វី​ណាស់​​ណា​ទេ ប្រសិន​បើ​ភូមា​នៅ​តែ​មិន​គោរព​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន សម្រាប់​សន្តិភាព​នៅ​ភូមា​។ រដ្ឋ​មន្ដ្រី​ការទូត​ឥណ្ឌូនេស៊ី លោក​ស្រី Retno Marsudi នៅ​ក្នុង​សន្និសីទ​កាសែត​នា​យប់​ថ្ងៃ​ពុធ​ទី​០៣​សីហា បាន​លើក​ឡើង​ពី​ការ​រំលោភ​កិច្ច​សន្យា​ជា​ច្រើន​របស់​របប​សឹក​ភូមា។ និង​ថា ឥណ្ឌូនេស៊ីមិន​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត ឬ សុច្ឆន្ទៈ​ណាមួយ​ពី​របប​យោធា​ភូមា ក្នុង​ការ​អនុវត្ត​ផែនការ​សន្តិភាព​ដែល​ភូមា​បាន​យល់​ព្រម​ជាមួយ​អាស៊ាន​កាល​ពីខែ​មេសា​ឆ្នាំ​២០២១​នោះឡើយ​។

ចំណែក​ប្រមុខ​ការទូត​ម៉ាឡេស៊ី លោក Saifuddin Abdullah លើក​ឡើង​ថា ទង្វើ​របស់​របបសឹកភូមា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ខក​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ផ្គើន​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​របប​សឹក​ភូមា​ខ្លួន​​ឯង​បាន​ឯកភាព​ជាមួយ​អាស៊ាន​ថែមទៀត​។​ សម្រាប់​ម៉ាឡេស៊ី ការណ៍​ដែល​ភូមា​មិន​គោរព​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច បង្ហាញ​ពី​ការ​មិន​គោរព​ មិន​ឲ្យ​តម្លៃ​អាស៊ាន ​និយាយ​ជា​រួម និង​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន និយាយ​ដោយ​ឡែក​។

លោក​ទូត​ម៉ាឡេស៊ី​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ស្ថានការណ៍​នៅ​ភូមា​ត្រូវ​តែ​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​ជាង​នេះ មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ខែ​វិច្ឆិកា ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទំនង​ជា​ត្រូវ​ពិភាក្សា​ថា តើ​គួរ​ផាត់​ភូមា​ចេញ​ពី​អាស៊ាន​ឬ​យ៉ាង​ណា​។

ចំណែក​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំរដ្ឋ​មន្ដ្រី​ការបរទេស​អាស៊ាន ទទួល​ស្គាល់​ថា វិបត្តិ​នៅ​ភូមា មាន​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ដែល​ត្រូវ​ការ​ពេលវេលា​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ច្រើន​ទៀត​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ទើប​អាច​ជួយ​រក​ដំណោះ​ស្រាយនយោបាយ​​ឲ្យ​ភូមាបាន​។ សម្រាប់​កម្ពុជា ដ្បិត​តែ​ការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុច មិនទាន់មានភាពជឿនលឿនតាមបំណងដែលអាស៊ានប៉ងក៏​ពិត​មែន ក៏ប៉ុន្តែហោចណាស់ ការខិតខំក៏សម្រេចបានផ្នែកខ្លះ​ដែរ ជា​ពិសេស​ការ​ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋភូមា​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់ និង​ជា​បន្ទាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ