អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រមុខការទូតអាមេរិក៖ «អាមេរិក​ចង់​ឃើញ​កម្ពុជាមាន​លទ្ធិប្រជាធិបតេយ្យពហុបក្ស មិនមែនប្រជាធិបតេយ្យ​ឯកបក្ស​»

ប្រមុខការទូតអាមេរិក លោក Antony Blinken បានធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃសុក្រនេះ ក្រោយពេលលោកបានចូល​រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅ​ទីក្រុង​ភ្នំពេញ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត លោក Antony Blinken បញ្ជាក់​ថា ក្នុងជំនួបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានបញ្ជាក់ជំហររបស់​សហរដ្ឋ​អាមេរិក អំពីទំនាក់ទំនងរវាង​អាមេរិកនិងកម្ពុជា។ សម្រាប់លោក Blinken ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែបន្តមានរនាំង។ ប៉ុន្តែអាមេរិកនឹងបន្តគាំទ្រកម្ពុជា ឲ្យមាន​ប្រជាធិបតេយ្យពហុបក្សពេញ​លេញ មិនមែនប្រជាធិបតេយ្យ​ឯកបក្សឡើយ។ 

លោក Antony Blinken ប្រមុខការទូតអាមេរិក
លោក Antony Blinken ប្រមុខការទូតអាមេរិក © FB
ផ្សាយពាណិជ្ជកម្ម

ជាដំបូង យើងបានប្រើពេលយ៉ាងយូរមួយ ដើម្បីផ្លាស់ប្តូរបញ្ហាមួយចំនួន នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញនេះ។ យើងបានបញ្ជាក់យ៉ាងច្បាស់ ពីបំណងប្រាថ្នាដ៏មោះមុតរបស់អាមេរិក នោះគឺភាពវិជ្ជមាននៃទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា។ ខ្ញុំពិតជាចង់ឲ្យមានច្រើន! ក៏ប៉ុន្តែរនាំងនៅចំពោះមុខនៃការពង្រឹងទំនាក់ទំនងរបស់ពួកយើង គឺ បញ្ហាគោរពសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យ។

ក្នុងនាមជាមិត្តរបស់កម្ពុជា​ យើងទទូចឲ្យកម្ពុជា គោរពរាល់កាតព្វកិច្ចអន្តរជាតិទាំងអស់ ក៏ដូចជាប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិមនុស្ស សេរីភាព រួមទាំងពិចារណាទៅលើការរិះគន់ទាំងឡាយ ចំពោះការកែប្រែរដ្ឋធម្មនុញ្ញរបស់កម្ពុជា ពេលថ្មីៗនេះ។

អាមេរិក​ក៏​បានបង្ហាញពីក្តីបារម្ភ ហើយក៏នឹងបន្តបញ្ជាក់ពីការគាំទ្ររបស់ពួកយើង ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យបែបពហុបក្ស។ សហរដ្ឋអាមេរិក មិនដែលយកចិត្តទុកដាក់ចំពោះលក្ខណៈបុគ្គល ឬគណបក្សណាមួយឡើយ។ យើងបន្តឲ្យតម្លៃ និងធ្វើឲ្យប្រាកដថា ដំណើរការនេះ មាន​លក្ខណៈ​បើកចំហរ តម្លាភាព និងអនុញ្ញាតឲ្យមានការចូលរួមយ៉ាងពេញលេញពីតំណាងប្រជាជនកម្ពុជាទាំងអស់។

ខ្ញុំក៏បានលើកឡើងពីករណីព្រួយបារម្ភមួយចំនួន នៅពេលនិយាយដល់បញ្ហាសិទ្ធិមនុស្ស។ ហើយបញ្ហានេះ យើងបានផ្តោតទាំងលើបញ្ហាជាប្រព័ន្ធ និងបញ្ហាជាក់លាក់។ ដូច្នេះទើបខ្ញុំបានបញ្ជាក់ពីចំនួនមនុស្ស ដែលអាមេរិកមានក្តីបារម្ភ រួមមាន ពលរដ្ឋខ្មែរអាមេរិកាំ កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ហើយកាលពីព្រឹកមិញនេះ ខ្ញុំក៏បានជួប លោក កឹម សុខា ដែលជាតួអង្គមេដឹកនាំអតីត​បក្សប្រឆាំង។ ជាថ្មីម្តងទៀត គោលបំណងរបស់អាមេរិក មិនមែនសំដៅ​ដល់បុគ្គលណាមួយឡើយ តែសំដៅ​ដល់គោលការណ៍នៃតម្រូវការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងតម្លាភាព ដែលនឹងជួយពង្រឹងដល់ភាពរឹងមាំរបស់កម្ពុជា ទាំង​នៅ​ទាំង​ក្នុង​ស្រុក និង​នៅលើពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ