អានតួអត្ថបទ
កម្ពុជា-អាស៊ាន

សង្រ្គាមនៅអ៊ុយក្រែនអាស៊ានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងដោះស្រាយជម្លោះដោយសន្តិវិធី

ក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ជុំវិញបញ្ហាសង្រ្គាមរុស្ស៊ីអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលធ្វើឡើង កាលពីថ្ងៃទី០៣ ខែសីហា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ ខែសីហា
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ ខែសីហា © ASEAN
ផ្សាយពាណិជ្ជកម្ម

បញ្ហាសង្រ្គាមរុស្ស៊ីអ៊ុយក្រែន​ រដ្ឋមន្ត្រីការបរទេសអាស៊ាន ៩ប្រទេស បានបន្តអះអាងឡើងវិញនូវការគោរពចំពោះអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដី។ អាស៊ានក៏បាន​បាន​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​​ឱ្យមានការ​គោរព​តាមច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ៣០ទំព័រនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែសីហា ដែលមានរដ្ឋមន្ត្រីការបរទេសកម្ពុជាជាប្រធាននៃកិច្ចប្រជុំនេះ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ក្រៅពីនេះរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានអំពាវនាវឱ្យមានការសម្របសម្រួលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ឲ្យបានឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំងចំពោះអ្នក ដែលត្រូវការជំនួយនៅអ៊ុយក្រែន និងសម្រាប់ការការពារជនស៊ីវិល បុគ្គលិកមនុស្សធម៌ និងអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។

សង្រ្គាមរុស្ស៊ីអ៊ុយក្រែនបានជំរុញឲ្យសហគមន៍អន្តរជាតិជាពិសេសហរដ្ឋអាមេរិក និងអឺរ៉ុប ទម្លាក់កញ្ចប់ទណ្ឌកម្មជាបន្តបន្ទាប់ លើប្រទេសរុស្ស៊ី។ ក្នុងជំនួបកាលពីថ្ងៃទី០៤ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ឱ្យអាមេរិកពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំងកម្ពុជាផង។

ក្នុងជំនួបដាច់ដោយឡែកមួយទៀត ជាមួយលោក Josep Borrll Fontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានស្នើឲ្យអឺរ៉ុបពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស្ស៊ីទេ ប៉ុន្តែវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមនៅអឺរ៉ុប។

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនក៏បាន និងកំពុងបង្កឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនៅអឺរ៉ុប ក៏ដូចជាតំបន់របស់យើងផងដែរ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាសង្គ្រាមនេះ បានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច, បង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរ ដល់សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៅទៀតនោះគឺការគំរាមកំហែងឱ្យ ពិភពលោកមានការបែកខ្ញែកជាថ្មីទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ