អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ប្រសិតពិសេសអាស៊ាន ថាលោកទំនងដកគម្រោងទស្សនកិច្ចលើកទី៣ទៅភូមា ហើយរង់ចាំមើលភាពវិជ្ជមានជាមុន

ប្រសិតពិសេសអាស៊ាន លោក ប្រាក់ សុខុន បានបញ្ជាក់ថា លោកប្រហែលជាដកគម្រោងទស្សនកិច្ចជាលើកទី៣នៅភូមា នាដើមខែកញ្ញា ដោយរង់ចាំមើលការវិវត្តន៍ភាពវិជ្ជមាននៃស្ថានភាពក្នុងប្រទសភូមា។ ការបញ្ជាក់របស់ប្រេសិតពិសេសអាស៊ាន ពេលនេះ ធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍នេះ អំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។

លោក ប្រាក់​​ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
លោក ប្រាក់​​ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បញ្ហាភូមា បានក្លាយជាដុំថ្មដ៏ក្តៅគគុកមួយ ក្នុងចំណោមដុំថ្មផ្សេងទៀត ដែលអាស៊ានលើកមកជជែកដេញដោលក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នាទីក្រុងភ្នំពេញ។ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃសៅរ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រសិតពិសេសអាស៊ាន លើកឡើងថា អាស៊ាននៅតែបន្តជំរុញឲ្យរបបសឹកយោធាភូមា ធ្វើយ៉ាងណាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច កាលពីខែមេសាឆ្នាំ២០២១។

យ៉ាងណាមិញតាំងពីខែកញ្ញាឆ្នាំកន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ លោក ប្រាក់ សុខុន បញ្ជាក់ថា អាស៊ានមិនឃើញមានវឌ្ឍនភាពអ្វីទាល់តែសោះ ក្រៅតែពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋភូមា។ នៅចំពោះមុខវឌ្ឍនភាពដែលមានតែបន្តិចបន្តួច អាស៊ាននឹងបន្តឃ្លាំមើលពីភាពវិជ្ជមានរហូតដល់ខែវិច្ឆិកា ដែលជាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ បើតាមលោក ប្រាក់ សុខុន ការប្រហារជីវិតសកម្មជនប្រឆាំង៤រូប ពីសំណាក់របបសឹក គឺជាការដែលធ្វើឲ្យអាស៊ានបានបាត់បង់ជំនឿទៅលើរបបសឹក។

នៅទន្ទឹមនៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានទៅកាន់ភូមា ចំនួន២ដងកន្លងមក លោក ប្រាក់ សុខុន បានគូសរំលេចថា លោកបានមើលឃើញពីក្តីសង្ឃឹមខ្លះ បើទោះបីជាលោកមិនបានជួបតួអង្គលោកស្រី អង់សាន ស៊ូជី ក៏ដោយ។ តែចំពោះគម្រោងទស្សនកិច្ចលើកទី៣ ដែលហៀបធ្វើនៅដើមខែកញ្ញា ប្រេសិតពិសេសអាស៊ានរូបនេះ លើកឡើងថា លោកប្រហែលជាលុបចោលគម្រោងនេះ ហើយរង់ចាំមើលពីវឌ្ឍភាពដែលរបបសឹកនឹងអនុវត្ត។ វឌ្ឍនភាពដែលអាស៊ាននឹងឃ្លាំមើល គឺ ការបញ្ចប់អំពើហិង្សា រួមទាំងការអនុញ្ញាតឲ្យប្រេសិតពិសេសអាស៊ាន ជួបជាមួយលោកស្រី អង់សាន ស៊ូជី។ នេះបើតាមការបញ្ជាក់របស់លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

សម្រាប់អាស៊ាន ប្រសិនបើរបបសឹកមិនអនុវត្តអ្វីបានផ្លែផ្កានោះទេ នោះភូមាក៏នឹងត្រូវផាត់ចេញពីកិច្ចប្រជុំកំពូលពេលខាងមុខ ហើយអាស៊ាននឹងបន្តរក្សាទម្រង់បែបនេះ រហូតដល់របបសឹកអនុវត្តតាមកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង៥ចំណុច។ លោក ប្រាក់ សុខុន អះអាងថា ក្នុងនាមជាប្រេសិតពិសេសអាស៊ាន លោកនឹងមិនបោះបង់ភូមាជាដាច់ខាត ព្រោះលោកមិនចង់ឃើញភូមាធ្លាក់ទៅក្នុងសោកនាដកម្ម ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ។ ក៏ប៉ុន្តែប្រមុខការទូតកម្ពុជារូបនេះ ថា លោកមិនមែនជាវីរៈបុរសនោះទេ លោកគ្រាន់តែជាប្រេសិតពិសេសអាស៊ានប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ