អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងមូលដ្ឋានទ័ពរាម ទំនងអាចស្ថិតក្នុងរបៀបវារៈនៃជំនួបរវាងកម្ពុជា និងជប៉ុន

កិច្ចប្រជុំនៅព្រឹកថ្ងៃសៅរ៍ ដែលធ្វើឡើងរវាងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា នឹងទំនងអាចពិភាក្សាជុំវិញសំណុំរឿងមូលដ្ឋានកងទ័ពជើងទឹករាម ដែលមានភាពចម្រូងចម្រាស និងមានការទាមទារពីសំណាកបណ្តាប្រទេសមួយចំនួន ឱ្យភាគីកម្ពុជាបង្ហាញនូវតម្លាភាពមូលដ្ឋានទ័ពរាម។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់សុំមិនបញ្ចេញឈ្មោះ។ 

លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ក្នុងកិច្ចប្រជុំទ្វេភាគីកាលពីព្រឹកថ្ងៃទី០៦ សីហា ឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ក្នុងកិច្ចប្រជុំទ្វេភាគីកាលពីព្រឹកថ្ងៃទី០៦ សីហា ឆ្នាំ២០២២ © FB-SPM
ផ្សាយពាណិជ្ជកម្ម

បញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនៅតែជាប្រធានបទក្តៅដែលមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសមហាអំណាចមួយចំនួនដូចជា សហរដ្ឋអាមេរិកជាដើម ជំរុញឱ្យកម្ពុជា បង្ហាញនូវតម្លាភាពឱ្យបានពេញលេញជុំវិញសំណុំរឿងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍យោធារបស់ប្រទេសចិន។  

ដោយឡែក ក្នុងជំនួបទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ក៏ត្រូវបានមន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់សុំមិនបញ្ចេញឈ្មោះបានអះអាងដែរថា កិច្ចប្រជុំនៅព្រឹកថ្ងៃសៅរ៍ ទី០៦ សីហានេះ ក៏អាចនឹងពិភាក្សា រួមទាំងស្នើឱ្យកម្ពុជាបង្ហាញនូវរបាយការណ៍ និងតម្លាភាពនៅមូលដ្ឋានទ័ពរាមផងដែរ។ តែយ៉ាងណា ការបង្ហើបឱ្យដឹងនេះ ភាគីកម្ពុជាមិនបានផ្តល់ព័ត៌មានជាក់លាក់នោះទេ ក្រោយកិច្ចប្រជុំបានបញ្ចប់។

ជុំវិញរឿងមូលដ្ឋានទ័ពរាមនេះ កាលពីថ្ងៃទី០៤ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក អែនតូនី ប្លីងខិន ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជំរុញឱ្យលោកហ៊ុន សែន បង្ហាញនូវ តម្លាភាពពេញលេញអំពីសកម្មភាពរបស់ប្រទេសចិន នៅមូលដ្ឋានទ័ពសមុទ្ររាមកម្ពុជា។

ហើយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកវិញបានឱ្យដឹងថា លោកប្លីងខិនប្រកាន់ជំហរថា វត្តមានផ្ដាច់មុខតែឯកឯងរបស់ចិននៅមូលដ្ឋានទ័ពរាម នឹងបង្កហានិភ័យ ហើយបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ ជាពិសេសឯកភាពនៅក្នុងសមាគមអាស៊ាន។

វិទ្យុបារាំងអន្តរជាតិRFIនៅមិនទាន់អាចសុំការឆ្លើយតបពីលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា និងលោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្របាននៅឡើយទេ។

បើយោងតាមការចុះផ្សាយពីគេហទំព័របរទេសឈ្មោះថា Asian Maritime Transparency Initiative បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មូលដ្ឋានទ័ពរាមមានការប្រែប្រួលច្រើន ដោយសំណង់អគារចំនួន១២បានសាងសង់រួចកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ដែលស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងជើងនៃផែថ្មី។

ប្រព័ន្ធផ្កាយរណបបានបង្ហាញឱ្យឃើញថាទៀត ការ​ឈូស​ឆាយ​ដីជាបន្តបន្ទាប់​បាន​ចាប់​ផ្តើម​នៅ​ចុង​ខាង​លិច​នៃ​ផ្លូវ​ក្រោយ​មន្ទីរពេទ្យ​ ពោលគឺនៅ​ខាង​កើត​នៃ​មូលដ្ឋានទ័ព។ ក្រោយមក អគារថ្មីទំហំ 40 x 15 ម៉ែត្រត្រូវបានសាងសង់ ហើយគ្រឹះប្រហែល 75 x 100 ម៉ែត្រត្រូវបានគេដាក់សម្រាប់ការសាងសង់អគារបន្ថែមទៀត។

ដោយឡែក កាលពីកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របាយការណ៍សិក្សាថ្មីរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ចេញផ្សាយថា មានកប៉ាល់ពីរគ្រឿងកំពុងបូមខ្សាច់ចេញពីមូលដ្ឋានកងទ័ពជើងទឹករាម នៅចន្លោះថ្ងៃទី១៣ដល់ថ្ងៃទី១៥មករា។ តាមរយៈរូបភាពដែលថតបានតាមប្រព័ន្ធផ្កាយរណប នាវាចំនួនពីរកំពុងប្រតិបត្តិបូមខ្សាច់នៅក្រៅឆ្នេរសមុទ្ររាម ដោយមានអមដោយកប៉ាល់ផ្ទុកមួយគ្រឿងផងដែរ។

ទោះបីគ្មានការឆ្លើយតបពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ ប៉ុន្តែលោក ទៀ បាញ់ ធ្លាប់បានបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានអភិវឌ្ឍន៍ដោយភាគីចិន តែមិនមែនជាផែនការសម្រាប់ចូលចតរបស់យោធាចិនផ្ដាច់​មុខ​តែ​ឯង​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ