អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងបាត់ប្រេង៖ ក្រសួងរ៉ែបដិសេធមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

ក្រសួងរ៉ែ និងថាមពលបានអះអាងថា សំណុំរឿងបាត់ប្រេងជាង៣០ម៉ឺនបារ៉ែលនាពេលកន្លងមក មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់មន្ត្រីកម្ពុជាឡើយ។ ប៉ុន្តែនេះជារឿងអកុសលដែលក្រុមហ៊ុនកប៉ាល់ដឹកប្រេងឈ្មោះថា MT Strovolous លួចដឹកប្រេងចេញពីដែនទឹកកម្ពុជា​ក្រោមហេតុផលបញ្ហាអាកាសធាតុ បន្ទាប់ពីក្រុមហ៊ុនរុករកប្រេងឈ្មោះKris Energyមិនបានទូទាត់សំណងមកឱ្យខ្លួន។ តែយ៉ាងណា លោក បានបញ្ជាក់ថា ដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ កំពុងស្ថិតក្នុងផលវិជ្ជមាន។ 

ក្រុមហ៊ុនកប៉ាល់ដឹកប្រេង MT Strovolous
ក្រុមហ៊ុនកប៉ាល់ដឹកប្រេង MT Strovolous © FB
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល លោក  ម៉េង សក្តិធារ៉ា រដ្ឋលេខាធិកាក្រសួងរ៉ែ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាតបានឱ្យដឹងថា មន្ត្រីទាំងអស់ដែលទទួលបន្ទុកក្នុងសំណុំរឿងបាត់ប្រេងជាង៣០ម៉ឺនបារ៉ែលនេះ​មិនមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រឺឃុបឃិតគ្នាដើម្បីផលប្រយោជន៍បុគ្គលណាមួយឡើយ។

ផ្ទុយទៅវិញ ការបាត់ប្រេងប្រមាណ៤៧លានលីត្រកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០កន្លងទៅ គឺជារឿងមិនគួរឱ្យកើតមានឡើយ។ មិនគួរឱ្យកើតមានក៏ដោយសារ ក្រុមហ៊ុនកប៉ាល់ដឹកប្រេង MT Strovolous បែរជាយកហេតុផលបញ្ហាអាកាសធាតុដើម្បីសុំដកយុថ្កាចេញពីទីតាំងបូមប្រេងរបស់កម្ពុជា ដើម្បីទប់លំនឹងកប៉ាល់ពីបញ្ហាព្យុះ។

លោក សក្តិធារ៉ា បន្តថា ក្រោយស្នើសុំដកយុថ្ការួច កប៉ាល់ដឹកប្រេងបែរជាបើករត់ចេញពីដែនទឹករបស់កម្ពុជានៅពាក់កណ្តាលអាធាត្រ ហើយឆ្មាំសមុទ្ររបស់កម្ពុជាមិនអាចចាប់កប៉ាល់បានទាន់ពេលវេលាដោយសារតែ កប៉ាល់នោះបានឆ្លងចូលទៅកាន់ដែនទឹករបស់ប្រទេសថៃនៅម៉ោងប្រមាណ៩ព្រឹករួចបាត់ទៅហើយ។

តែយ៉ាងណា លោក សក្តិធារ៉ាពន្យល់ថា ភាគីកម្ពុជាស្នើឱ្យភាគីថៃឃាត់កប៉ាល់នោះទុក ប៉ុន្តែក្រោយមកភាគីថៃក៏បានដោះលែងឱ្យកប៉ាល់ MT Strovolous បន្តដំណើរទៅមុខទៀត និងក្រោយមក កប៉ាល់ក៏បានឆ្លងចូលទៅកាន់ដែនទឹករបស់ប្រទេសឥណ្ឌូនេស៊ី និងដែនទឹករបស់ប្រទេសបង់ក្លាដែស។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែរូបនេះ បន្តថា បន្ទាប់ពីកប៉ាល់ដឹកប្រេងទៅបាត់ ភាគីកម្ពុជាបានប្រើប្រាស់យន្តការចរចារតាមច្បាប់អន្តរជាតិ និងគោលការណ៍ពាណិជ្ជកម្មជាមួយប្រទេសជាប់ពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណានាំប្រេងមកកម្ពុជាវិញ និងធានាបាននូវផលប្រយោជន៍របស់ជាតិ។

ក្នុងសន្នីសិទដដែល លោក សក្តិធារ៉ា ថ្លែងឱ្យដឹងទៀតថា កប៉ាល់បានធ្វើដំណើរចេញពីប្រទេសបង់ក្លាដេស និងបានចូលចតក្នុងប្រទេសថៃ។ ហើយភាគីទាំងអស់បានស្នើឱ្យភ្នាក់ងារឯករាជ្យមួយដើម្បីពិនិត្យគុណភាពប្រេង និងបរិមាណប្រេង ហើយជាលទ្ធផលគឺបរិមាណប្រេងគឺនៅគ្រប់ចំនួន ខណៈគុណភាពប្រេងវិញ ក៏នៅល្អផងដែរ។ 

ចំណែក លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជាបាន ក្រើនរំលឹកថា សំណុំរឿងប្រេងនេះកុំឱ្យជាប់គាំងយូរពេក ក៏ព្រោះថា វាអាចធ្វើឱ្យកើតចេញនូវមន្ទិលសង្ស័យពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសផលប៉ះពាល់ដល់កិត្តិយសក្នុងនាមជាប្រទេសមួយ។ ការនាំយកប្រេងឆៅជាង៣០ម៉ឺនប៉ារែល រឺស្មើជិត៤៧លានលីត្រនៅចំពេលដែលពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ កម្ពុជាអាចលក់ប្រេងបានក្នុងតម្លៃបានគុណជា២ដងនៃតម្លៃធម្មតា ហើយនេះក៏ជួយសម្រួលដល់តម្លៃប្រេងឡើងថ្លៃនៅក្នុងប្រទេសកម្ពុជាផង។

ដោយឡែក សព្វថ្ងៃនេះ កម្ពុជាក៏កំពុងស្វែងរកក្រុមហ៊ុនវិនិយោគពីបរទេស ដើម្បីចុះកិច្ចព្រមព្រៀងពិនិត្យលទ្ធភាពលើការបូមប្រេងបន្ថែមទៀតនៅក្នុងប្លុកចំនួន៤របស់កម្ពុជាដែលមិនទាន់មានដំណើរការ។ ខណៈប្លុកA និងB មានក្រុមហ៊ុនចំនួន២ បានចុះកិច្ចព្រមព្រៀងដើម្បីសិក្សាលម្អិតអំពីលទ្ធភាពវិនិយោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ