អានតួអត្ថបទ
កម្ពុជា-អាស៊ាន

អនុប្រធានសហភាពអឺរ៉ុបចង់ឃើញរឿងក្តីលោក កឹម សុខា ត្រូវបានដោះស្រាយបញ្ចប់

តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបលោក Josep Borrell Fontelles បានឲ្យដឹងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អាចចូលរួមបោះឆ្នោតនៅឆ្នាំ ២០២៣បាន នៅពេលរឿងក្តីដែលអូសបន្លាយរបស់គាត់នៅតុលាការត្រូវបានដោះស្រាយបញ្ចប់។ ការលើកឡើងរបស់លោក Josep Borrell តាមរយៈ Twitter របស់លោកនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីលោកជួបពិភាក្សាជាមួយលោក កឹម សុខា អំឡុងពេលនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជាកាលពីសប្តាហ៍មុន។

លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ កាលពីសប្តាហ៍មុន នៅកម្ពុជា លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានសហភាពអឺរ៉ុប បានសរសេរនៅលើ Twitter ផ្ទាល់របស់លោកនៅថ្ងៃនេះថា ដើម្បីឲ្យលោក កឹម​ សុខា អាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០២៣បាន លុះត្រាតែរឿងក្តីរបស់លោក កឹម សុខា ដែលអូសបន្លាយនៅតុលាការត្រូវតែមានការដោះស្រាយបញ្ចប់។ ជាការបញ្ជាក់ដែលធ្វើឡើង ខណៈលោក Fonttelles ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយលោក កឹម សុខា កាលពីថ្ងៃទី០៦ ខែសីហាកន្លងទៅ នៅគេហដ្ឋានលោក កឹម សុខា។

លោក Josep Borrell Fontelles បញ្ជាក់ថាការស្តារឡើងវិញនូវសិទ្ធិនយោបាយរបស់លោក កឹម​ សុខា នឹងរួមចំណែកដល់ដំណើរការបោះឆ្នោតបែបប្រជាធិបតេយ្យ និងប្រកបដោយបរិយាប័ន្ន។

នៅថ្ងៃនេះដែរ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកដែរថាសហភាពអឺរ៉ុបបានផ្តល់តម្លៃចំពោះការតស៊ូដោយអហិង្សា ការអត់ធ្មត់ និងជាពិសេសផ្តោតលើសិទ្ធិសេរីភាពរបស់លោកក្នុងការចូលរួមបម្រើសង្គម។ លោក កឹម សុខា កំពុងស្ថិតនៅដំណាក់កាលសវនាការ​នៃសាលាដំបូងរាជធានីភ្នំពេញ ដោយបច្ចុប្បន្នបានឈានចូលដល់លើកទី៥០ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ដែលនាំទៅរកការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ ២០១៧។ 

សូមរំលឹកថា អំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីសប្តាហ៍មុន មេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ បានជួបជាមួយប្រមុខការទូតនៃប្រទេសលោកសេរីមួយចំនួន ក្នុងនោះក៏មានរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ