អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាអាចរួចផុតពីប្រទេសអភិវឌ្ឍន៍តិចតូច ប៉ុន្តែត្រូវរងចាំការវាយតម្លៃចុងក្រោយនៅឆ្នាំ២០២៤

កម្ពុជាអាចនឹងចាកផុតពីឈ្មោះថា ប្រទេសអភិវឌ្ឍន៍តិចតូចនៅឆ្នាំ២០២៤ខាងមុខ បើសិនជាការវាយតម្លៃ លើកទី២ទទួលបានជាប់ចំណាត់ថ្នាក់ដដែលតាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែការចាកចេញនេះ កម្ពុជាក៏នឹងលែងទទួលបាននូវការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិផ្សេងៗទៀត។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងអាចឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតូច ប៉ុន្តែកម្ពុជាក៏នឹងខាតបង់ប្រាក់ចំណូលមួយចំនួនពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​ និងជំនួយផ្សេងៗទៀត។

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅ គណៈកម្មការអង្គការសហប្រc vជាជាតិស្តីពីគោលនយោបាយអភិវឌ្ឍន៍ បានត្រួតពិនិត្យនិងរកឃើញថា កម្ពុជាបានជាប់ចំណាច់ថ្នាក់ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូចលើកទី១។

ប៉ុន្តែ ដើម្បីអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូចឱ្យបានពេញលេញ លោក ប៊ុន ចន្ធីថា កម្ពុជាត្រូវធ្វើយ៉ាងឱ្យជាប់ចំណាត់ថ្នាក់លើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្តង (Triennial Review) ពីសំណាក់គណៈកម្មការអង្គការសហប្រជាជាតិស្តីពីគោលនយោបាយអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤។

យោងតាមរបាយការណ៍កាលពីឆ្នាំ២០២១របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការដែលកម្ពុជាអាចជាប់ចំណាត់ថ្នាក់ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច រឺហៅថា Low Development country ជាលើកទី១បាន ក៏ដោយសារទិន្នន័យទាំងអស់នោះបានរៀបរាប់អំពី សន្ទស្សន៍ចំណូលថវិកាជាតិសរុបមានភាពល្អប្រសើរ ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

តែយ៉ាងណា ប្រសិនបើក្នុងលក្ខខណ្ឌដែលកម្ពុជាអាចឆ្លងផុតរួចពីប្រទេសអភិវឌ្ឍន៍តិចតូច នោះកម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្របខណ្ឌជំនួយបច្ចេកទេស និងកម្ចីសម្បទានជាដើម។ នេះជាការបញ្ជាក់ពីនាយកផ្នែកស្រាវជ្រាវ និងវិភាគនៃអង្គការUNCTAD។

បើតាមអង្គការ UNCTAD ដើម្បីឱ្យកម្ពុជាអាចរួចផុតពីប្រទេសអភិវឌ្ឍន៍តិចតូចបានដោយរលូន  ក្រុមការងាររបស់UNCTAD នឹងរៀបចំការសិក្សាវាយតម្លៃភាពងាយរងគ្រោះមកដល់កម្ពុជា។ ការវាយតម្លៃទាំងអស់នោះមាន៤ដំណាក់កាល ដោយដំណាក់ទី១ គឺការវិភាគស្ថានភាពទូទៅនៃសមត្ថភាពផលិតធៀបនឹងតំបន់, ទី២ គឺកំណត់ភាពងាយរងគ្រោះផ្អែកលើភាពចម្រើនរុងរឿង សន្តិភាព មនុស្ស បរិស្ថាន និងភាពជាដៃគូ, ទី៣ គឺផលប៉ះពាល់នៃភាពងាយរងគ្រោះ និងទី៤ គឺគោលនយោបាយសម្រាប់ភាពធន់សេដ្ឋកិច្ច និងបរិស្ថាន។

ចំណែកពីជ្រុងអ្នកសេដ្ឋកិច្ចវិញ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានអះអាងថា ការចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតូចនេះ សរបញ្ជាក់នូវភាពរីកចម្រើនរបស់ប្រទេសមួយដែលបានធ្លាប់តែមានភាពអាប់អ៊ួរដោយសង្គ្រាមជាង៣ទសវត្សន៍។ 

ប៉ុន្តែចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះ និងជំនួយផ្សេងៗ លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែងថា នេះជារឿងទូទៅសម្រាប់ប្រទេសនានានៅលើពិភពលោក ដោយរាល់ពេលដែលប្រទេសមួយរួចផុតពី ប្រទេសអភិវឌ្ឍន៍តិចតូច ទៅជាប្រទេសមានការអភិវឌ្ឍន៍មធ្យម នោះចង់មិនចង់ប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវដកចេញដោយឥតលក្ខខណ្ឌ។ ហើយត្រង់ចំណុចនេះ លោកថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ទៅហើយដើម្បីរៀនរស់ដោយខ្លួនឯង មិនចាំបាច់ពឹងលើកម្លាំងជំនួយពីបរទេស។ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវសិក្សា និងវាយតម្លៃនូវភាពរីកចម្រើន និងផលប្រឈមឱ្យបានទៀងទាត់ សម្រាប់បង្កាហានិភ័យនាពេលក្រោយ​ក៏ព្រោះថា ប្រាក់ចំណូលជាតិក៏នឹងបាត់បង់ខ្លះដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញក្នុងអត្រា​៣% បន្ទាប់ពីរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺកូវីដ១៩។ ចំណែកឆ្នាំ២០២២នេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានដាក់ក្តីរំពឹងទៀតថា នឹងអាចមានកំណើនល្អថែមទៀត ពោលគឺកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញ ទំនិញ និង លំហូរវិនិយោគផ្ទាល់ពីបរទេស។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ