អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន ម៉ាណែត៖ អ្នករង់ចាំមើលកម្ពុជា និងអាមេរិកឈ្លោះគ្នា នឹងមានការអន់ចិត្ត

លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន បានលើកឡើងតាមរយៈវីដេអូឃ្លីបនៅថ្ងៃព្រហស្បតិ៍នេះជុំវិញបញ្ហាភូមិសាស្ត្រនយោបាយ និងជំហររបស់កម្ពុជានៅចន្លោះមហាអំណាចចិន និងអាមេរិក ដែលនេះជាសំណួរដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ ការបំភ្លឺរបស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងជំហរកម្ពុជា នៅចន្លោះកណ្តាលមហាអំណាចដូច្នេះ ធ្វើឡើងកាលពីពិធីសម្ពោធរោងចក្រដំឡើងរថយន្ត Ford នៃក្រុមហ៊ុន RMA(Cambodia) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន
លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន © FB/HMN
ផ្សាយពាណិជ្ជកម្ម

នៅពីមុខវត្តមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងអ្នកចូលរួមជាច្រើននាក់ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជន និងជាមន្ត្រីយោធាជាន់ខ្ពស់នៃកម្ពុជា បានលើកឡើងថាប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនជាងគេក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ជុំវិញជំហររបស់ប្រទេសនេះ នៅចន្លោះនយោបាយភូមិសាស្ត្រនៃមហាអំណាចចិន និងអាមេរិក។

តាមរយៈវីដេអូឃ្លីបជិត១០នាទី ដែលទើបតែបង្ហោះលើហ្វេសប៊ុករបស់លោកថ្ងៃនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញបន្ថែមពីលើរដ្ឋធម្មនុញ្ញដែលបានចែងពីអព្យាក្រឹតភាពស្រាប់ថាកម្ពុជាមិនមានប្រយោជន៍អ្វីទៅរើសយកប្រទេសណាមួយ ហើយចោលប្រទេសណាមួយផ្សេងទៀតទេ។

តាមរយៈបទពិសោធន៍កាលពីឆ្នាំ៧០ មេបញ្ជាការកងទ័ពជើងគោកកម្ពុជារូបនេះ បន្តថាកម្ពុជាប្រកាន់យកជំហរមិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់ ។ ភស្តុតាងជាក់ស្តែងបង្ហាញថាចិន ជប៉ុន កូរ៉េ អាមេរិក អឺរ៉ុប សុទ្ធតែបានធ្វើវិនិយោគច្រើននៅកម្ពុជា ប្រសិនបើកម្ពុជាប្រាកដថាជ្រើសរើសប្រទេសណា១ ប្រហែលជាកម្ពុជាមិនស្វាគមន៍ការវិនិយោគបន្ថែមទៀតទេ។ នេះបើតាមលោក ហ៊ុន ម៉ាណែត។

លោកបញ្ជាក់បន្ថែមថា បើកម្ពុជាមិនស្វាគមន៍ការវិនិយោគរបស់អាមេរិក យកបច្ចេកវិទ្យាផលិតឡានរបស់អាមេរិកនៅលើទឹកដីខ្មែរ នោះត្រឹមតែការងាររដ្ឋបាលមួយប៉ុណ្ណោះ អាចខ្ទាស់មិនឲ្យចេញរួចទៅហើយ។ តាមលោក ហ៊ុន ម៉ាណែត ការវិនិយោគរបស់ក្រុមហ៊ុនយក្សរបស់អាមេរិកផលិតរថយន្ត Ford នៅលើទឹកដីកម្ពុជា មិនត្រឹមតែជួយកំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការយល់ឃើញដោយប្រយោលពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកទៀតផង។

អនាគតបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជាពីគណបក្សកាន់អំណាចរូបនេះ បន្តថារឿងនយោបាយគឺជារឿងមួយ ដែលមានកិច្ចសហប្រតិបត្តិការគ្នា១ពាន់ជំពូក តែនៅសល់១០ជំពូកមិនទាន់ត្រូវគ្នា នឹងមានការជជែកគ្នាបន្តទៀត។ ជារួម លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាអ្នកដែលរង់ចាំមើលថាកម្ពុជា និងអាមេរិកតែងតែឈ្លោះគ្នា តាមរយៈសុន្ទរកថានេះ គឺធ្វើឲ្យអ្នកដែលរង់ចាំមើល នឹងមានការអន់ចិត្ត តែលោកថានេះជាផលប្រយោជន៍ទាំងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។

សូមរំលឹកថា ប្រទេសកម្ពុជាតែងរងនូវការរិះគន់ថា បានលម្អៀងទៅរកចិន ខណៈដែលចិនបានចូលមកវិនិយោគច្រើនសន្ធឹកសន្ធាប់ ផ្តល់ជំនួយឥតសំណង និងផ្តល់ប្រាក់កំចីការប្រាក់ទាបជាច្រើនដល់កម្ពុជា។ល។និង។ល។ ផ្ទុយទៅវិញជាមួយអាមេរិក និងលោកខាងលិច តែងកើតមានរឿងចម្រូងចម្រាស ជាពិសេសលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងភាពមន្ទិលសង្ស័យពីការផ្តល់ទីតាំងយោធាឲ្យចិននៅកំពង់ផែសមុទ្ររាមជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ