អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាអះអាងពីកិច្ចខិតខំប្រឹងប្រែង ខណៈការជួញដូរមនុស្សធ្លាក់ក្នុងបញ្ជីខ្មៅ

អ្នកជំនាញខាងប្រឆាំងការជួញមនុស្សរបស់ក្រសួងមហាផ្ទៃ អះអាងថា កម្ពុជាមិនព្រងើយកន្តើយចំពោះបញ្ហានេះទេ ហើយថាកម្ពុជាកំពុងខិតខំជំរុញគោលនយោបាយ ទេសន្តប្រវេសន៍ទៅតាមសហគមន៍ និងសាលារៀន ទាក់ទងនឹង​បញ្ហា​ជួញដូរមនុស្សនេះ។ នេះជាការឆ្លើយតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក​ដែលទម្លាក់កម្ពុជាទៅក្នុងចំណាត់ថ្នាក់ទី៣ ឬបញ្ជីខ្មៅ​នៃការជួញដូរមនុស្សឆ្នាំ២០២២។ 

ជនរងគ្រោះការជួញមនុស្ស
ជនរងគ្រោះការជួញមនុស្ស © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសិទនៅថ្ងៃសុក្រ​នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកស្រី ជូ ប៊ុនអេង គូសបញ្ជាក់ថា ក្នុងរបាយការណ៏ថ្មីចុងក្រោយនេះ គឺមានជនរងគ្រោះ១៥៧៧នាក់ ត្រូវបានជួយសង្គ្រោះ ខណៈសមត្ថកិច្ចបានកសាងពាក្យបណ្តឹងទៅតុលាការបាន៥៣៨ករណី។ តែលោកស្រីទទួលស្គាល់ថា បទល្មើសថ្មី​ៗទាក់ទងនឹងការជួញដូរមនុស្ស នៅតែកើតមាន តាមរយៈ​ការប្រើប្រាស់ទឹក​ដីកម្ពុជា។ កម្ពុជាដែលធ្លាក់ទៅក្នុងចំណាត់ថ្នាក់ទី៣ ឬបញ្ជីខ្មៅក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ដោយសារតែការទប់ស្កាត់បទល្មើសជួញដូរមនុស្ស មិនទាន់មានប្រសិទ្ធិភាព។

បើតាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាតិ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺកម្ពុជាមិនបដិសេធនឹងរបាយការណ៍របស់សហរដ្ឋអាមេរិកបែបនេះទេ តែថាលោកស្រី​ស្លុតចិត្ត​នៅពេលឃើញការ​ផ្សព្វ​ផ្សាយ​បែបនេះពាសពេញពិភពលោក ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានព្យាយាមធ្វើការងារ និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ការជួញដូរមនុស្សក៏ដោយ​។

ទោះជាយ៉ាងណា លោកស្រី ជូ ប៊ុនអេង អះអាងថា កម្ពុជាមិនព្រងើយកន្តើយចំពោះបញ្ហានេះទេ ហើយថាកម្ពុជាកំពុងខិតខំប្រឹងប្រែងជំរុញគោលនយោបាយទេសន្តប្រវេសន៍ទៅតាមសហគមន៍ និងសាលារៀន ទាក់ទងនឹង​បញ្ហា​ជួញដូរមនុស្សនេះ។

ក៏ប៉ុន្តែ នៅក្នុងរបាយការណ៍ កាលពីចុងខែកក្កដា សហរដ្ឋអាមេរិក បានកត់សំគាល់ថា កម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បរមា និងមិនបានខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការជួញដូរមនុស្សនៅឡើយ។ បញ្ហានេះបូករួមទាំងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និង អំពើពុករលួយជាប្រព័ន្ធ បានបន្តរារាំងដល់ប្រតិបត្តិការពង្រឹងច្បាប់ ទំនួលខុសត្រូវអ្នកជួញដូរ និងការផ្តល់សេវាជួយជនរងគ្រោះ។ នេះបើតាមរបាយការណ៍ដដែល។

បើទោះបីជាមានការចាប់ខ្លួន និងកាត់ទោស ជនជួញដូរមនុស្សជាបន្តបន្ទាប់​ ក៏ប៉ុន្តែរបាយការណ៍របស់​សហរដ្ឋអាមេរិក បានលើកឡើងថា រដ្ឋាភិបាលមិនបានបង្ហាញរបាយការណ៍ស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ជាក់ស្តែងក្នុងឆ្នាំ២០២១ មានសេចក្តីរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជួញដូរមនុស្សចំនួន ៣៧០នាក់ ដែលក្នុងនោះមាន មេខ្យល់ ៣២២នាក់ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានរាយការណ៍បច្ចុប្បន្នភាព អំពីការចាប់ខ្លួនទាក់ទងទៅនឹងបទល្មើសជួញដូរមនុស្សទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ