អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ចិនរក្សាជំហរគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបន្តពង្រឹងគោលនយោបាយមិត្តដែកថែបដដែល

ចិននៅតែរក្សាគោលជំហរគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែរឹងមាំ ជាពិសេសលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបង្ហាញជំហរគាំទ្រគោលនយោបាយចិនតែមួយ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ​ នាកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសកាលពីដើមខែសីហាកន្លងទៅ។  

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន © Internet
ផ្សាយពាណិជ្ជកម្ម

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានបង្ហាញរបាយការណ៍ស្តីពីសមិទ្ធផលមួយចំនួន ជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ដែលបានចូលរួមកិច្ចប្រជុំពាក់ព័ន្ធរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាលដើមខែសីហា។

លោក វ៉ាង យី បានលើកឡើងថា ចិនបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោក វ៉ាង យីបន្តអះអាងទៀតថា ភាគីចិននឹងធ្វើយ៉ាងជំរុញទំនុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម មនុស្សសាស្ត្រ ការពារជាតិ  និងអនុវត្តឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងRCEP ក៏ដូចជាពង្រឹងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរតាមរយៈការកសាងគោលនយោបាយខែ្សក្រវ៉ាត់និងផ្លូវ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រដ្ឋាភិបាលចិននឹងបន្តផ្តល់ជំនួយវ៉ាក់សាំងតាមតម្រូវការរបស់កម្ពុជា។ ក្នុងនោះ ចិននឹងត្រៀមនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីកម្ពុជា ក៏ដូចជាបង្កើនជើងហើះហើរពីកម្ពុជាទៅកាន់ប្រទេសចិន និងជួយសម្រួលដល់និស្សិតកម្ពុជាអាចត្រឡប់ទៅកាន់ប្រទេសចិនដើម្បីសិក្សាបន្ត។ ហើយចិនក៏នឹងបន្តរក្សាគោលជំហរគាំទ្រតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះបន្តទៀត។

ជាក់ស្តែង ការតាំងចិត្តរបស់ចិនបែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជាដែលជាប្រធានអាស៊ាន បានបង្ហាញគោលជំហរគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយជុំវិញបញ្ហានៅកោះតៃវ៉ាន់ ជាពិសេសគាំទ្រចិនក្នុងការការពារផលប្រយោជន៍ជាស្នូលរបស់ខ្លួន។

ជុំវិញគោលនយោបាយចិនតែមួយនេះ រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបញ្ជាក់រួចមកហើយថា កម្ពុជានឹងមិនលើកទង់ជាតិរបស់កោះតៃវ៉ាន់នៅកម្ពុជាឡើយ ពីព្រោះថានយោបាយ​ចិន​តែ​មួយ​គឺជា​នយោបាយ​ដែល​កម្ពុជា​ត្រូវ​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​ចិន។ ហើយការ​គោរព​អធិបតេយ្យភាព​របស់​ចិន​មាន​តម្លៃ​ស្មើនឹង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ