អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក ហ៊ុន សែន ថាកម្ពុជាទទួលបានជោគជ័យពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អំឡុងពេលពិភពលោកកំពុងចម្រូងចម្រាស

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យពុទ្ធិសាស្ត្រនាព្រឹកថ្ងៃពុធនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានហៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាកាលពីដើមខែសីហាកន្លងទៅនេះថាប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ ជោគជ័យត្រង់ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់ៗជាច្រើន មានសមត្ថភាពអាចរៀបចំកិច្ចប្រជុំនេះ អំឡុងពេលដែលពិភពលោកកំពុងតែផ្ទុះបញ្ហាធំៗមួយចំនួន ដូចជាសង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅភូមា និងភាពតានតឹងរវាងចិន និងតៃវ៉ាន់ជាដើម។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា © FB/ASEAN
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខនិស្សិតរាប់ពាន់នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាក្នុងពិភពលោកកំពុងមានភាពចម្រូងចម្រាស កម្ពុជាបានអញ្ជើញមិត្តភក្តិមកអង្គុយនៅក្នុងកិច្ចប្រជុំ ជជែកគ្នាតាមសម្រួល និងបានចេញសេចក្តីថ្លែងការណ៍រួចទៀតផង។

បញ្ហាធំៗ ដែលបានកើតឡើងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ រួមមាន បញ្ហាភូមា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ បញ្ហាសង្គ្រាមអ៊ុយក្រែន និងបញ្ហាដ៏កក្រើកនៃដំណើរទស្សនកិច្ចប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ជាដើម។

ក៏ប៉ុន្តែលោក ហ៊ុន សែន បានថ្លែងថា កម្ពុជាបង្ហាញសមត្ថភាពសម្របសម្រួលដល់តំណាងប្រទេសដែលបានចូលរួមប្រជុំ ប្រទេសដែលមានការប្រឆាំងគ្នា ដោយពួកគេបានចាប់ដៃគ្នា និយាយគ្នា និងរួមចំណែកធ្វើឲ្យកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដែលលទ្ធផលនេះ លោកបានថ្លែងការអរគុណ និងសរសើដល់រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងឧត្តមមន្ត្រីពាក់ព័ន្ធឯទៀត រួមនឹងបណ្តាប្រទេសដែលបានចូលរួមផងដែរ។ តាមលោក ហ៊ុន សែន លទ្ធផលនេះ គឺជាមូលដ្ឋានសម្រាប់ឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខ នៅកម្ពុជាដដែល។

សូមរំលឹកថាប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែសីហានេះ នៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង៩ លើកលែងភូមា និងចូលរួមផងដែរនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធពីសំណាក់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អាមេរិក ចិន ដែលប្រទេសមហាអំណាចទាំងនេះ កំពុងប្រឈមមុខដាក់គ្នាដ៏ក្តៅគគុកលើសំណុំរឿងធំៗមួយចំនួនដូចជាសំណុំរឿងអ៊ុយក្រែន និងភាពតានតឹងរវាងចិន និងតៃវ៉ាន់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ