អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា ជួបអ្នករាយការណ៍ពិសេសUN លើកឡើងពីរឿងក្តីដែលបន្តអូសបន្លាយ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានទៅជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោកផ្ទាល់ កាលពីថ្ងៃទី១៦​ ខែសីហា។​ ជំនួបនោះ អ្នកទាំងពីរបានជជែកគ្នាអំពីដំណើរការសវនាការរឿងក្តី ដែលបានអូសបន្លាយជាច្រើនឆ្នាំ។ ដំណើរការសវនាការ កាលពីថ្ងៃម្សិលមិញ មិនភាពជឿនលឿនទៅមុខទេ បន្ទាប់ពី​អយ្យការដាក់ព័ស្ដុតាងបន្ថែម។ នេះបើតាមសហមេធាវីការពារក្តី។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានទៅជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោកផ្ទាល់
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានទៅជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោកផ្ទាល់ © FB
ផ្សាយពាណិជ្ជកម្ម

ក្រោយពីមានជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លោក វីទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បាបន្តជួបលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា នៅគេហដ្ឋានរបស់​លោក។ លោក កឹម សុខា ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលកំពុងស្ថិត​ក្នុង​សំណុំ​រឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជា​មួយ​រដ្ឋ​បរទេស។

បើតាមទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៧ ខែសីហា មេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា បានជជែកជាមួយ លោក វីទិត មុនតាប៊ន អំពីដំណើរការសវនាការរឿងក្តីរបស់លោក ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។

កាលពីថ្ងៃទី១៧ ខែសីហា ដំណើរការសវនាការ​លើក​ទី​៥២ ​នៃ​សំណុំ​រឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជា​មួយ​រដ្ឋ​បរទេសរបស់​លោក ​កឹម សុខា មិនមានការជឿនលឿនទៅមុខគួរឲ្យកត់សម្គាល់ទេ។ នេះបើតាមការលើកឡើងរបស់ លោក ផែង​ ហេង សហមេធាវីការពារក្តីឲ្យលោក កឹម សុខា។

លោកមេធាវី ផែង ហេង បានបញ្ជាក់ថា ដំណើរការសវនាការ នៅថ្ងៃទី១៧​​ ខែសីហា ចៅក្រមបានលើយក​ព័ស្តុតាងបន្ថែមរបស់តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ មកជជែកដេញដោលក្នុងសំណុំរឿងលោក កឹម សុខា។​ ព័ស្តុតាងនេះ គឺជាសំឡេងតាមទូរស័ព្ទរបស់លោក​ ហូរ វ៉ាន់ អតីតតំណាងរាស្ត្រ​បក្ស​ប្រឆាំង​​ ដែលលោកបានហៅទៅទូរស័ព្ទមកអ្នកក្នុងស្រុក ដោយនិយាយពាក់ព័ន្ធនឹងបាតុកម្មនៅម្តុំវត្តស្ទឹងមានជ័យដឹកនាំដោយរូបលោក។

លោកមេធាវី ផែង ហេង បញ្ជាក់ថា តាមនីតិវិធី ដែលចៅក្រមបានរៀបចំឲ្យជជែកក្នុងសំណុំរឿងក្តីរបស់លោក កឹម សុខា​ គឺសឹងតែអស់ទៅហើយ ពោលគឺនៅតែការផ្ទៀងផ្ទាត់ជាមួយសាក្សីប៉ុណ្ណោះ បន្ទាប់ពីនោះភាគីពាក់ព័ន្ធអាចធ្វើសេចក្តីសន្និដ្ឋានបានហើយ។ បើអយ្យការនៅតែបន្តដាក់ព័ស្តុតាងបែបនេះ លោកមេធាវីយល់ឃើញថានេះគឺគ្រាន់តែជាហេតុផលនៃការពន្យារពេលដំណើរការសវនាការឲ្យយូរតែប៉ុណ្ណោះ ព្រោះព័ស្តុតាងទាំងនោះ មិនពាក់ព័ន្ធនឹងលោក កឹម សុខា ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ