អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរចាប់ផ្តើមកំណត់និយាមកាក្បាលដីដើម្បីបញ្ចប់ការកាន់កាប់ដីនិងសំណង់ខុសច្បាប់នៅតំបន់អង្គរ

យុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានធ្វបើឡើងហើយកាលពីថ្ងៃពុធម្សិលមិញ។ ការបើកយុទ្ធនាការកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់នេះ ធ្វើឡើងក្រោយមានភាពចម្រូងចម្រាសមិនចេះចប់ពាក់ព័ន្ធនឹងសំណង់ខុសច្បាប់នៅក្នុងតំបន់រមនីយដ្ឋានអង្គរ។

ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមនីយដ្ឋានអង្គរ (រូបតំណាង)
ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមនីយដ្ឋានអង្គរ (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថាយុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មានគោលដៅការពារតំបន់រមនីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ ដែលមានទំហំ ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកថាជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវតែរក្សាការពារដាច់ខាត និងមិនអាចកាត់ឆ្វៀលបានឡើយ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ឲ្យដឹងថាចាប់ពីពេលនេះតទៅក្រសួងរៀបចំដែនដីនឹងមិនពិនិត្យ ឬធ្វើការឆ្វៀលដីផ្នែកខ្លះដែលស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរទំហំ ៤០១គីឡូម៉ែត្រក្រឡា ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិណាមួយឡើយ។

លោកបានណែនាំបន្តថា ចាប់ពីពេលនេះទៅអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ ការធ្វើជាសាក្សីនូវរាល់ចរន្តនៃការលក់ទិញដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមនីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជាយូរមកហើយ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្តេញឲ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ ២០២២នេះ សំណង់ខុសច្បាប់ជាច្រើនរយករណីត្រូវបានសាងសង់ឡើងបន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាននាពេលកន្លងមក ក្នុងតំបន់ការពារនៃរមនីយដ្ឋានអង្គរ។ ជាមួយគ្នានេះ ក្រសួងដែនរៀបចំដែនដីក៏បានបង្គាប់ឲ្យមានការរុះរើដោយខ្លួនឯងជាបន្ទាន់ ខណៈដែលអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាបន្តចាត់វិធានការទប់ស្កាត់សំណង់ខុសច្បាប់ និងការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទក្នុងតំបន់នោះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ