អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងមហាផ្ទៃថា អត្រាជួញដូរមនុស្សធ្លាក់ចុះច្រើន បើធៀបកាលពីឆ្នាំទៅ

ក្រសួងមហាផ្ទៃបានអះអាងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ អត្រាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានបន្តធ្លាក់ចុះមកត្រឹម៧៤ករណី ពោលគឺថយចុះចំនួន១២៤ករណីបើធៀបនឹងឆ្នាំ២០២១កន្លងទៅ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសអាមេរិកបង្ហាញថា កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ (Tier 2) មក​កម្រិត​បី ​(Tier 3) ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិតខំប្រឹងប្រែងដើម្បី​កែ​លម្អនូវស្ថានភាពការជួញដូរមនុស្សឡើយ។

ជនជាតិចិនជាច្រើននាក់ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ចូនទៅកាន់ប្រទេសកំណើត
ជនជាតិចិនជាច្រើននាក់ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ចូនទៅកាន់ប្រទេសកំណើត © Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​៧៤​ករណី ថយ​ចុះ​១២៤​ករណី បើ​ធៀប​ក្នុងអំឡុងពេល ៦​ខែ ដើមឆ្នាំ​២០២១​។

ក្នុងនោះ អាជ្ញាធរ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​ចំនួន​៨៣​នាក់ អនីតិជន​៧​នាក់ ហើយជនសង្ស័យ​ជា​ជនបរទេស​មានចំនួន​១២​នាក់ ដែល​មាន ៤​សញ្ជាតិ​។ បន្ថែមពីនេះ សមត្ថកិច្ច​ក៏​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ១៥៦​នាក់ ក្នុង​នោះ ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ មាន​ចំនួន ៦០​នាក់។

ស្របពេលដែលរដ្ឋាភិបាលអះអាងថា អត្រាជួញដូរមនុស្សធ្លាក់ចុះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណាបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស។ ប៉ុន្តែទន្ទឹមនឹងការសាទរ លោក ស៊ឹង សែនករុណាបង្ហាញក្តីព្រួយបារម្ភវិញថា ប្រសិនបើតួលេខថយចុះនោះ គ្រាន់តែជាការលើកឡើងរបស់រដ្ឋាភិបាល ហើយទិន្នន័យដែលបណ្តាប្រទេសផ្សេងទៀតរកឃើញថា នៅតែមានចំនួនច្រើននោះ កម្ពុជានឹងបន្តស្ថិតក្នុងបញ្ជីខ្មៅដដែល ហើយថែមប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិផង។

តែយ៉ាងណា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ទោះបីជាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានសម្រេចលទ្ធផលល្អច្រើនក៏ដោយ ប៉ុន្តែករណីនេះនៅតែមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយបន្ថែម។ ខណៈកម្ពុជានឹងបន្តធ្វើការជាមួយអាមេរិក និងបន្តតាមដាន​រាល់ការផ្សព្វផ្សាយព័ត៌មានដែលអាចពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។

ម្លោ៉ះហើយ លោកស្នើឱ្យរដ្ឋាភិបាលដុតដៃជើងឱ្យខ្លាំង ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនេះ ជាជាងការលើកឡើងប៉ុន្តែស្ថានភាពនៅដដែល។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះអះអាងទៀតថា ប្រសិនបើរដ្ឋាភិបាលបានអនុវត្តច្បាប់ឱ្យបានពេញលេញ មែន នោះករណីជួញដូរមនុស្សក៏មិនកើតឡើងក្នុងប្រទេសកម្ពុជាដែរ។ ផ្ទុយទៅវិញ មន្ត្រីមូលដ្ឋានទទួលបានផលប្រយោជន៍ពីបុគ្គលមួយចំនួន ទើបករណីនេះបន្តកើតមាន។

ជុំវិញករណីជួញដូរមនុស្សនេះ កាលពីថ្ងៃទី១៩ កក្តដា ឆ្នាំ២០២២ របាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា កម្ពុជាបានធ្លាក់ចុះពីចំណាត់ថ្នាក់កម្រិតពីរកាលពីឆ្នាំ២០២១ មកចំណាត់ថ្នាក់កម្រិតបី រឺបញ្ជីខ្មៅនៅឆ្នាំ២០២២។ ចំណាត់ថ្នាក់សម្រាប់ឆ្នាំនេះ របាយការណ៍បានបញ្ជាក់ថា  រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្ដង់ដារ​អប្បបរមា ក្នុង​ការ​ប្រឹងប្រែង​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ។

របាយការណ៍​ដដែលបន្តថា កម្ពុជា​ដើរ​ថយ​ក្រោយ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​ដោយសារ​ បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដែល​បាន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ បណ្ដោយ​ឱ្យ​ជន​ល្មើស​នៅ​តែ​អាច​ប្រព្រឹត្ត​បទ​ល្មើស ឬ​គេច​ខ្លួន​ពី​ការ​កាត់​ទោស ហើយ​ជន​រង​គ្រោះ​នៅ​តែ​មិន​អាច​ទទួល​បាន​ការ​ជួយ​សង្គ្រោះ។

ជាការពិត ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មាន Al Jazeera បានចេញផ្សាយនូវវីដេអូឯកសារស៊ើបអង្កេត មួយស្តីអំពីការជួញដូរមនុស្សនៅកម្ពុជា។ នៅក្នុងវីដេអូជាង៤០នាទីនោះបានបង្ហាញថា នៅកម្ពុជា មានក្រុមឧក្រិដ្ឋជនកំពុងជួញដូរយុវជន និងស្ត្រីរាប់ពាន់នាក់មកពីទូទាំងអាស៊ី (ថៃ ម៉ាឡេស៊ី ចិន វៀតណាម និងហ្វីលីពីន) ឲ្យចូលទៅក្នុងបរិវេណ ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងប្រទេសកម្ពុជា និងបានបង្ខំឱ្យពួកគេធ្វើការងារបោកប្រាស់តាមអ៊ីនធឺណេត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ