អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលនិងអ្នកបរិស្ថានថា ពលរដ្ឋនឹងលែងព្រួយបារម្ភក្រោយ«ភ្នំតាម៉ៅ»ត្រូវបានដាក់តំបន់ការពារព្រៃការពារ

តំបន់ភ្នំតាម៉ៅ ត្រូវបានដាក់ឲ្យទៅជាតំបន់ការពារព្រៃឈើ ដោយបង្កើតជាឧទ្យានសួនសត្វ ដើម្បីថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃសុក្រ ទី១៩សីហា។ ការដាក់តំបន់ភ្នំតាម៉ៅ ទៅជាតំបន់ការពារព្រៃឈើ ត្រូវបានអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានសាទរ ដោយពួកគេយល់ថា ប្រជាពលរដ្ឋនឹងលែងមានក្តីកង្វល់ពីការឈូសឆាយព្រៃភ្នំតាម៉ៅ នាពេលអនាគត។

តំបន់ដីក្នុងទីតាំងភ្នំតាម៉ៅ
តំបន់ដីក្នុងទីតាំងភ្នំតាម៉ៅ © សហការី
ផ្សាយពាណិជ្ជកម្ម

ការបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ពេលនេះបានធ្វើឡើងតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយតែរូបលោកបានបញ្ជាឲ្យបញ្ឈប់រាល់ការអភិវឌ្ឍទាំងអស់ បន្ទាប់ពីសាធារណមតិរិះគន់ការឈូសឆាយដីព្រៃភ្នំតាម៉ៅ អស់ជាង៥០០ហិកតា។

បើតាមព្រះរាជក្រឹត្យ ការដាក់តំបន់ភ្នំតាម៉ៅទៅជាតំបន់ព្រៃការពារ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ផ្តល់ការថែកសង្គ្រោះសត្វព្រៃ បង្កើតគម្របបៃតងនិងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ ព្រមទាំងប្រែក្លាយតំបន់ភ្នំតាម៉ៅទៅជាទីតាំងសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើរវាង មនុស្ស សត្វព្រៃ និងព្រៃឈើ។

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា យល់ឃើញថា នេះគឺជាជំហានមួយទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋលែងមានក្តីកង្វល់ចំពោះដីព្រៃតំបន់ភ្នំតាម៉ៅ។ លោកថា ការទទួលស្គាល់ដោយស្ថាប័នកំពូលរបស់រដ្ឋ ដែលមានព្រះហស្តលេខារបស់ព្រះមហាក្សត្រ នឹងធ្វើឲ្យពលរដ្ឋលែងបារម្ភថា មានការឈូសឆាយដីព្រៃភ្នំតាម៉ៅជាថ្មី។ យ៉ាងណាមិញ អ្វីដែលលោក ហេង គឹមហុង កត់សម្គាល់នោះគឺ ប្រសិនបើការដាក់តំបន់ភ្នំតាម៉ៅទៅជាតំបន់ការពារ លឿនជាងនេះបន្តិច ប្រហែលសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានមួយចំនួន មិនត្រូវបានអាជ្ញាធរឃាត់ខ្លួននោះដែរ។

រីឯលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានសម្តែងក្តីសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល។ តែលោកក៏សោកស្តាយ នៅពេលឃើញ ការឈូសឆាយដីព្រៃភ្នំតាម៉ៅ ហាក់មិនបានធ្វើឡើងតាមច្បាប់ស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម ដែលញ៉ាំងឲ្យដីព្រៃរាប់រយហិកតាត្រូវឈូសឆាយ និងមានប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋ។

បើតាមព្រះរាជក្រឹត្យ តំបន់ការពារភ្នំតាម៉ៅ មានផ្ទៃដីសរុប ២០២៥ហិកតា។ ក្នុងនោះផ្ទៃដី ១០២១ហិកតា ជាតំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ។ ៥៣០ហិកតាជាតំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ និងផ្ទៃដី៤៧៤ហិកតា ជាតំបន់ឧទ្យានសួនសត្វ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ