អានតួអត្ថបទ
កម្ពុជា-សង្គម

លោក គួច ចំរើន ប្រាប់អ្នកជំនាញសិទ្ធិមនុស្ស​UNថា ​បញ្ហាជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ​មិន​អាក្រក់​​​ដូចការចោទឡើយ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុតតា​បន នៅថ្ងៃសុក្រថ្មីៗនេះ បាន​ធ្វើដំណើរទៅ​ដល់​ខេត្តព្រះសីហនុ ដើម្បី​សិក្សាបន្ថែមពីបញ្ហាដ៏ចម្រូងចម្រាសមួយចំនួន ជុំវិញការជួញដូរមនុស្ស​និង​ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺ​ណែត​​។ ​ទឹកដីខេត្តព្រះសីហនុ បច្ចុប្បន្ន​ដែល​សម្បូរហូរហៀរទៅ​ដោយជនជាតិបរទេស​ ត្រូវបានចុះផ្សាយព្រោងព្រាត​ថា មាន​ឧក្រិដ្ឋកម្មប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាង​ច្រើន តែ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន អះអាងថា ​វាមិនដូចការចោទប្រកាន់នោះឡើយ ដោយស្នើ​​ឱ្យ​​​លោក វិទិត មុតតាបន ធ្វើរបាយការណ៍​ឱ្យត្រឹមត្រូវ​​និង​ច្បាស់លាស់​។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុតតា ជួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ជុំវិញករណី​ជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុតតា ជួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ជុំវិញករណី​ជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ © FB/រដ្ឋបាលខេត្តព្រះសីហនុ
ផ្សាយពាណិជ្ជកម្ម

ជាជំនួបលើកទីមួយ​របស់​ លោក វិទិត មុតតា​បន ជាមួយ​ លោកគួច ចំរើន ក្នុងការ​​ស្វែងយល់​អំពីកង្វល់ និងបញ្ហាប្រឈមនានាជុំវិញ​ស្ថានភាពសិទ្ធិមនុស្ស ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺ​ណែ​ត ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះនៅក្នុង​ខេត្តព្រះសីហនុ។

ក្នុងជំនួបនៅ​ថ្ងៃសុក្រទី​១៩សីហាជាមួយ លោក វិទិត មុតតាបន ​អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជានេះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​បាន​ថ្លែងការពារ​នូវអ្វី​ដែល​ចោទប្រកាន់ថា ខេត្តព្រះសីហនុ ជាទឹកដី​ដែលមាន​បរិយាសកាស​អំណោយផលដល់ជនទុច្ចរិតបរទេសប្រព្រឹត្តិឧក្រិដ្ឋកម្ម ដោយសំអាងតែ​ទៅលើការចុះផ្សាយ​ដោយគ្មានការពិត។

ការចុះផ្សាយគ្មានការពិត ដោយផ្អែកតែលើ​​ការលើកឡើងរបស់អ្នកដែលតាំងខ្លួនជា​រងគ្រោះក្នុងករណីចាប់បង្ខាំង​ ដើម្បីប្តូរ​កន្លែងធ្វើការ​ និង​ហើយករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ហើយក៏មិនមានករណីចាប់បង្ខាំងឡើយ គឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ ហើយអភិបាលខេត្ត​ព្រះសីហនុ បាន​ស្នើ​​ឱ្យ​​​លោក វិទិត មុតតាបន ធ្វើរបាយការណ៍ការងារនៅចុងឆ្នាំរបស់ខ្លួន ​ឱ្យត្រឹមត្រូវ​​និង​ច្បាស់លាស់​។

​​លោក​អភិបាលខេត្តព្រះសីហនុ បានប្រាប់​បន្ថែមទៀតថា កន្លងមកកម្ពុជានិងថៃមានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយមានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុតាមរយៈការអូសទាញដោយខុសច្បាប់។ តែយ៉ាងណាមិញ ​ការចុះ​ប្រតិបត្តិការ​បង្ក្រាបរបស់សមត្ថកិច្ច​មិនដែលបន្ធូរដៃឡើយ។ ​

នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក សំ សំអាត នៅថ្ងៃទី​២១សីហានេះ​ ប្រាប់ពី​កង្វល់ថា បញ្ហាជួញដូរមនុស្សនៅកម្ពុជា កាន់តែអាក្រក់ទៅៗ ដែលពុំមែនមានតែនៅក្នុងខេត្តព្រះសីហនុមួយទេ តែវាមាន​កើតមាននៅក្នុងខេត្ត​ជាប់ព្រំដែន​ដូចជា កោះកុង កណ្តាល និងពោធិ៍សាត់ជាដើម។ បញ្ហានេះ លោកថា ទាមទារ​​អោយសមត្ថកិច្ចកម្ពុជាចុះប្រតិបត្តិបង្ក្រាប​ដោយឆន្ទៈខ្ពស់​ និងបន្ថែម​កិច្ចសហការ​​ជាមួយបរទេស​​​ឱ្យកាន់តែមានប្រសិទ្ធិភាព​។

ទាក់ទិនករណីបង្ខាំង អំពើឆបោក និងការជួញដូរមនុស្សនៅកម្ពុជានេះ ក្រសួងការបទេសអាមេរិកកាល​ពី​ខែកក្កដា បានចេញរបាយការណ៍មួយ​ដាក់កម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិត​ខំ​​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់នោះទេ។ តែពីខាងកម្ពុជាវិញ តួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃ​បង្ហាញថា ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ​២០២២នេះ សមត្ថកិច្ចជំនាញ​បង្ក្រាប​ល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ​៧៤ករណី ថយចុះ​១២៤ករណី។ ជាតួលេខថយចុះ​​១០០ករណី បើ​ធៀប​រយៈពេលដូចគ្នាកាលពីឆ្នាំ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ