អានតួអត្ថបទ
កម្ពុជា-សង្គម

ខេត្តសៀមរាបចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភូមិរុនតាឯក សម្រាប់ពលរដ្ឋដែលធ្លាប់រស់នៅខុសច្បាប់ក្នុងតំបន់អង្គរ

នៅ​ខេត្ត​សៀមរាប អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ កំពុង​តែ​ប្រញាប់​ដៃ​ប្រញាប់​ជើង ចុះ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក សម្រាប់​ពលរដ្ឋ​ដែល​យល់​ព្រមរុះ​រើ​សំណង់​ខុស​ច្បាប់​ចេញ​ពី​តំបន់​រមនីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត ឋិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ជាតិអប្សរា​។ ការងារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម ស្រាវ​ជ្រាវ រក​ឃើញ​ថា នៅ​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​សព្វ​ថ្ងៃ មាន​សំណង់​ខុស​ច្បាប់​ជាង​រាប់​ពាន់​ករណី​។ គិត​ត្រឹម​ថ្ងៃ​ទី​២៣​ខែ​សីហា ក្រសួង​ដែនដី បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋរស់នៅលើសំណង់ខុសច្បាប់តំបន់រមណីយដ្ឋានអង្គរចំនួន៦៩៨ គ្រួសារ ឬស្មើនឹង៧២,៤៨ភាគរយហើយ ដែល​បាន​ស្ម័គ្រចិត្តរុះរើលំនៅ​ដ្ឋាន​ខុស​ច្បាប់​របស់​ខ្លួន ទៅរស់នៅភូមិធម្មជាតិរុនតាឯក។

អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមថ្មី នៅភូមិធម្មជាតិរុនតាឯក សម្រាប់ពលរដ្ឋ
អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមថ្មី នៅភូមិធម្មជាតិរុនតាឯក សម្រាប់ពលរដ្ឋ © សហការី
ផ្សាយពាណិជ្ជកម្ម

ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​ប្រញាប់ ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ជិត​៧០០​គ្រួសារ ដែល​ធ្លាប់​រស់​នៅ​ខុស​ច្បាប់​នៅ​តំបន់​អង្គរ ស្ម័គ្រ​ចិត្ត​រុះរើ​ចេញ​ពី​ទី​នោះ តាម​ការ​តម្រូវ​របស់​អាជ្ញាធរ​។

នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា, អភិបាល​ស្រុក​បន្ទាយ​ស្រី លោក ឃឹម ហ្វីណង់ ព្រម​ទាំង​ក្រុម​ការងារ​មក​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុម​ការងារ​នៃ​ក្រសួង​ដែនដី បាន​រួម​គ្នា​ចុះ​ត្រួត​ពិនិត្យ​ការ​ប្រុង​ប្រៀប​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ថ្មី នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុន​តា​ឯក។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី គូស​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​រៀបចំ​វាស់​វែង ត្រៀម​ប្រគល់​ដី​ឡូតិ៍ ជា​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ភូមិ​ធម្មជាតិ​រុន​តាឯក ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​រុះរើ​សំណង់​ខុស​ច្បាប់​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ និង​តំបន់​ដទៃ​ទៀត​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​​។

គួរ​បញ្ជាក់​ជូន​ថា ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​សំណង់ បាន​​បើក​យុទ្ធនាការ ​ចុះ​វាស់វែង​ កំណត់​និយាមកា​ក្បាលដី និង​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃ​ទៀត កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២។ យុទ្ធនាការដែល​មាន​​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​សរុប​ជាង​៧០០​នាក់​នេះ រក​ឃើញ​ថា នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​សព្វថ្ងៃ​នេះ ​មាន​សំណង់​ខុស​ច្បាប់​ជាង៨​ពាន់​ករណី។ ហើយ​គ្រាន់​តែ​ក្នុង​រយៈពេល៣​ខែ​ចុងក្រោយ​ សំណង់​ខុស​ច្បាប់​ថ្មីៗ​បាន​កើតឡើង​សរុប​ចំនួន ៣៩៨​ករណី ក្នុង​នោះ​បាន​រុះរើ​ចេញ​ចំនួន​ជាង ២០០​ករណី។

សម្រាប់​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​រុះរើ​ចេញ​និង​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ទី​លំនៅ​ថ្មី ក្រុមការងារតម្រង់ទិស នឹង​ពិនិត្យលទ្ធភាព ផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ។ ចំណែកពលរដ្ឋ​ដែល​បន្តទន្រ្ទានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះ​គឺ​ជា​ការ​ព្រមាន​របស់​លោក ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​ដែនដី នគរូនីយកម្ម និង​សំណង់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ