អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវីថា ការផ្ទេរកូនក្តីលោកទាំង១៤នាក់ទៅពន្ធនាគារត្រពាំងផ្លុង ដើម្បីបញ្ចៀសការសួរសុខទុក្ខពីអ្នករាយការណ៍ពិសេសUN

លោក សំ សុគង់ មេធាវីការពារក្តីឱ្យសកម្មជនគណបក្សប្រឆាំងបានសន្និដ្ឋានថា ការផ្ទេរកូនក្តីរបស់លោកចំនួន១៤រូបពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុងជិតព្រំដែនវៀតណាម គឺដើម្បីបញ្ចៀសពីការសួរសុខទុក្ខអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងនោះ លោកមេធាវីបន្ថែមទៀត ការផ្ទេរកូនក្តីលោកទៅកាន់ឆ្ងាយនេះទៀតសោធ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនិតិវិធីរបស់តុលាការ ស្របពេលដែលពួកគេនៅមិនទាន់មានសាលដីកា ឬសាលក្រមជាស្ថាពរនៅឡើយ។

ពន្ធនាគារត្រពាំងផ្លុង
ពន្ធនាគារត្រពាំងផ្លុង © Internet
ផ្សាយពាណិជ្ជកម្ម

លោកមេធាវី សំ សុគង់ បានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា ការបញ្ចូនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៤រូបទៅកាន់ពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃទី២១ សីហា គឺជារឿងមិនសមហេតុផលទាល់តែសោះ។ មិនសមហេតុផលដោយសារតែកូនក្តីលោកនៅមិនទាន់មានសាលដីកា ឬសាលក្រមជាស្ថាពរនៅឡើយ ខណៈសាលាឧទ្ធរណ៍នឹងត្រៀមប្រកាសសាលក្រមលើសំណុំរឿងរបស់ពួកគេនៅថ្ងៃទី១៣ កញ្ញា ខាងមុខ។

លោក សំ សុគង់បន្តថា សមត្ថកិច្ចមិនគួរណាបញ្ចូនសកម្មជនទាំង១៤រូបទៅកាន់ពន្ធនាគារត្រពាំងផ្លុងដែលស្ថិតក្នុងខេត្តត្បូងឃ្មុំនោះទេ ក៏ព្រោះថា ពួកគេមែនជាអ្នកទោសដែលត្រូវជាប់ពន្ធនាគារយូរឆ្នាំឡើយ។   បើតាមលោកមេធាវី សំ សុគង់ ការផ្ទេរកូនក្តីទាំង១៤រូប គឺជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគេ និងការគំរាមកំហែងបន្ថែមទៀតដល់សិទ្ធិនយោបាយ។

ជាការបញ្ជាក់បន្ថែមលោកមេធាវីថា ការផ្ទេរអ្នកទោសនយោបាយខាងលើ អាចជាការជម្លៀសមិនឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុតាប៊ន ទៅជួបពួកគេដោយផ្ទាល់នៅពន្ធនាគារព្រៃស។ លោកបន្ថែមថា ក្រៅតែពីបញ្ហាទាំងអស់នេះ ការបញ្ចូនអ្នកទោសនយោបាយទាំង១៤រូប ទៅកាន់ពន្ធនាគារត្រពាំងផ្លុង នឹងធ្វើឱ្យពួកគេពិបាកទទួលបានព័ត៌មាន ឬការសួរសុខទុក្ខពីសំណាក់ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ។  

បើតាមលោកមេធាវី សំ សុគង់  សកម្មជនទាំង១៤រូបរួមមាន៖ លោក កែវ ថៃ​, លោក ស៊ុន ធន់, លោកឡុង ផារី, លោកពៀត ម៉ាប់​, លោកយឹម សារ៉េត, លោក សុខ ចាន់ថា​, លោក ញ៉ែម វាន, លោក ថៃ គន្ធា, លោក ឃឹម ភាណា, លោកជុំ ចាន់, លោក ឃុត ច្រឹប, លោក ងិន ឃាន, លោក ទុំ ប៊ុនថន​ និងលោក គង់ សំអាន។

តែយ៉ាងណាក្រោយមានការអះអាងពីលោក សំ សុគង់រួច លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងខ្លីវិញថា ដើមចមនៃការផ្ទេរអ្នកទោសទាំងអស់នោះទៅកាន់ពន្ធនាគារត្រពាំងផ្លុង គឺដើម្បីកាត់បន្ថយភាពចង្អៀតណែនខ្លាំងក្នុងពន្ធនាគារប៉ុណ្ណោះ ដោយមិនមែនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ។ លោកថា ការញែកអ្នកទោសពីពន្ធនាគារមួយទៅមួយទៀត គឺជាគោលការណ៍របស់ក្រសួងមហាផ្ទៃ​ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង។ 

សូមរំឮកថា សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំង១៤រូប ត្រូវបា​នតុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​រួមគំនិតក្បត់»។ ប៉ុន្តែទោសសម្រាប់៥ឆ្នាំនេះ តុលាការសម្រេចឱ្យអនុវត្តទោសត្រឹមចំនួន៣ឆ្នាំ៨ខែ ហើយទោសដែលនៅសល់ គឺត្រូវបានព្យួរ។ នេះបើតាមការបញ្ជាក់ពីលោកមេធាវី សំ សុគង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ