អានតួអត្ថបទ
កម្ពុជា-សង្គម

បង្កា្របការជួញដូរ៖ សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ១១នាក់ ក្នុងនោះចិន៩នាក់

នៅក្នុងប្រតិបត្តិការស្រាវជ្រាវករណីជួញដូរកម្លាំងពលកម្ម ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែសីហាមក សមត្ថកិច្ចប៉ូលីសខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរមកទល់ថ្ងៃនេះ បានចំនួន១១នាក់ និងអាវុធ៥ដើម ក្នុងនោះមានជនជាតិចិន៩នាក់ និងជនជាតិខ្មែរ២នាក់។ ស្នងការប៉ូលីសខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ការបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរ និងចាប់ជំរិតនៅខេត្តព្រះសីហនុពេលនេះ គឺគោលការណ៍ចាស់តែជាវិធានការថ្មី សំដៅបង្កើនសកម្មភាពរក្សាសន្តិសុខឲ្យបានខ្លាំងក្លាជាងមុន។ លោកថាប្រតិបត្តិការនេះ មិនទាន់បិទបញ្ចប់នៅឡើយទេ។ 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលីសខេត្តព្រះសីហនុ
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលីសខេត្តព្រះសីហនុ © សហការី
ផ្សាយពាណិជ្ជកម្ម
02:03

សូមស្តាប់ប្រសាសន៍ លោក ជួន ណារិន្ទ៖

សូមរំលឹកថាប្រតិបត្តិការបង្ក្រាបករណីជួញដូរកម្លាំងពលកម្មនៅខេត្តព្រះសីហនុពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានបណ្តឹងមួយចូលទៅក្រុមការងារលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាមានស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំង ដើម្បីឲ្យនៅបម្រើការងារក្នុងទីតាំងមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។ ប្រតិបត្តិការថ្ងៃដំបូង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជាជនជាតិចិន និងបានរំដោះនារីរងគ្រោះម្នាក់ដែលជាជនជាតិម៉ាឡេស៊ី។ សូមបញ្ជាក់ដែរថា ប្រតិបត្តិការនេះ គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ