អានតួអត្ថបទ
កម្ពុជា សិទ្ធិមនុស្ស

ក្រសួងកិច្ចការនារីបដិសេធចំណាច់ការយឺតយ៉ាវក្នុងសំណុំបៀតបៀនស្ត្រីកូដករណាហ្គាវើល៍

ក្រសួង​កិច្ចការ​នារី​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ចេញសេចក្តី​ថ្លែងការណ៍​បដិសេធ​នូវ​ការ​លើកឡើង​ថា ក្រសួង​មានចំណាត់​ការ​យឺតយ៉ាវ​និង​គ្មាន​ប្រសិទ្ធភាព ក្នុង​សំណុំ​រឿង​បៀតបៀន​​និងការប្រើប្រាស់​អំពើ​ហឹង្សា​លើ​ស្ត្រី​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពី​​ក្រុមយុវជនមួយក្រុម​បាន​​ឈរ​កាន់​បដា​និង​ដាក់​ញត្តិទៅ​ក្រសួង​កិច្ចការ​នារី សុំ​អន្តរាគមន៍​ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ស្ត្រី​ជានិយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

ក្រុមយុវជនមួយក្រុមបានឈរកាន់បដានិងដាក់ញត្តិទៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍ករណីអាជ្ញាធរប្រើហិង្សាលើស្ត្រីជានិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមយុវជនមួយក្រុមបានឈរកាន់បដានិងដាក់ញត្តិទៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍ករណីអាជ្ញាធរប្រើហិង្សាលើស្ត្រីជានិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ © CCHR
ផ្សាយពាណិជ្ជកម្ម

ក្រសួងកិច្ចការនារីនៅថ្ងៃទី​២៦សីហា បានចេញសេចក្តីថ្លែងការណ៍ច្រានចោលនិងបដិសេធ​ដាច់អហង្ការ​លើការចោទប្រកាន់​​មកក្រសួង​កិច្ចការនារី ក៏ដូចជា​អាជ្ញាធរមានសមត្ថកិច្ចថា ពុំបានបំពេញតួនាទីដោះស្រាយ​ សំណុំរឿងបៀតបៀន​​និងការប្រើប្រាស់អំពើហឹង្សាលើស្ត្រីកូដករក្រុមហ៊ុនណាហ្គាវើល​ដ៍។ ដោយបន្តថា ការលើកឡើងទាំងអស់នោះ គឺ​ជា​ការចោទប្រកាន់ គ្មានភស្តុ​តាង​និងមូលហេតុច្បាស់លាស់ ដើម្បីបំផ្លាញសេចក្តីថ្លែថ្នូររបស់​ក្រសួង​​និងអាជ្ញាធរតែប៉ុណ្ណោះ​។ ​

កាលពីថ្ងៃទី​២៥សីហាថ្មីៗនេះ ក្រុមយុវជន​ខ្មែរថាវរៈ​​ បាន​ជួបជុំគ្នាដាក់ញត្តិ​ថ្មី និងតាមដានញត្តិចាស់​ដែលបានដាក់ទៅក្រសួងកិច្ចការនារីកាលពីថ្ងៃទី​៤មេសា ស្នើឱ្យ​ចាត់វិធានការតាមផ្លូវច្បាប់​ចំពោះអាជ្ញាធរដែលបាន​ប្រើហិង្សាលើកូដករដែលជាស្ត្រីនៅ​​ណាហ្គា។ ការប្រមូលផ្តុំគ្នានេះ ត្រូវបាន​ក្រសួងកិច្ចការនារីហៅថាជា ការសំដែង​ឈុតឆាក។ ​ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងកិច្ចការនារី​បានថែមទាំង​អះអាងពីភាពសកម្មរបស់​ខ្លួន ក្នុងការលើកកម្ពស់ស្ត្រី​និងការពារ​សិទ្ធិ​​ស្ត្រី ដោយគ្មានសោះ​ការរើសអើង​​នយោបាយ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកក្រុមហ៊ុនណាហ្គា បានប្រាប់វិទ្យុបារាំងrfi ​នៅថ្ងៃ​ទី​២៧ខែសីហាថា ក្នុងការ​ការពារសិទ្ធិស្ត្រីកូដករណាហ្គា​ដែលធ្លាប់ប៉ះទង្គិចជាមួយសមត្ថកិច្ច​កន្លងមក ក្រសួងកិច្ចការនារី គ្មានចំណាត់សោះ ដែល​ពុំអាចហៅត្រឹម​ថា យឺតយ៉ាវ នោះ​ទេ។ ប្រធានសហជីពរូបនេះបានបញ្ជាក់ថា ចាប់តាំងពី​ក្រុមកម្មករនយោជិក​ចាប់ចេញធ្វើ​បាតុកម្មចាប់ពីចុងឆ្នាំមុនមក ក្រសួងកិច្ចការនារីមិនដែលសួរនាំសូម្បីតែមួយពាក្យ និងជំនួបណាមួយសោះ​។ និងសូម្បីតែលោកស្រីផ្ទាល់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក៏ដោយចុះ។ ​​

គួរជ្រាបថា តាម​រូបភាពប្រព័ន្ធផ្សព្វផ្សាយ​​អំពីការប៉ះទង្គិច​រវាងកម្មករនយោជិតក្រុមហ៊ុនណាហ្គាដ៍ជាមួយអាជ្ញាធរកន្លងមក បាន​បង្ហាញពី​ការ​ចាប់បញ្ចូលស្ត្រីទាំងនោះចូលក្នុងរថយន្ត​ក្រុង ការចាប់រុញច្រាន និងប្រតាយប្រតប់គ្នា​​​នាំឱ្យមានរបួសស្នាម​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ