អានតួអត្ថបទ
កម្ពុជា-សង្គម

ជនរងគ្រោះជិត៩០០នាក់ត្រូវបានជួយសង្គ្រោះពីអំពើជួញដូរមនុស្សនៅឆ្នាំនេះ

ក្នុង​រយៈ​ពេល​៨​ខែ​ឆ្នាំ​២០២២​នេះ គឺ​មាន​ជន​រងគ្រោះ​ជិត​៩០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អំពើ​ជួញដូរមនុស្ស​ខុស​ច្បាប់ ខណៈ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ជាង​៨០នាក់។ បើ​តាម​ក្រសួង​មហាផ្ទៃ ជន​រង​គ្រោះ​ទាំង​នោះ ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ការ​ជួញដូរ ឬ​ផ្ទេរ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុម​មួយ​ទៀត ដែលមានមេក្លោង​នៅប្រទេសរបស់ខ្លួន និងនៅកម្ពុជា ក្រោមការសន្យាផ្តល់ការងារ​ដែល​មានប្រាក់ខែខ្ពស់។

រូបតំណាង
រូបតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​អំពាវ​នាវ​របស់​ប្រធាន​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​ថ្ងៃទី​២៦សីហា លោក ស ខេង បានគូសបញ្ជាក់ថា គិតពី​ថ្ងៃ​ទី១​មករា​ដល់​ថ្ងៃទី​២០​សីហា​គឺ​មាន​ជន​រង​គ្រោះ៨៦៥នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ជួយ​សង្គ្រោះ នៃ​សំណុំ​រឿង​៨៧ករណី ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ៦០នាក់។ លើសពីនេះ​នៅ​សប្តាហ៍​ទី​៤​ខែ​សីហា​នេះ​អាជ្ញាធរ​កម្ពុជា​បាន​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះជនរងគ្រោះ​សរុប​២៥នាក់​នៃសំណុំរឿង​៧ករណី​ និងឃាត់​ខ្លួន​ជន​សង្ស័យ​២៣នាក់។

ក្រុមជនរងគ្រោះទាំងនោះដែលសុទ្ធសឹងជាជនបរទេសមួយចំនួនធំ ត្រូវបានជនឧក្រិដ្ឋ​ដែលមាន​មេក្លោង​នៅប្រទេស​របស់ខ្លួន និង​មានបក្សពួកនៅកម្ពុជា​ប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គម​ ធ្វើ​ការ​ឆបោក​ឲ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ចូល​មកម្ពុជា ក្រោម​ការ​សន្យា​ផ្តល់​ការងារ​ដែលមាន​ប្រាក់​ខែ​ខ្ពស់។ ប៉ុន្តែជាក់​ស្តែងជនទាំងនោះ​ត្រូវបានចាត់​ឲ្យបម្រើការងារ​ល្បែង​ស៊ីសងអនឡាញខុស​ច្បាប់​ ហើយ​បានក្លាយ​ជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយ​ត្រូវបាន​ក្រុម​ជនឧក្រិដ្ឋ​ជួញដូរ ឬផ្ទេរពីក្រុម​ហ៊ុន​មួយ​ទៅ​ក្រុម​ហ៊ុន​មួយទៀត​ ដោយពុំមានការព្រមព្រៀង​ពីសាមីខ្លួនឡើយ។ ជាមួយគ្នានោះ ក៏មានករណីខ្លះ​ទៀត ត្រូវរង​អំពើ​ហិង្សា​ និង​ការគំរាមកំហែង​ផ្សេងៗ​ ប្រសិន​បើ​មិនអនុវត្ត​តាម​ការ​បង្គាប់បញ្ជាពីក្រុម​ឧក្រិដ្ឋជន។ នេះបើតាមគណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស។

នៅចំពោះមុខនេះ លោក ស ខេង អះអាងថា កម្ពុជា​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​អនុវត្តន៍ច្បាប់​ ដើម្បី​ប្រយុទ្ធប្រឆាំងអំពើ​ឆបោក  ជំរិតទារប្រាក់តាម​ប្រព័ន្ធបច្ចេក​វិទ្យា​ បទល្មើសគ្រឿងញៀន និង​សំអាត​ប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមជួយគាំពារជនរងគ្រោះ​ទាំងពលរដ្ឋកម្ពុជា និងជនបរទេសផងដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ