អានតួអត្ថបទ
កម្ពុជា-សង្គម

ទូតម៉ាឡេស៊ី៖ ជនជាតិម៉ាឡេស៊ីមួយចំនួនបដិសេធការជួយសង្រ្គោះ ឬមិនចង់ចាកចេញពីកម្ពុជា

ជនជាតិម៉ាឡេស៊ីច្រើនជាង ១០០នាក់ ដែលរងគ្រោះដោយក្រុមឆបោក​ការងារ​ នៅកម្ពុជានោះ ត្រូវបានជួយសង្រ្គោះដោយសា្ថនទូតម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១៨មក។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងត្រូវបានចុះផ្សាយ ដោយសារព័ត៌មានម៉ាឡេស៊ី​ កាលពីថ្ងៃទី០៤ ខែកញ្ញា។ ក៏មានជនជាតិម៉ាឡេស៊ីមួយចំនួនបដិសេធការជួយសង្រ្គោះ និងមិនចង់ចាកចេញពីកម្ពុជា។

ជនជាតិម៉ាឡេស៊ីច្រើនជាង ១០០នាក់ ដែលរងគ្រោះដោយក្រុមឆបោកការងារ នៅកម្ពុជា
ជនជាតិម៉ាឡេស៊ីច្រើនជាង ១០០នាក់ ដែលរងគ្រោះដោយក្រុមឆបោកការងារ នៅកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានលើកឡើងថាជនជាតិម៉ាឡេស៊ីច្រើនជាង ១០០នាក់ ដែលរងគ្រោះដោយសារក្រុមឆបោក នៅកម្ពុជានោះ ត្រូវបានជួយសង្រ្គោះដោយសា្ថនទូតម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១៨មក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលនៅថ្ងៃទី០៤ ខែកញ្ញា។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកឡើងថា ក៏មានជនជាតិម៉ាឡេស៊ីមួយចំនួនបានបដិសេធមិនទទួលយកការជួយសង្គ្រោះ ឬចាកចេញពីប្រទេសកម្ពុជាទៅម៉ាឡេស៊ីទេ ដោយសារពួកគេទាំងនោះបានរត់គេចពីផ្ទះ។ លោកបន្តថា ពួកគេទាំងនោះ​មិនចង់ប្រាប់គ្រួសារពីរឿងពិត ដែលពួកគេបានជួបទេ។

នៅពេល​ដែលឪពុក​ម្តាយ​របស់ពួកគេមិន​ដឹងថាត្រូវធ្វើ​ដូចម្តេច ​នោះក៏ឈានដល់ការ​ប្រឌិតរឿង​ដែលថា ​កូនរបស់ពួកគាត់ត្រូវបាន​ចាប់​ពង្រត់​ទៅ​ធ្វើ​ការ ប៉ុន្តែនៅពេលស្ថានទូតទៅជួយ ​ ជនជាតិម៉ាឡេស៊ីទាំងនោះ​ប្រាប់​ថា​មិន​ចង់​ត្រឡប់​ទៅ​វិញ​ទេ។ នេះបើតាមលោក Eldeen។

លោក​បាន​សង្កត់​ធ្ងន់​ថា ស្ថានទូត​មិន​អាច​គ្រាន់​តែ​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​ចេញ​ភ្លាម​ៗ ​ក្រោយពី​ការ​ជួយ​សង្គ្រោះ​នោះ​ទេ ព្រោះ​មាន​នីតិវិធី​ដែល​ត្រូវ​អនុវត្ត។ អ្នកដែលបានបំពានច្បាប់អន្តោប្រវេសន៍កម្ពុជា តម្រូវឱ្យជាប់ទោស មុនពេលពួកគេអាចចាកចេញពីប្រទេស ប៉ុន្តែស្ថានទូតម៉ាឡេស៊ីនឹងធ្វើអន្តរាគមន៍នៅពេលករណីនេះកើតឡើង។ នេះបើតាមអគ្គរដ្ឋទូតម៉ាឡេស៊ី។

គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ នេះបើតាមលិខិតមួយរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា។

ក្រសួងមហាផ្ទៃកម្ពុជាក៏រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ ក្រោមការសន្យារផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងតាមរយៈសារតេឡេក្រាមនៅថ្ងៃទី០៥ ខែសីហា ថាកន្លងមក ក្រសួងការបរទេសទទួលបានសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេស​មួយចំនួន ហើយតែងតែសម្របសម្រួល បញ្ជូនសំណើទាំងនោះទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍។

លោកបន្តថា ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ