អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងមហាផ្ទៃ៖ ជិតមួយខែទទួលបាន១១៧បណ្ដឹងពាក់ព័ន្ធការបង្ខាំងមនុស្ស និងការជួញដូរពលកម្ម

ពាក្យបណ្ដឹងសុំអន្តរាគមន៍សង្គ្រោះជនបរទេស ដែលត្រូវបានបង្ខាំង និងជួញដូរកម្លាំងពលកម្ម សរុបចំនួន១១៧ ត្រូវបានផ្ញើចូលគណនីហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង  ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី៥កញ្ញា ឆ្នាំ២០២២។  ការទទួលបានពាក្យបណ្ដឹងជាបន្តបន្ទាប់នេះ ខណៈក្រសួងមហាផ្ទៃ ក៏បើកប្រតិបត្តិការទ្រង់ទ្រាយធំស្រាវជ្រាវ ការស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា ក្រោមតម្រុយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។  

ជនបរទេស ដែលត្រូវបានបង្ខាំង និងជួញដូរកម្លាំងពលកម្ម
ជនបរទេស ដែលត្រូវបានបង្ខាំង និងជួញដូរកម្លាំងពលកម្ម © FB/Samdech Krolahom Sar Kheng
ផ្សាយពាណិជ្ជកម្ម

ត្រឹមថ្ងៃទី៥កញ្ញាឆ្នាំ២០២២ គណនីហ្វេសប៊ុកមួយ ក្នុងចំណោមគណនី និងប្រព័ន្ធ Hotline​ចំនួន៤ ដែលបើកទទួលពាក្យបណ្ដឹងពីពលរដ្ឋ ទទួលបានបណ្ដឹងសុំអន្តរាគមន៍ចំនួន១១៧បណ្ដឹង ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ។ បណ្តឹងទាំង១១៧នោះ គឺពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថាត្រូវបានបង្ខាំង និងជួញដូរកម្លាំងពលកម្ម ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងមហាផ្ទៃ ដោយគិតចាប់តាំងពីថ្ងៃ១៨សីហាមក។

ក្នុងប្រទេសកម្ពុជា អំពើបង្ខាំង និងជួញដូរកម្លាំងពលកម្ម ភាគច្រើនកើតមាននៅតាមក្រុមហ៊ុនល្បែងស៊ីសង​ ឬកាស៊ីណូ ខណៈជនរងគ្រោះភាគច្រើន ជាជនជាតិវៀតណាម និងម៉ាឡេស៊ី។ យោងតាមការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ ជនបរទេសមួយចំនួនធំ បានចូលមកកម្ពុជាដោយខុសច្បាប់ តាមរយៈមេក្លោងនៅប្រទេសរបស់គេ និងបក្សពួកនៅកម្ពុជា ដោយសន្យាផ្ដល់ការងារប្រាក់ខែខ្ពស់។ ក្រោយមក ពួកគេត្រូវបានគំរាមកំហែងក្រោមរូបភាពផ្សេងៗ ធ្វើការលើសកម្លាំងពលកម្ម ដោយមិនទទួលបានប្រាក់ខែ និងត្រូវបានផ្ទេរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត។

កាលពីថ្ងៃទី១៨ ខែសីហា ជនជាតិវៀតណាម ៤០នាក់ បានរត់គេច ចេញពីកាស៊ីណូមួយកន្លែង ដែលស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយហែលទឹកទៅប្រទេសវៀតណាមវិញ។ ក្នុងនោះ មានជនជាតិវៀតណាមម្នាក់ ក្នុងចំណោមពួកគេ បានលង់ទឹកស្លាប់។ ដោយឡែក គិតត្រឹមដើមខែកញ្ញានេះ មានជនជាតិវៀតណាមដល់ទៅជាង៦០០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម សហការបញ្ជូនទៅប្រទេសវិញ ខណៈមន្ត្រីក្រសួងការបរទេសវៀតណាម នៅថ្ងៃទី៦កញ្ញា បានស្នើការសហការជាមួយអា​ជ្ញាធរកម្ពុជា ក្នុងការជួយសង្គ្រោះ ពលរដ្ឋខ្លួន ដែលត្រូវបានជួញដូរដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា​។

គួរជម្រាបថា នៅក្នុងសប្ដាហ៍ទី៤ ខែសីហានេះ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនជនសង្ស័យចំនួន២៣នាក់ ខណៈរំដោះជនរងគ្រោះ ២៥នាក់ នៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តព្រះសីហនុ ពោធិ៍សាត់ ស្វាយរៀង និងឧត្តរមានជ័យ។ ក្រៅពីនេះ ក្នុងពេល៨ខែឆ្នាំ២០២២ អាជ្ញាធរកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេស ប្រមាណ ៨៦៥នាក់ ដោយក្នុងនោះបានលើកលែងការផាកពិន័យផ្សេងៗ ពាក់ព័ន្ធនឹង ស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ