អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងការបរទេស៖ បញ្ហាជួញដូរមនុស្សនៅកម្ពុជាមិនទាន់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​នៅ​ថ្ងៃ​ទី​៩កញ្ញា​ម្សិលមិញ​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ចំពោះ​ការ​លើក​ឡើងថា បញ្ហា​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ ក្រោម​រូបភាព​ធ្វើ​ការងារ​ខុស​ច្បាប់​របស់​ជន​បរទេស កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​និង​កាន់​តែ​អាក្រក់​ទៅ។ ​លោក ជុំ សន្ទរី​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស បានច្រានចោល​ចំពោះ​ការ​លើក​ឡើង​ទាំង​នោះ ដែល​ថា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​។

ក្រសួងការបរទេសថា បញ្ហាជួញដូរមនុស្សនៅកម្ពុជាមិនទាន់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ
ក្រសួងការបរទេសថា បញ្ហាជួញដូរមនុស្សនៅកម្ពុជាមិនទាន់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ © សហការី
ផ្សាយពាណិជ្ជកម្ម

«ករណី​ជន​បរទេស​ដែល​ត្រូវ​បាន​គេ​បោកបញ្ឆោត​យក​មក​ធ្វើ​ការ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាន់​តែមាន​ស្ថានភាព​ធ្ងន់ធ្ងរ​និង​កាន់តែ​អាក្រក់​ទៅ»។ ការ​លើកឡើង​ដូច្នោះ ចំពោះ​ក្រសួង​ការបរទេស​កម្ពុជា​គឺជា​ការ​បំប៉ោង​ទំហំ​បញ្ហា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា ក៏​ដូចជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​​ដើម្បី​ជួយ​សង្គ្រោះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ស្វិតស្វាញ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

នៅក្នុង​សេចក្តី​បំភ្លឺ​កម្រាស់​៤ទំព័រ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​ការ​បរទេស​បានយក​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន ដើម្បី​បង្ហាញ​ថា​ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​ប្រទេសកម្ពុជា​មិន​អាក្រក់​ដូច​ការ​លើកឡើង។ ក្នុង​នោះ​មាន​ដូចជា ​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​នៅ​ត្រឹម​ចុងខែ​សីហា​ រក​ឃើញ​ចំនួន​ត្រឹម​១៩​ករណី ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ជាង ​១០០​ពាក្យ​បណ្តឹង​ ដែល​ពាក់ព័ន្ធនឹង​ការ​បង្ខាំង​និង​ជំរិត​ទារ​ប្រាក់ នៅ​សល់​ពី​នោះ ជា​ករណី​វិវាទ​ការងារ​រវាង​ថៅ​កែ​និង​កម្មករ​។

ក្រសួង​ការ​បរទេស​ក៏​បាន​លើក​យក​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ម៉ាឡេស៊ី ដែល​ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំកម្ពុជា គូស​បញ្ជាក់​ថា មាន​ពលរដ្ឋ​ម៉ាឡេស៊ី​បដិសេធ​ចាកចេញ​ពី​ប្រទេសកម្ពុជា​ឬ​មិន​ទទួល​ការ​ជួយ​សង្គ្រោះ ដោយសារ​បញ្ហា​ផ្ទាល់ខ្លួន​នៅ​ប្រទេស​ស្រុក​កំណើត។ មាន​ករណី​ខ្លះ ត្រូវ​បាន​ធ្វើ​ការ​រាយការណ៍​ពី​ឪពុក​ម្តាយ​ប្រាក​ចាក​ពី​ការ​ពិត​ថា កូន​របស់​ខ្លួន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ដើម។ ល ។

នៅក្នុងសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា កម្ពុជាគ្មានសូម្បី១ករណី ដែលក្រុម​ជួញដូរមនុស្ស​ ធ្វើការ​វះយក​សរីរាង្គខាងក្នុងនិងការលក់ផ្នែក​រាងកាយមនុស្សយកទៅលក់នៅក្នុងដែនដីកម្ពុជា​។ ការលើកឡើងទាំងនោះគឺជាការបម្រើប្រយោជន៍​របស់ជនរងគ្រោះក្លែងក្លាយតែប៉ុណ្ណោះ។ នេះបើតាមក្រសួងការបរទេស​។

គួរជ្រាបថា ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​កំពុង​ក្លាយ​ជា​ប្រធាន​បទដ៏​ក្តៅ​និង​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​ឃ្លាំ​មើល​របស់​សហគមន៍​អន្តរជាតិ​​ បន្ទាប់​ពី​កម្ពុជា​ត្រូវ​បាន​អាមេរិក​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃសកម្មភាព​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២។ នៅ​កម្ពុជា ករណី​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​រក​ឃើញ​កន្លង​មក មាន​អំពើ​បង្ខាំង និងជួញដូរ​កម្លាំង​ពលកម្ម ភាគច្រើន​កើតមាន​នៅតាម​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ ឬ​កាស៊ីណូ ខណៈ​ជន​រងគ្រោះ​ភាគច្រើន ជា​ជន​ជាតិ​វៀតណាម និង​ម៉ាឡេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ