អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងទេសចរណ៍ដាក់ក្តីរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសជាង២លាននាក់ក្នុងឆ្នាំ២០២២

ក្រសួង​ទេសចរណ៍​បាន​ដាក់​ក្តី​រំពឹង​ទុក​ថា​ ឆ្នាំ​២០២២​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវទេសចរបរទេស​មក​កម្សាន្ត ក្នុង​ចន្លោះ​ពី​១លាន​៥សែន​នាក់ ទៅ​២លាននាក់។ ក្តី​រំពឹង​ជា​ថ្មី​នេះ ​គឺ​ដោយដ្បិត​ថា​ កម្ពុជា​កំពុង​ងើប​ចេញ​ពី​វិបត្តិ​កូវីដ​១៩ និង​បើក​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ឡើង​វិញ ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍ដែល​រង​ផល​ប៉ះពាល់។

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប
ប្រាសាទអង្គរវត្ត ខេត្តសៀមរាប © សហការី
ផ្សាយពាណិជ្ជកម្ម

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បាន​អះអាង​ថា នៅ​ឆ្នាំ​២០២២ កម្ពុជា​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ក្នុង​រង្វង់​ជាង​២​លាននាក់ មក​ដើរ​លេង​កម្សាន្ត។ ការ​អះអាង​យ៉ាងដូច្នេះ ​គឺ​ព្រោះ​តែ​កំណើន​ភ្ញៀវទេសចរ​បរទេស​ក្នុង​រយៈ​ពេល​៨ខែ​មក​នេះ មាន​ការ​កើនឡើង​គួរកត់​សម្គាល់។ តាម​លោក ថោង ខុន គឺ​ ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​សរុប ៩៩៨ ២៧២នាក់ កើនឡើង ៧២០% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ដែល​ជា​ឆ្នាំនៃ​ការ​រាលដាល​ជំងឺ​កូវីដ១៩។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភាគច្រើននៃភ្ញៀវទេសចរបរទេស គឺមកពី វៀតណាម ថៃ ចិន អាមេរិក បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ឡាវ អង់គ្លេសជាដើម។

គួរជម្រាបថា​ វិស័យ​ទេសចរណ៍​ជាវិ​ស័យ​រងផល​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ជាសកល។ សម្រាប់​កម្ពុជា គឺសណ្ឋាគារ រមណីយដ្ឋាន មួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ ព្រោះមិនមានភ្ញៀវទេសចរបរទេសម​កលេងកម្សាន្ត។

ផែនការស្តារទេសចរណ៍ចុងក្រោយបង្អស់ គឺរដ្ឋាភិបាលសម្រេចជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ ឆ្នាំ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ។

គម្រោងនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ថា នឹងផ្ដល់ផលចំណេញដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្សព្វផ្សាយកម្ពុជាទៅពិភពលោក។ លោក ហូ វណ្ឌី  ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា អះអាងថា ​​ជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ ឆ្នាំទាំងនោះ នឹងនាំសាច់ញាតិ គ្រួសារ មិត្តភក្តិរបស់ពួកគេ មកកម្សាន្តនៅកម្ពុជា ដែលនឹងផ្ដល់ចំណូលដល់ពលរដ្ឋកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ